(អាមេរិក)៖ ក្រោយពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើគោលនយោបាយអវកាសថ្មី របស់លោក ដែលយកការស្រាវជ្រាវព្រះច័ន្ទជាចម្បង និងបន្ទាប់មក គឺទីអវកាសឆ្ងាយៗ ដូចជាភពព្រះអង្គារជាដើមនោះ គំរោងសិក្សា និងស្រាវជ្រាវព្រះច័ន្ទដែលមានស្រាប់ ហាក់ទទួលបានថាមពលជម្រុញបន្ថែម ដែលនឹងអាចឆាប់ទទួលបានជោគជ័យជាងមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក Houston Chronicle នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
សម្រាប់គំរោងដ៏ស្ងប់ស្ងាត់មួយរបស់ក្រុមស្រាវជ្រាវ NASA ក្នុងការបញ្ជូនយានអត់មនុស្សជិះទៅកាន់ព្រះច័ន្ទ ក្នុងរយៈពេល ០៥ឆ្នាំខាងមុខនោះ ហាក់ទទួលបានការជំរុញបន្ថែមនៅពេលទទួលបានដំណឹងល្អពី លោក ត្រាំ កាលពីមួយសប្តាហ៍មុន ហើយមជ្ឈមណ្ឌលនានារបស់អង្គការ NASA ក្នុងនោះរួមមានទាំង Johnson Space Center ផងដែរ ក៏កំពុងបន្តការសិក្សា ស្វែងរកប្រភពទឹកនៅលើផ្ទៃព្រះច័ន្ទ។ ប្រការដែលសំខាន់នោះ បើគេរកឃើញប្រភពទឹកងាយៗនៅលើព្រះច័ន្ទ នោះក្រុមអ្នកវិទ្យាសាស្ត្រអាចរៀបចំចំរាញ់ឥន្ធនៈនៅលើនោះតែម្តង ឬមួយក៏អាចធ្វើជាទីតាំង សម្រាប់ឲ្យអវកាសយានិករស់នៅបាន។
គំរោងខាងលើនេះមានឈ្មោះថា Resource Prospector ដែលមានគោលដៅបង្កើតយានមួយមានប្រវែងជិត ០៣ម៉ែត្រ ដែលមានបំពាក់ឧបករណ៍ជីកនៅខាងក្នុងខ្លួនវា ព្រមជាមួយឧបករណ៍ពិសោធន៍ស្រាប់តូចមួយផងដែរ ដើម្បីរុករក និងវិភាគទឹកលើផ្ទៃព្រះច័ន្ទ។ លោក Bill Bluethmann ប្រធានដឹកនាំគំរោងរបស់ Johnson Space Center បានលើកឡើងថា «បេសកកម្មមួយនេះ គឺស្តីអំពីការបោះជំហានបន្ទាប់ ក្នុងការស្វែងរកទឹកលើផ្ទៃព្រះច័ន្ទ។ ការបាញ់យានរបស់យើង គឺនៅត្រូវការពេល ០៥ឆ្នាំទៀត បន្ទាប់ពីបញ្ចប់គំរោងផលិត ០៣ឆ្នាំ ហើយយើងគ្រប់គ្នា នឹងរំភើបខ្លាំងបំផុតចំពោះការសម្រេចបាននាពេលខាងមុខ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍មុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសារាចរ ស្តីពីគោលនយោបាយអវកាសលើកទី០១ នៃរដ្ឋបាលរបស់លោក ដែលធ្វើការបង្គាប់ជាផ្លូវការ ឲ្យទីភ្នាក់ងារអវកាសអាមេរិក NASA បញ្ជូនអវកាសយានិក ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត ក៏ដូចជាទៅកាន់ភពអង្គារ (Mars) ផងដែរ។ លោក ត្រាំ បានប្តេជ្ញាថា «លើកនេះ យើងនឹងមិនត្រឹមតែបោះទង់ជាតិរបស់យើង និងបន្សល់ទុកដានជើងនៅទីនោះទេ តែពួកយើងនឹងបង្កើតសសរគ្រឹះមួយ សម្រាប់បេសកកម្មមួយនាពេលអនាគត សម្រាប់ការបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ ឬមួយក៏ថ្ងៃណាមួយទៅកាន់ភពជាច្រើនផ្សេងទៀត ដែលនៅស្ថិតនៅឆ្ងាយជាងនេះ»៕
0 comments