ភ្នំពេញ៖ នៅអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានបើកសិក្ខាសាលាស្តីពី៖ «អ្នកសារព័ត៍មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ» មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំងសមត្ថកិច្ចមួយចំនួន និងអ្នកសារព័ត៍មាន តំណាងអោយអង្គភាពជាច្រើនស្ថាប័ន ហើយ កម្មវិធីសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
លោកបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនិងពន្យល់ធ្វើបទបង្ហាញស្តីពី៖ «ទិដ្ឋភាពទូទៅនៃច្បាប់ នៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ដោយលោកទេសរដ្ឋមន្ត្រីបានលើកឡើងថា៖ អ្វីជាបទល្មើសពុករលួយ.?គឺគ្មាននិយមន័យច្បាប់ទេ តែបានទាញចេញពីច្បាប់ព្រហ្មទណ្ឌ មាន៣៨ បទល្មើស និងចែកជា៣ប្រភេទគឺ៖ ទី១-បទល្មើសពុករលួយសុីសំណូកចំនួន១០ ទី២-បទល្មើសពុករលួយសូក និងទី៣-បទល្មើសពុករលួយផ្សេងៗទៀតចំនួន១៩។ ក្នុងនោះលោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ អ្នកជាប់បទប្រព្រឹត្តអំពើពុករលួយមានតែពីរទេ គឺមន្ត្រីរាជការ និងពលរដ្ឋដែលទទួលអណត្តិដោយការបោះឆ្នោត។ ដោយឡែកបញ្ហាអ្នកកាសែតបានលុយដោយសារគេអោយនោះ មិនមែនជាអំពើពុករលួយទេ ដូចជាករណីមានឈ្មោះក្នុងបញ្ជីជាង១០០នាក់នៅក្នុងការយកលុយពីសង្វៀនប្រជល់មាន់កន្លងទៅនៅខេត្តកណ្តាល។
លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអញ្ជើញឡើងធ្វើបទបង្ហាញស្តីពី៖ «បទល្មើសពុករលួយ និងអំណាចសើបអង្កេត របស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយលើកឡើងថា៖ រាល់អំពើដែលចាត់ទុកថាបានប្រព្រឹត្តអំពើពុករលួយដោយមន្ត្រីរាជការ និងពលរដ្ឋដែលទទួលអណត្តិដោយការបោះឆ្នោត លុះណាមានធាតុផ្សំនៃបទល្មើស៣យ៉ាងគឺ ទី១-ធាតុនីត្យានុកូល ទី២-ធាតុសំភារៈឬធាតុសត្យានុម័ត និងទី៣-ធាតុអត្តនោម័ត។
គួររំលឹកថា៖ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវបានប្រកាសអោយប្រើនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ ក្នុងនោះមានគោលបំណង លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៍ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ យោងតាមមាត្រា១។ ច្បាប់ស្តីពីវិសោធនកម្មស្តីពីការប្រឆាំងអំពើពុករលួយត្រូវបានប្រកាសអោយប្រើនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១១។
សិក្ខាសាលានេះមានអត្ថប្រយោជន៍ខ្ពស់ក្នុងការចូលរួមក្នុងសមរភូមិដើម្បីលុបបំបាត់នូវអំពើពុករលួយ ក៏ដូចជាការយល់ដឹងពីការជាប់ទោសទណ្ឌនៃការប្រព្រឹត្តអំពើពុករលួយ ខណះប្រទេសជាតិគ្រប់គ្រងដោយច្បាប់ និងតម្រូវអោយមានសិទ្ធទទួលខុសត្រូវតាមផ្លូវច្បាប់ស្មើៗគ្នា៕
0 comments