Tuesday, January 30, 2018

សិទ្ធិមនុស្សពិតនៅឯណា...? ហើយនរណាជាម្ចាស់សិទ្ធិមនុស្ស


ទោះបីបច្ចុប្បន្ននេះ ពាក្យ "សិទ្ធិមនុស្ស" ត្រូវបាន "អ្នកប្រកបរបររកស៊ី" ជាមន្ត្រីក្នុងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ក៏ដូចជា ប្រទេសដែលធ្វើឫកខ្លួនជា "ថៅកែសិទ្ធិមនុស្សពិភពលោក" បន្លឺសម្លេងយ៉ាងទ្រហឹងអឹងកងនៅកម្ពុជា ក៏ដោយ ក៏ប្រជាជនកម្ពុជា នៅតែមិនភ្លេចសោះឡើយនូវសច្ចៈភាពប្រវត្តិសាស្ត្ររបស់ប្រជាជាតិយើង ក្នុងទុក្ខលំបាកវេទនាក្រោមរបបឃោរឃៅយង់ឃ្នងអមនុស្សធម៌ ដែលកាលណោះ គ្មានឮនរណាម្នាក់ ឬអង្គការណាមួយស្រែកទាមទារឲ្យរដ្ឋាភិបាល
"កម្ពុជាប្រជាធិបតេយ្យ" ដឹកនាំដោយប៉ុល ពត/នួន ជា/ខៀវ សំផន គោរព "សិទ្ធិមនុស្ស" អនុលោមតាមសេចក្តីប្រកាសរួមស្តីពីសិទ្ធិមនុស្សជាសកលរបស់ UN បន្តិចសោះឡើយ។ រិតតែឈឺចាប់ ថែមទៀតនោះ គឺសហរដ្ឋអាមេរិក និងប្លុកលោកខាងលិច បានប្រមាថជីវិតប្រជាជាតិខ្មែរយើង ដោយគាំទ្រឲ្យរបបប្រល័យពូជសាសន៍ បន្តអង្គុយកៅអីអង្គការសហប្រជាជាតិ និងផ្គត់ផ្គង់គ្រប់បែប យ៉ាងដល់មេឃាតករប្រឡាក់ឈាម ឲ្យវិលត្រឡប់មកកាន់អំណាចវិញ។
សច្ចៈភាពប្រវត្តិសាស្ត្រ ក៏បានបង្ហាញឲ្យដឺងដែរថា កូនជនក្បត់ជាតិ គឺលោក សម រង្ស៊ី ធ្លាប់បានចូលរួមក្នុងចលនារបស់ «រដ្ឋាភិបាលត្រីភាគីនីរទេស "កម្ពុជាប្រជាធិបតេយ្យ"» នៅទសវត្សរិ៍ទី៨០ ហើយបើទោះបីជាក្បាលម៉ាស៊ីននៃចលនា ឩទ្ទាមនេះ ត្រូវបានរលំរលាយទាំងស្រុង ចូលជិតម្ភៃឆ្នាំទៅហើយក្តី ហើយកម្ពុជា មានសន្តិភាព ផ្អែកលើគោលនយោបាយផ្សះផ្សាបង្រួបបង្រួមជាតិ បែរជាឥឡូវនេះ លោក សម រង្ស៊ី នៅតែមិនទាន់អស់ចិត្តទៀត ដោយខំព្យាយាមចិញ្ចឹមចិត្តចងគំនុំនឹងវិធានការណ៍ "ក៥" ដែលជាយុទ្ធវិធីទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ក្នុងសម័យសង្គ្រាមស៊ីវិល។ ជំហប្រឆាំងនឹងជីវិតប្រជាជនកម្ពុជាបែបនេះហើយ បានជាលោក សម រង្ស៊ី មិនដែលហ៊ានប្រើពាក្យចោទប្រកាន់រដ្ឋាភិបាលរបស់ប៉ុល ពត/នួន ជា/ខៀវ សំផន ថារំលោភសិទ្ធិមនុស្សទេ បែរជាលាបពណ៌ទម្លាក់ទៅវៀតណាម និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាអ្នករំដោះជីវិតប្រជាជនទៅវិញ។
បច្ចប្បន្នភាពពិភពលោក បានបង្ហាញកាន់តែច្បាស់ណាស់ថា អង្គការសហប្រជាជាតិ កំពុងតែបរាជ័យក្នុងបរិបទសិទ្ធិមនុស្ស ដោយសារតែស្ថិតក្រោមចំណុះផ្តាច់មុខរបស់សហរដ្ឋអាមេរិកដែលរដ្ឋការមុនៗនៃក្រុងវ៉ាស៊ីនតោន បានយកពាក្យសិទ្ធិមនុស្សប្រើជាឧបករណ៍សម្រាប់លូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃ។ ព្រោះតែសហរដ្ឋអាមេរិក ជា "ថៅកែសិទ្ធិមនុស្សពិភពលោក" ឬ បានជាអ្វីដែលសហរដ្ឋអាមេរិកបង្កើតឲ្យមានវិនាសកម្មជុំវិញពិភពលោក បែរជាអង្គការសហប្រជាជាតិ មិនហ៊ានចោទថា "រំលោភសិទ្ធិមនុស្ស" មួយម៉ាត់សោះនោះ ...?!
ខណៈដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីមិនទាន់គ្រប់ដប់ថ្ងៃផង គោលនយោបាយថ្មីលើបរិបទជនភៀសខ្លួន និងវិធានការណ៍ហាមប្រាមពលរដ្ឋមកពីប្រទេសអ៊ីស្លាមចំនួន៧ ចូលទឹកដីអាមេរិក ក៏អង្គការសិទ្ធិមនុស្សរបស់ UN ពុំមានប្រតិកម្មអ្វីដែរ! សូម្បីតែនាយករដ្ឋមន្ត្រីអង់គ្លេស មិនយល់ស្របតាមអាមេរិក ក៏ដោយ តែក៏មិនហ៊ានរិះគន់ និងថ្កោលទោសជុំវិញបញ្ហាដ៏រសើបនេះដែរ មិនតែប៉ុណ្ណោះ គាត់អះអាងថា នេះជាសិទ្ធិអំណាចរបស់រដ្ឋាភិបាលអាមេរិក។
តើអំណះអំណាងនេះ មានន័យទទួលស្គាល់ថា ម្ចាស់សិទ្ធិមនុស្សសំដៅលើអធិបតេយ្យភាពនៃប្រទេសនីមួយៗឬ? ចុះម៉េចបានជាមិនទទួលស្គាល់កម្ពុជា ជាម្ចាស់សិទ្ធិមនុស្សក្នុងដែនអធិបតេយ្យភាពផងដែរ?
លោក ដូណាល់ ត្រាំ បានប្រកាន់ជំហ "American first" ចុុះកម្ពុជា អាចនិយាយបានដែរទេថា "Cambodian first"?
លោក ដូណាល់ ត្រាំ ប្រកាសថា នឹងកាត់បន្ថយការចំណាយលើអង្គការសហប្រជាជាតិ ព្រមទាំងលែងផ្តល់ថវិកាដល់អង្គការ និងភ្នាក់ងារបរទេសធ្វើការនៅប្រទេសណាដែលមិនបម្រើឲ្យផលប្រយោជន៍អាមេរិកាំង។
ម៉្យាងវិញទៀត ជាការប្រតិកម្មតបនឹងការរិះគន់របស់លោក ដូណាល់ ត្រាំ មកលើសហភាពអឺរ៉ុប ត្រូវបានលោកស្រីអធិការបតីអាល្លឺម៉ង់ និងលោកប្រធានាធិបតីបារាំង សម្តែងពីមោទនភាពអឺរ៉ុប ដោយមិនត្រូវការដំបូន្មានពីប្រទេសដទៃឡើយ។ ប៉ុន្តែ កន្លងមកសហភាពអឺរ៉ុបនេះ ក៏ចំណាប់ខាងដើរប្រដៅប្រទេសដទៃមិនណយប៉ុន្មានដែរ។ បានសេចក្តីថា ដើរប្រដៅគេបាន តែដល់គេរិះគន់វិញ អត់បាន។ នេះជាការបង្ហាញ "ការពិត" ថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទោះនៅទីណាក៏ដោយ គឺប្រទេសនីមួយៗជាម្ចាស់។
ដូច្នេះសម្រាប់អង្គការសិទ្ធិមនុស្សនៅកម្ពុជា ល្មមដល់ពេលគួរដឹងខ្លួនហើយ! អ្នកគួរតែខ្មាស់អៀនចំពោះការតាំងខ្លួនឯងជា "អ្នកការពារសិទ្ធិមនុស្ស" ដើម្បីបំភ័ន្តប្រជាជនកម្ពុជា។ ឯការពិត "អ្នក គឺជាភ្នាក់ងារបរទេសដែលត្រូវបម្រើផលប្រយោជន៍ប្រទេសម្ចាស់លុយ"។ អ្នកគួរតែឈប់វង្វេង ដោយសារតែ "ដុល្លារលាងខួរ" ចំពោះការដើរតួជាភ្នាក់ងារបរទេស បំពានអធិបតេយ្យភាពជាតិ!






Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...