(សៀមរាប)៖ ដំណាក់កាលចុងក្រោយនេះ ទណ្ឌិត សម រង្ស៊ី បានដាក់ចេញសេនារីយោនយោបាយប្លែកៗ ហើយប្លែកៗនេះគឺមិនមែនក្នុងន័យជាយុទ្ធសាស្ត្រនោះទេ ក៏ប៉ុន្តែ ត្រូវគេមើលឃើញថា គឺជា«សេនារីយោឆ្កួតៗ»ប៉ុណ្ណោះ។
ទី១- ធ្វើជាអ្នកនយោបាយ ក៏ប៉ុន្តែ សម រង្ស៊ី គិតឆ្កួត រហូតសម្រេចចិត្តលាលែងពីប្រធានគណបក្ស និងលាលែងពីសមាជិកបក្ស។ ការគិតឆ្កួតៗនេះ គឺស្មើនឹងផ្តាច់ផ្លូវនយោបាយ បិទច្រកទ្វារធ្វើនយោបាយ និងបំផ្លាញឱកាសនយោបាយចោលតែម្តង។ នេះមិនត្រឹមជាសេនារីយោល្ងង់ខ្លៅប៉ុណ្ណោះទេ តែគឺជាសេនារីយោឆ្កួតសុទ្ធ។
ទី២- ធ្វើជាអ្នកនយោបាយ ក៏ប៉ុន្តែ សម រង្ស៊ី គិតឆ្កួតមិនជំរុញពង្រឹងនិងបង្កើតគណបក្សនយោបាយ ក៏ប៉ុន្តែ បែរជាប្រកាសបង្កើត «ចលនាតស៊ូ»។ ចលនាតស៊ូ គឺគ្មានសម្បទាផ្លូវច្បាប់ ដើម្បីចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោតជាផ្លូវការនោះទេ។ គ្មានប្រទេសប្រជាធិបតេយ្យណានៅលើពិភពលោក បើកផ្លូវឲ្យចលនាតស៊ូមួយឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតនោះទេ។ បើដូច្នេះ មានតែការបង្កើតចលនានេះគឺ សម រង្ស៊ី ចង់ចាប់យកការតស៊ូក្រៅច្បាប់ តាមបែបឧទ្ទាម ឬធ្វើការតស៊ូតាមរយៈបង្កើតអំពើហិង្សា ដើម្បីដណ្តើមអំណាច? នេះគឺជាការគិតឆ្កួតលីលាបំផុត ហើយស្មើនឹង សម រង្ស៊ី ជីករណ្តៅកប់សពខ្លួនឯង ឬខំបង្កាត់ភ្នក់ភ្លើង ដើម្បីដុតខ្លួនឯង។
ការបង្កើតចលនានេះទៀតសោត ធ្វើឲ្យសាធារណជន មើលឃើញពីចំណុចទ័លច្រកក្នុងនយោបាយចុងក្រោយ និងអន់បំផុតរបស់ពួកប្រឆាំងដែលគ្មានអនាគត។
កន្លងមក សម រង្ស៊ី គិតខុស គិតឆ្កួត ហើយស្រែកបោកបញ្ឆោតចិត្តឯងថា៖ «គេមិនហ៊ានរំលាយបក្សសង្គ្រោះជាតិ»ទេ។ ទីបំផុត បក្សប្រឆាំងមួយនេះត្រូវរលាយខ្សុលតាមអំណាចសាលក្រមរបស់តុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
បន្ទាប់មក សម រង្ស៊ី រវើរវាយខុសឆ្គងទៀតថា គេរំលាយបក្សបានតែនៅលើក្រដាសទេ។ បើអះអាងបែបនេះមែន ចុះម្តេចក៏មិនខំកសាងបក្ស? តើយល់ថា បក្សនេះក្លាយជា «ខ្មោច» ទៅហើយមែនឬ បានជាដាក់ចេញសេនារីយោបង្កើត «ចលនាសង្គ្រោះបន្ទាន់» ថ្មីនេះ? ឆ្កួតសុទ្ធ! Sic។
