Tuesday, December 26, 2017

ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart ដែលនាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា ប្រកាសបន្តបញ្ជាទិញទំនិញពីកម្ពុជា និងបង្កើនការវិនិយោគបន្ថែមទៀត


(ភ្នំពេញ)៖ ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart ដែលនាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលនាំចេញផលិតផលសម្លៀកបំពាក់លំដាប់ទី២ពីកម្ពុជា បានប្រកាសប្តេជ្ញាថា នឹងបន្តបញ្ជាទិញទំនិញពីប្រទេសកម្ពុជា និងបង្កើនការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០១៨ខាងមុខនេះ នឹងចាប់ផ្តើមនាំផលិតផលធ្វើដំណើរដូចជា កាបូប និងវ៉ាលីសពីកម្ពុជាផងដែរ។ នេះបើយោងតាមលិខិតផ្លូវការពីក្រុមហ៊ុន Walmart ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ។


ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart បានកោតសរសើរកម្ពុជាថា ជាប្រទេសស្រស់ស្អាត ហើយចាត់ទុកសន្តិភាព ស្ថិរភាព ភាពអាចព្យាករណ៍បាន និងនីតិរដ្ឋគឺជាកត្តាសំខាន់ ដែលក្រុមហ៊ុនមួយនេះយកធ្វើជាមូលដ្ឋានក្នុងការបន្តបញ្ជាទិញ និងពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសមួយ។

ក្រុមហ៊ុន Walmart បានអះអាងដូច្នេះក្នុងលិខិតផ្លូវការមួយ ដែលបានផ្ញើជូនលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅ ដើម្បីថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ដែលបានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរព័ត៌មានអំពីភាពកាន់តែប្រសើរនៃលក្ខខណ្ឌការងារនៅកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការពង្រឹងលក្ខខណ្ឌការងារ និងបង្កើនការគាំពារសង្គមជូនកម្មករកម្មការិនីទាំងនៅក្នុងនិងក្រៅប្រព័ន្ធ។
លោក ហេង សួរ ដែលជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងពេលជួបពិភាក្សាការងារកន្លងទៅនេះ ក្រុមហ៊ុន Walmart ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅប្រទេសថៃ ក៏ដូចជាចំពោះកិច្ចខិតខំប្រឹងប្រែងការពារ និងផ្តល់សិទ្ធិសេរីភាព ជូនពលករកម្ពុជាយ៉ាងពេញលេញ ក្នុងការសម្រេចចិត្តចេញទៅធ្វើការងារនៅក្រៅប្រទេស ក្នុងនោះក៏មានធ្វើការនៅតាមបណ្តាអ្នកផ្គត់ផ្អង់ឱ្យទៅក្រុមហ៊ុន Walmart ផងដែរ។ ក្រុមហ៊ុននេះក៏បាន ប្តេជ្ញាថា នឹងចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងបង្កើនភាពប្រកួតប្រជែង ផលិតភាព និងប្រសិទ្ធភាពដល់រោងចក្រ ដែលផ្គត់ផ្គង់ផលិតផលដល់ខ្លួន៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...