(តួកគី)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលមានមនុស្សចំនួន១៦២នាក់ ជិះនៅលើនោះស្ទើរតែធ្លាក់ចូលទៅក្នុងទឹកសមុទ្រ បន្ទាប់ពីបានបើកធ្លាក់ពីលើផ្លូវយន្តហោះចុះឡើង, នេះបើយោងតាមសារព័ត៌មានស៊ីនហួរ ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ។
ជើងហោះហើរលេខ PC8622 បានធ្វើការចុះចត នៅអាកាសយាន្តដ្ឋាន Trabzon ប្រទេសតួកគី នៅពេលដែលវាបានរអិលធ្លាក់ពីលើផ្លូវ ដែលមានទៅដោយព្រិលទឹកកក។
ជាភ័ព្វសំណាងយន្តហោះប្រភេទ Boeing 737-8000 ដែលផ្ទុកដោយមនុស្ស១៦២នាក់នោះ គឺកង់របស់វាត្រូវបានទាក់ជាប់ នៅក្នុងភក់ទឹកក ដែលបានបញ្ឈប់វាឲ្យជាប់នៅច្រាំង មិនឲ្យធ្លាក់ចូលទៅក្នុងសមុទ្រ Black Sea។ ម៉ាស៊ីនរ៉េអាក់ទ័រ ផ្នែកខាងឆ្វេងរបស់យន្តហោះ បានបាក់ចេញពីស្លាបរបស់យន្តហោះ នៅអំឡុងពេលជួបគ្រោះថ្នាក់។
មិនមានអ្នកណាម្នាក់ទទួលរងរបួសនោះទេ ទាំងក្រុមអ្នកធ្វើដំណើរ និងសហសេវិកយន្តហោះ ដោយក្រោយគ្រោះថ្នាក់កើតឡើងភ្លាមៗ ពួកគេត្រូវបានជម្លៀសចេញ ទៅកាន់ទីមានសុវត្ថិភាព។
បើតាមភ្នាក់ងារសារព័ត៌មានរដ្ឋរបស់តួកគី ឈ្មោះ Anadolu បានឲ្យដឹងថា ភាពស្លន់ស្លោរបានកើតមានឡើង នៅលើយន្តហោះ ខណៈយន្តហោះបានរអិល មិនអាចគ្រប់គ្រងបាន។ ក្រោយហេតុការណ៍កើតឡើងភ្លាមៗ អាកាសយាន្តដ្ឋាន Trabzon ត្រូវបានបិទ ជាមួយនឹងជើងហោះហើរទាំងអស់ ត្រូវបានពន្យារពេល ឬក៏លុបចោល ប៉ុន្តែរហូតមកដល់ពេលនេះ អាកាសយាន្តដ្ឋាន បានបើកដំណើរវិញហើយ៕
0 comments