Monday, December 11, 2017

អង្គការ NASA ប្រកាសថា «រកឃើញភពថ្មីៗបន្ថែមទៀត» ខណៈព័ត៌មានលម្អិត នឹងបញ្ចេញនាពេលឆាប់ៗ


(វ៉ាស៊ីនតោន)៖ ​អង្គការ NASA នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ នឹងធ្វើការប្រកាសព័ត៌មាន​ដ៏ធំមួយ ប្រចាំចុង​ឆ្នាំ២០១៧ នោះគឺការរកឃើញភព «Exoplanets ឬភពក្រៅប្រព័ន្ធ​ព្រះអាទិត្យយើង» បន្ថែមទៀត ក្រោយពីខ្លួនបាន​រកឃើញសរុបជាង ២,៥០០ភព រួចទៅហើយ ចាប់តាំងពី​ការ​បាញ់​បង្ហោះកែវយឺត​អវកាស Kepler កាលពី​ឆ្នាំ២០០៩ មក។ នេះបើតាមការ​ចេញផ្សាយដោយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
អង្គការ NASA បានបញ្ចេញព័ត៌មាន​ ពីទីស្នាក់ការរបស់ខ្លួនយ៉ាងដូច្នេះថា «របបគំហើញថ្មីនេះ ត្រូវបាន​សម្រេចចេញ ដោយក្រុមអ្នកស្រាវជ្រាវ តាមរយៈការប្រើប្រាស់​ម៉ាស៊ីនសិក្សាទិន្នន័យ​ពី Google។ ម៉ាស៊ីនសិក្សា​ទិន្នន័យ គឺជាបញ្ញាសិប្បនិម្មិតមួយ ដែលអាចធ្វើការកំណត់​តាមរយៈ​មធ្យោបាយថ្មីៗ ក្នុងការវិភាគទៅ​លើទិន្នន័យនានា ដែលទទួលបានពីកែវ​យឺត​អវកាស Kepler»។

គួរបញ្ជាក់ផងដែរថា Kepler ធ្វើការស្វែងរកភព តាមរយៈការអង្កេត​រាប់ខែ ទៅរាប់ឆ្នាំ ចំពោះតារា​ណាមួយ ដែលជាមុខសញ្ញា​របស់វា រួចធ្វើការអង្កេតរកស្រមោល​ភព ដែលជះមក ហើយនៅពេល​វាចាប់បាននោះ ទិន្នន័យនានា​ត្រូវបានបញ្ជូនមកកាន់ ប្រព័ន្ធកុំព្យូទ័រ​លើភពផែនដី ដើម្បីធ្វើការ​កំណត់​បុគ្គលិកលក្ខណៈទូទៅ ដូចជាទំហំភព, រយៈចម្ងាយភព និងផ្កាយរបស់វា, ព្រមទាំង​ការវិល​របស់ភព ដែលគេនឹងអាចធ្វើការសន្និដ្ឋាន​ជំហានទី ១ អំពីលក្ខណៈបរិយាកាស ឬធាតុផ្សំនៃភពនោះ​បានផងដែរ។
សម្រាប់ភពជាង ២.៥០០ភព ដែលត្រូវបានរកឃើញ​កន្លងមកនេះ ៧០% ក្នុងចំណោមនោះ គឺត្រូវបានកំណត់អត្ត​សញ្ញាណខ្លះៗ ដែលតម្រូវឲ្យមាន​ការសិក្សា និងវិភាគបន្តទៀត។ បន្ថែមពីនេះ​ភពទាំងអស់ គឺត្រូវបានរកឃើញ​ក្រោយពី Kepler ធ្វើការអង្កេតទៅលើផ្កាយ​នានាសរុបចំនួន ១៥០,០០០ផ្កាយ។ ដូច្នេះថា តើភពចំនួនប៉ុន្មានទៀត និងមានលក្ខណៈវិសេសបែបណាដែល NASA ទើបកំណត់​បាននោះ? មានតែរង់ចាំ​ថ្ងៃព្រហស្បតិ៍ សប្តាហ៍ (ត្រូវនឹងព្រឹក​ថ្ងៃសុក្រ ពេលវេលា​នៅកម្ពុជា) NASA នឹងប្រកាស​ជាផ្លូវការ៕




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...