(អាមេរិក)៖ សេចក្តីព្រមានអំពីរលកយក្សស៊ូណាមិញ ត្រូវបានធ្វើឡើងជាបន្ទាន់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ដល់ទៅ ៨.០រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រនៃរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស BBC នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
បើតាមប្រភពព័ត៌មានបរទេស ហេតុការណ៍រញ្ជួយផែនដីកម្រិតអាច ៨.០ ឬក៏ ៨.១រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ២៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃតំបន់ Chiniak នៃកោះ Kodiak ភាគខាងត្បូងរដ្ឋអាឡាស្កា (Alaska)។ ភ្លាមៗក្រោយគ្រោះរញ្ជួយផែនដី ដ៏កក្រើកនេះ បើតាមទីភ្នាក់ឃ្លាំមើលស៊ូណាមិអាមេរិក សារប្រកាសអាសន្នពីរលកយក្ស ក៏ត្រូវបានដាក់ចេញជាបន្ទាន់ សម្រាប់តំបន់ឆ្នេរមួយចំនួននៃរដ្ឋ Alaska ព្រមទាំងខេត្ត British Columbia របស់កាណាដា។
គួរជម្រាបផងដែរថា នាខណៈពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីការបំផ្លិចបំផ្លាញ ឬមួយក៏មនុស្សរងគ្រោះដោយសារហេតុការណ៍ខាងលើនេះ នៅឡើយទេ៕
0 comments