(ភ្នំពេញ)៖ លោក អ៊ុង រិទ្ធី ប្រធានអតីតគណបក្សសង្គ្រោះជាតិ (CNRP) ប្រចាំសហរដ្ឋអាមេរិក បានប្រកាសលាលែងពីចលនាសង្គ្រោះជាតិ (CNRM) ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់កម្ពុជា ទៅជ្រកកោននៅក្រៅប្រទេស។
បើតាមលិខិតប្រកាសលាលែងរបស់លោក អ៊ុង រិទ្ធី ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បញ្ជាក់ថា ការលាឈប់របស់លោក ដោយសារតែការបង្កើតចលនានេះនាំឲ្យមានការបែកបាក់គ្នា និងដើម្បីទុកពេលពង្រឹងស្មារតីគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលរបស់កម្ពុជាបានសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនោះ។
លោក អ៊ុង រិទ្ធី បានបញ្ជាក់ក្នុងលិខិតលាឈប់របស់លោកថា<strong> «ដោយមើលឃើញពីការមិនយល់ស្របគ្នាក្នុងការបង្កើតចលនាសង្គ្រោះជាតិ (Cambodia National Rescue Movement – CNRM) និងដើម្បីទុកពេលក្នុងការពង្រឹងស្មារតីគណបក្សសង្គ្រោះជាតិ នៅក្នុងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំបន្ដទៀត ខ្ញុំបាទ អ៊ុង រិទ្ធី សូមប្រកាសលាលែងចេញពីចលនាសង្គ្រោះជាតិ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកធ្វើចលនាដ៏សកម្មដើម្បីស្វែងរកការគាំទ្រនៅសហរដ្ឋអាមេរិករូបនេះ បានបញ្ជាក់ទៀតថា រាល់ការសម្រេច និងសកម្មភាពផ្សេងៗរបស់ចលនាថ្មីនេះ នឹងមិនពាក់ព័ន្ធដល់ការទទួលខុសត្រូវរបស់លោកទៀតឡើយ។
សូមជម្រាបថា ចលនាសង្រ្គោះជាតិ ត្រូវបានប្រកាសបង្កើតឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ហើយដឹកនាំដោយលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ, លោកស្រី ជូឡុង សូមូរ៉ា ជាដើម។ សេចក្តីថ្លែងការណ៍ស្តីពីការបង្កើតចលនានេះ បង្ហាញថា ចលនានេះបង្កើតឡើង ដើម្បីទាមទារឲ្យមានការដោះលែង លោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
ការបង្កើតចលនាសង្គ្រោះជាតិ កំពុងនាំឲ្យមានការរង្គោះរង្គើ និងបែកបាក់ផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិផងដែរ។ ពួកគេបានចាត់ទុកការបង្កើតចលនានេះ ជាចេតនាក្នុងការក្រសោបយកអំណាចពីក្រុមមនុស្សរបស់លោក សម រង្ស៊ី។
កាលពីកន្លងទៅអតីតសមាជិកបក្សប្រឆាំងប្រមាណ៥០នាក់ ដែលសុទ្ធសឹងតែជាបក្ខពួករបស់លោក កឹម សុខា បានចេញសេចក្តីប្រកាសប្រឆាំងចំពោះការបង្កើតចលនានេះ ហើយបានអះអាងថា ពួកគេនឹងមិនចូលរួមជាមួយចលនានេះនោះឡើយ ហើយបន្តធ្វើសកម្មភាពក្រោមក្របខណ្ឌគណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន។
លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស បានថ្កោលទោសសេចក្តីសម្រេចបង្កើតចលនានេះផងដែរ៕
ដោយ៖Fresh News
0 comments