(វាស៊ីនតោន)៖ មកដល់ទៀតហើយនូវរូបភាពអវកាសពិសេសៗ ប្រចាំសប្តាហ៍ ដោយកម្រងរូបភាពប្រចាំសប្តាហ៍នេះ គឺហាក់ដូចជាដំណើរទេសចរណ៍យ៉ាងអស្ចារ្យមួយ នៅក្នុងចក្រវាឡដ៏ធំល្វឹងល្វើយរបស់យើងអ៊ីចឹងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wired នៅរសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
១៖ យើងនឹងចាប់ផ្តើមជាមួយ Cassiopeia A ដែលជាបណ្តុំសំណល់ នៃបន្ទុះស៊ូភើណូវ៉ា (Supervona)។ នៅពេលដែលផ្កាយធំៗវាស្លាប់ទៅ ពួកវាផ្ទុះឡើងក្នុងបាតុភូតដ៏ខ្លាំងអស្ចារ្យមួយ ដែលគេហៅថា Supernova។ ការបាត់បង់ជីវិតរបស់តារាមួយដួង ប្រហែលជាចំណាយពេលត្រឹមប៉ុន្មានរយវិនាទីប៉ុណ្ណោះ ប៉ុន្តែរូបធាតុដែលពួកវា បញ្ចេញទៅក្នុងលំហអាកាសវិញ អាចប្រាប់អ្នកវិទ្យាសាស្ត្របានយ៉ាងច្រើន អំពីកំណរកំណើតនៃផ្កាយ។ តាមរយៈការសិក្សាស្វែងយល់ពីសំណល់ Supernova ដូចជា Cassiopeia A នេះ ពួកយើងអាចយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីរបៀបដែលធាតុនានា ត្រូវបានពង្រាយ ឲ្យរាយប៉ាយពាសពេញចក្រវាឡ។
២៖ បន្ទាប់មកទៀត យើងនឹងធ្វើដំណើរទៅកាន់តំបន់បង្កើតផ្កាយមួយកន្លែង (Nebula) មានឈ្មោះថា Sharpless 29។ Nebula នេះ មានផ្ទុកផ្កាយដ៏ក្មេងខ្ចីមួយដួង ពោលគឺត្រឹម ០២លានឆ្នាំប៉ុណ្ណោះ។ កូនផ្កាយនេះគឺមានសកម្មជាខ្លាំង និងកំពុងតែបង្កើតប្រព័ន្ធរបស់វានៅក្នុងបណ្តុំនៃពពកធូលីអវកាស Sharpless 29។
៣៖ ចុងក្រោយ យើងងាកត្រឡប់មកកាន់ប្រព័ន្ធព្រះអាទិត្យរបស់យើងវិញ។ នាសប្តាហ៍នេះ ទីភ្នាក់ងារអវកាស NASA បានផ្តល់របស់ដ៏ពិសេសមួយ ឲ្យទស្សនិកជនដែលចូលចិត្តផ្នែកវិស័យអវកាស ស្តីពីភពឧស្ម័នយក្សដ៏ធំ ដែលយើងទាំងអស់គ្នាបានស្គាល់ និងស្រឡាញ់ចូលចិត្តនោះគឺ ភពព្រហស្បតិ៍ (Jupiter)។ តាមរយៈការប្រើប្រាស់ទិន្នន័យបានពីយានអវកាស Juno ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតវីដេអូមួយ បង្ហាញពីចំណុចភ្នែកក្រហម The Great Red Spot ដ៏ល្បីរបស់ Jupiter ក្នុងចម្ងាយយ៉ាងកៀក៕
0 comments