(អង់គ្លេស)៖ អាចម៍ផ្កាយ Oumuamua ដែលអ្នកវិទ្យាសាស្ត្រមួយចំនួន កំពុងសិក្សាក្រោយមានចចាមអារ៉ាមថា វាជាយានអវកាសអេលៀន ជិះមកពីភពផ្កាយផ្សេង និងឆ្វែលប្រព័ន្ធព្រះអាទិត្យយើង មិនធ្លាប់មានពីមុនមកនោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសអះអាងថា គ្រាន់តែជាអាចម៍ផ្កាយ រាងដូចបារីមួយដើមប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ Telegraph នាល្ងាចថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
អាចម៍ផ្កាយខាងលើនេះ ត្រូវបានអង្កេតដោយតេឡេស្កូប Pan-STARRS1 របស់សាកលវិទ្យាល័យរដ្ឋ Hawaii តាំងតែពីថ្ងៃទី១៩ ខែតុលាមកម្ល៉េះ ហើយជាអាចម៍ផ្កាយមកពីក្រៅប្រព័ន្ធព្រះអាទិត្យដំបូងគេ ដែលយើងមិនដែលបានដឹងពីមុនមកឡើយ។ ដោយឡែកក្រុមការងាររបស់អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ គឺលោក Stephen Hawking កាលពីសប្តាហ៍មុននេះ ក៏បានធ្វើការសិក្សាបន្ថែមអំពី Oumuamua នោះផងដែរ។
ទោះបីជាបែបនេះក្តី ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាសល័យ Queen ក្នុងតំបន់ Belfast ចក្រភពអង់គ្លេស បានអះអាងថា Oumuamua មានទំហំ និងរូបរាងប្រហាក់ប្រហែលនឹង អគារ Gherkin ដ៏ស្កឹមស្កៃមួយនៅទីក្រុងឡុងដ៍។ មូលហេតុដែលគេហ៊ានអះអាងថា វាគ្រាន់តែជាអាចម៍ផ្កាយធម្មតា មិនមែនជាយានអវកាសអ្វីនោះ ក៏ព្រោះតែការអង្កេតយ៉ាងដិតដល់នាំឲ្យគេឃើញកម្ទេចធូលី និងថ្មព័ទ្ធជុំវិញវត្ថុអវកាសនោះ ដែលវាគឺជាសញ្ញាធម្មតានៃអាចម៍ផ្កាយធំៗ។
គួររំលឹកថា សម្រាប់ការលើកឡើងកាលពីប៉ុន្មានថ្ងៃមុនវិញ ការអះអាងដែលថា Oumuamua ជាយានរបស់អេលៀននោះ គឺជាគំនិតដ៏មានតម្លៃមួយ ទោះបីជាមនុស្សមួយចំនួនមានការរិះគន់ថា ការគិតខាងលើនេះហួសហេតុពេកក៏ដោយ ប៉ុន្តែការសិក្សាស្រាវជ្រាវដោយសហគមន៍ នៃតារាសាស្ត្រ និងវិទ្យាសាស្ត្រនានា នៅតែប្រឹងប្រែងធ្វើការឲ្យអស់លទ្ធភាព ដើម្បីស្រង់យកទិន្នន័យដែលអាចទៅរួចណាមួយ ចេញពីវត្ថុដ៏ចម្លែកនោះ ដូចជាវិទ្យាស្ថាន SETI នៅលើភ្នំមួយ នៃរដ្ឋកាលីហ្វរញ៉ា ដែលកំពុងប្រើប្រាស់តេឡេស្កូប Allen ដើម្បីទាញយកទិន្នន័យពី Oumuamua ដូច្នេះឯង។
សមាជិកក្រុម SETI បានបង្ហើបថា តាមការរយៈការប្រើប្រាស់ឧបករណ៍ចានផ្កាយរណប Green Bank មុខកាត់ ១០០ម៉ែត្រ ដោយចំណាយពេលជះរលកសញ្ញាទៅលើ Oumuamua ចំនួន ០៦ម៉ោង ដោយទទួលបានទិន្នន័យ ៩០ terabytes ក្នុងរយៈពេល ០២ម៉ោង ពីអាចម៍ផ្កាយដែលមានប្រវែង ៤០០ម៉ែត្រនោះ។
គួរបញ្ជាក់ថា ទោះបីជាគេទទួលបានទិន្នន័យមួយចំនួនហើយពី Oumuamua ក៏ដោយ ក៏គេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើការវិភាគទៅលើទិន្នន័យទាំងអស់ ដែលទទួលបានដោយប្រយ័ត្នប្រយែងបំផុត។ ចុះបងប្អូនវិញគិតថា វត្ថុអវកាសមកពីប្រព័ន្ធផ្កាយផ្សេងដែលមិនធ្លាប់មាន ប្រវែងរហូតដល់ជិត កន្លះគីឡូម៉ែត្រ ខាងលើនេះ គ្រាន់តែជាដុំថ្មអវកាសធម្មតា ឬ? តើវាអាចជាអ្វីផ្សេងក្រៅពីនេះ ឬទេ? ចម្លើយ គឺមានតែចាំការបកស្រាយរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ ដែលសង្ឃឹមថា នឹងចេញលទ្ធផលក្នុងពេលឆាប់ៗ…៕
0 comments