(ភ្នំពេញ)៖កម្ពុជាបានប្រារព្ធនូវព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ១៩៧៨ -២ធ្នូ២០១៧ដោយប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខកាលពីព្រឹកថ្ងៃទី២ខែធ្នូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាព្រមទាំងមានការអញ្ជើញចូលរួមពីសម្តេច លោកលោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានិងគណៈកម្មាធិការរណសិរ្សគ្រប់ជាន់ថ្នាក់ ភ្ញៀវកិត្តិយសជាតិអន្តរជាតិ។
មានប្រសាសន៍ក្នុងឱកាសនេះសម្តេចចក្រីហេងសំរិនបានបញ្ជាក់ថាស្មារតី២ធ្នូនិងស្មារតី៧មករានៅតែបានចារិកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូបនិងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំក្នុងការបង្កើតឡើងនូវសមិទ្ធិផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។ពីមួយឆ្នាំទៅមួយឆ្នាំក្រោមពន្លឺនៃសន្តិភាពនិងសេរីភាពព្រះរាជាណាចក្រកម្ពុជាយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ សមិទ្ធិផលធំៗជាច្រើនបានរីកស្គុះស្គាយពេញផ្ទៃប្រទេសទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធិផលនិងជោគជ័យថ្មីៗបន្ថែមទៀតដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០១៨និងឆ្នាំខាងមុខបន្តបន្ទាប់ទៀត។
សម្តេចចក្រីបានបន្ថែមទៀតថារយៈពេល៣៩ឆ្នាំកន្លងទៅនេះបន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា១៩៧៩ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជាតាមរយៈការជម្នះរាល់ឧបសគ្គនិងការលំបាកយ៉ាងច្រើនឥតគណនាធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធិផលធំៗនិងសំខាន់ៗជាប្រវត្តិសាស្ត្រដែលបាននាំឲ្យចាកផុតពីស្រមោលអតីតកាលដ៏សែនឈឺចាប់និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយសណ្តាប់ធ្នាប់សង្គមនិងមានការអភិវឌ្ឍន៍លើគ្របវិស័យ។ជាពិសេសវិស័យសេដ្ឋកិច្ចជាតិមានការងើបឡើងយ៉ាងឆាប់រហ័សដោយរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យមក្នុងរង្វង់៧ភាគរយក្នុង១ឆ្នាំ។
សម្តេចចក្រីបានបន្ថែមថាដោយឡែកឆ្នាំ២០១៧នេះសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់៧,១ភាគរយអត្រានៃភាពក្រីក្រនឹងត្រូវបានកាត់បន្ថយមកត្រឹម១៣,៥ភាគរយនិងអត្រានៃការអត់ការងារធ្វើចំនួន០,៧ភាគរយដែលជាកត្តាជំរុញឲ្យកម្រិតជីវភាពរស់នៅរបស់ប្រជាជនទូទៅត្រូវបានលើកកម្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ថារណសិរ្សសាមគ្គីអភិវឌ្ឍន៍កម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២ធ្នូឆ្នាំ១៩៧៨នៅស្រុកស្នួល ខេត្តក្រចេះ ដែលមានឈ្មោះដើម រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ការចាប់កំណើតនេះដោយថ្នាក់ដឹកនាំអ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នក្នុងគោលបំណងរំដោះប្រជាជនកម្ពុជានិងប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍កម្ពុជា។កម្លាំងរណសិរ្សបានរីកធំធាត់និងបានឈានមកវាយផ្តួលរំលំរបបខ្មែរក្រហមនាថ្ងៃទី៧មករាឆ្នាំ១៩៧៩។ដោយការរីកចម្រើនរឹងមាំឥតឈប់ឈរ រណសិរ្សនេះបានប្តូរឈ្មោះមកជា “រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា”និងក្រោយនេះគឺ “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា”៕
0 comments