ជាថ្មីម្តងទៀត ការដែល សម រង្ស៊ី រួមជាមួយគូកនមួយក្តាប់តូចនិងប្រពន្ធខ្លួនផង ដើម្បីបង្កើតចលនាថ្មីនេះ គឺស្មើនឹង៖ កាយកប់ខ្មោចបក្សសង្គ្រោះជាតិផង, ទះកំភ្លៀងកូនស្រី កឹម សុខា ដែលខំស្តារបក្សជួយឪពុកខ្លួនផង, បំផ្លាញចោលការខំរក្សាក្តីសង្ឃឹមរបស់អតីតសកម្មជនដែលថា បក្សនេះអាចរស់ឡើងវិញផង, និងជាពិសេស គឺខោកក្បាលលោក កឹម សុខា ពេញទំហឹងថា «កឹម សុខា ឯង ឈប់ប្រើតួនាទីជាប្រធានបក្សសង្គ្រោះជាតិទៀតទៅ ហើយបន្តនៅក្នុងគុកទៀតចុះ!»។ នេះគឺជាអំពើឆ្កួតក្នុងយុទ្ធសាស្ត្រនយោបាយរបស់ សម រង្ស៊ី ដែលគួរយល់បាន។ នេះមិនមែនជាការចំអកទេ តែគឺជាការពិតដែលឆ្លុះបញ្ចាំងបាននូវកម្រិតសមត្ថភាព នៃនយោបាយដ៏អន់ខ្សោយរបស់ សម រង្ស៊ី។
ការបង្កើតចលនានេះទៀតសោត ក៏បង្ហាញពីភាពទ័លច្រកខាងនយោបាយរបស់ សម រង្ស៊ី ផងដែរ។ ការបង្កើតចលនានេះ មិនត្រឹមបង្ហាញថា បក្សសង្គ្រោះជាតិគឺមិនអាចរស់ឡើងវិញបានប៉ុណ្ណោះទេ នេះក៏បង្ហាញថា បក្សសង្គ្រោះជាតិ មិនទទួលបានការគាំទ្រពីអន្តរជាតិទេ។ នេះជាការឆ្លុះបញ្ចាំងការពិតជាក់ស្តែងផងដែរថា ការខិតខំអន្ទង អំពាវនាវឲ្យអន្តរជាតិជួយ គឺអស់សង្ឃឹម និងបរាជ័យហើយដែរ។
ខាងលើនេះ គឺជាតថភាពពិត និងជាសច្ចៈភាពនៃលទ្ធផលធ្វើនយោបាយជាង២០ឆ្នាំរបស់ សម រង្ស៊ី ដែលទីបំផុត លទ្ធផលគឺ «ផេះ»។ ពិតណាស់ នៅមានពួកជ្រុលនិយម និងវិទ្យុងងិតងងុលរបស់បរទេសផ្សាយជាភាសាខ្មែរខ្លះ ខិតខំប្រឌិតសភាពការណ៍ និងបង្វែរការពិតជួយលាក់បាំងភាពអន់ខ្សោយរបស់ សម រង្ស៊ី។ តែទោះបីជាយ៉ាងណា ពីនេះតទៅ១០ឆ្នាំទៀតយ៉ាងតិច បើទណ្ឌិត សម រង្ស៊ី នៅតែបន្តធ្វើនយោបាយឆ្កួតៗបែបនេះ គឺឱកាសកាន់តែខើច និងកាន់តែជិតអស់ហើយ។ ឃើញទង្វើ សម រង្ស៊ី បែបនេះ គឺមានតែដកដង្ហើមធំ និងគ្រវីក្បាលហួសចិត្តប៉ុណ្ណោះ ហើយដោយសារធ្វើនយោបាយរបៀបនេះ ទើបធ្វើឲ្យអ្នកដើរតាម សម រង្ស៊ី និងបក្សប្រឆាំងត្រូវខូចអនាគត។ បើនៅតែបន្តយ៉ាងនេះ គឺគ្មានជំរើសទេ ហើយ «ជ័យជំនះ» គឺប្រាកដណាស់ នឹងបានទៅគណបក្សប្រជាជនកម្ពុជា បន្តទៀត។
ពូកែតែប្រឌិត ដើម្បីសម្រាប់តែថា និងបោកប្រាស់ គឺពិតជាអន់ខាងធ្វើជាក់ស្តែងមែន។ ជាសរុបមក ខ្សែជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី គឺគ្មានខ្សែសំណាងទេ មានតែរឿងអាក្រក់ និងរឿងចង្រៃ ដោយសារតែការធ្វើនយោបាយឆ្កួតៗមិនឈប់ឈររបស់ សម រង្ស៊ី ដែលនេះមិនត្រឹមតែជាឧទាហរណ៍ទេ ពោលគឺជាការពិតជាក់ស្តែង ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនិងការពិចារណនូវមូលហេតុចម្បង ហេតុអ្វីបានជាមួយជីវិតនយោបាយ សម រង្ស៊ី និងពួកប្រឆាំងត្រូវបរាជ័យជាបន្តបន្ទាប់ និងជារៀងរហូតបែបនេះ៕
ដោយ៖ ជាតិ រុងរឿង
0 comments