(ភ្នំពេញ) ៖ ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ៨ជាគោលដៅទេសចរណ៍លើពិភពលោកក្នុងឆ្នាំ២០១៧ កន្លងទៅនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។
បើតាមអាជ្ញាធរអប្សរា បានឲ្យដឹងថា ក្រោយការចូលរួមបោះឆ្នោត ពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ Trip Advisor បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ៨ ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧ កន្លងទៅនេះ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ទៀតថា នេះគឺជាឆ្នាំទី៤ហើយ ដែលប្រាសាទអង្គរវត្ត ត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា។ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រទាំងអស់លើពិភពលោក មកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។
បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦កន្លងទៅអង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយនិងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ទៀតថា នេះជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូលដែលអង្គរវត្តរបស់កម្ពុជាទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមខ្លួនជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមអបអរសាទរ និងបានអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមថែរក្សាការពារនូវបេតិកភណ្ឌរបស់ដូនតាឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៅ៕








0 comments