(ភ្នំពេញ)៖ មិនមែនមានតែអ្នកកាសែតបារាំងទេ ដែលបានស្គាល់កម្ពុជាច្បាស់ជាងអ្នកនយោបាយប្រឆាំងដែលជាជនជាតិខ្មែរ ប៉ុន្តែពេលនេះ អ្នកជំនាញបរទេសដ៏ល្បីម្នាក់ទៀតក៏បានចេញមុខមកស្តីបន្ទោសពួក អ្មកនយោបាយមួយចំនួនក្មុង ប្រទេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើមថា មិនបានរៀនសូត្របទពិសោធន៍ពីអតីតកាលដែលពួកគេធ្វើមកលើកម្ពុជា។ អ្នកជំនាញបរទេសរូបនេះក៏បានស្តីបន្ទោសបក្សប្រឆាំងនៅកម្ពុជាផងដែរថា ធ្វើខ្លួនខុសពីគន្លងប្រជាធិបតេយ្យ ហើយថាពួកប្រឆាំងជាមនុស្សមិនគោរពស្ថាប័ន និងមិនគោរពបុគ្គលឡើយ។
លោក Raoul- Marc- Jennar អ្នកជំនាញខាងសង្គមនយោបាយកម្ពុជា និងអឺរ៉ុបដ៏ល្បីល្បាញបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលមិនអើពើចំពោះ របបខ្មែរក្រហមប្រល័យពូជសាសន៍ដែលកើតនៅលើទឹកដីកម្ពុជាចន្លោះឆ្នាំ ១៩៧៥ ដល់ ដើមឆ្នាំ១៩៧៩។ មិនតែប៉ុណ្ណោះ ពួកមហាអំណាចលោកខាងលិចទាំងនេះបែរជានាំគ្នាដាក់ទណ្ឌកម្មមកលើកម្ពុជាកាលពីអំឡុងទសវត្សរ៍៨០ ខណៈដែលប្រទេសដ៏កំសត់មួយនេះទើបចាកចេញពីរបបខ្មែរក្រហម។
ដោយសារតែទណ្ឌកម្មរបស់ពួកគេរយៈពេល ១២ឆ្នាំនេះហើយ បានរារាំងកម្ពុជាមិនឲ្យដើរទៅមុខ និងបានបន្សល់ទុក្ខការឈឺចាប់យ៉ាងច្រើនចំពោះប្រជាជនកម្ពុជា។ លោក Raoul- Marc- Jennar បានស្តីបន្ទោសដោយខឹងសម្បារចំពោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបថាមកដល់ពេលនេះហើយក៏នៅតែមិនព្រមរៀនសូត្របទពិសោធន៍ពីអតីតកាលដែលខ្លួនបានធ្វើមកលើកម្ពុជាដដែល។
អ្នកជំនាញបរទេសរូបនេះចង់មានន័យថា ពួកមហាអំណាចលោកខាងលិចនៅតែចិញ្ចឹមនយោបាយអមនុស្សធម៌មកលើកម្ពុជាតាមរយៈ ការគំរាមដាក់ទណ្ឌកម្មជាថ្មីមកលើប្រទេសនេះក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោក Raoul- Marc- Jennar ក៏បានស្តីបន្ទោសអតីតបក្សប្រឆាំងនៅកម្ពុជាថា ធ្វើខ្លួនមិនស្របតាមគន្លងប្រជាធិបតេយ្យទាល់តែសោះ ពីព្រោះពួកគេជាមនុស្សមិនគោរពស្ថាប័ន និងមិនគោរពបុគ្គល។ ជាការពិតហើយ អតីតបក្សប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងជនជាប់ចោទ កឹម សុខា រួមទាំងបក្ខពួក បានយកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកធ្វើជាលេសតែប៉ុណ្ណោះ។ តាមពិតពួកគេសាបព្រួសវប្បធម៌ប្រមាថទាំងស្ថាប័នរដ្ឋ និងទាំងបុគ្គលមេដឹកនាំប្រទេស។ ម៉ាត់ណាក៏ទណ្ឌិត សម រង្ស៊ី ប្រើពាក្យប្រមាថដល់ស្ថាប័នកំពូលៗរបស់ជាតិ រាប់ទាំងស្ថាប័នសភាដែលខ្លួន និងក្រុមរបស់ខ្លួនអង្គុយធ្វើការនិងយកប្រាក់ខែផងដែរ។ ម៉ាត់ណាក៏អ្នកនយោបាយរូបនេះប្រមាថចំពោះបុគ្គលមេដឹកនាំប្រទេស និងពេលខ្លះឈានទៅប្រមាថព្រះមហាក្សត្រថែមទៀត។ វប្បធម៌មិនគោរពស្ថាប័ន និងបុគ្គល ហើយមានតែការប្រមាថបែបនេះ ត្រូវបានលោក លោក Raoul- Marc- Jennar ចាត់ទុកថា មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យដូចដែលពួកគេអួតអាងឡើយ។
ការវាយតម្លៃរបស់អ្នកជំនាញសញ្ជាតិ ប៊ែលហ្សិក កាត់បារាំងរូបនេះ ពិតជាត្រឹមត្រូវ ពីព្រោះអ្នកណាក៏ដឹងដែរថា អតីតបក្សប្រឆាំងដែលបច្ចុប្បន្នជាបក្សប្រឆាំងក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និង កឹម សុខា គ្មានចេតនាល្អសម្រាប់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួនឡើយ។ ពួកគេហ៊ានធ្វើអំពើគ្រប់បែបយ៉ាងរាប់ទាំងការទាមទារឲ្យសហគមន៍អន្តរជាតិកាត់ជំនួយ ឈប់ទិញទំនិញពីកម្ពុជា ដាក់ខ្លួនបម្រើនយោបាយបរទេសទាំងស្រុង។ មិនតែប៉ុណ្ណោះ ពួកគេហ៊ានរហូតដល់ស្នើឲ្យអង្គការសហប្រជាជាតិដកហូតកៅអី របស់កម្ពុជាថែមទៀត បើទោះវាជារឿងដែលមិនអាចទៅរួចសោះក៏ដោយ។
សកម្មភាពអស់ទាំងនេះគឺជាសកម្មភាពបំផ្លាញជាតិ និងបង្កការឈឺចាប់ចំពោះប្រជាជនខ្លួនឯងយ៉ាងច្បាស់ក្រឡែត ហើយបានធ្វើឲ្យជនបរទេសជាច្រើនសម្តែងការហួសចិត្ត ចំពោះរបៀបធ្វើនយោបាយរបស់បក្សប្រឆាំងនៅស្រុកខ្មែរ។ ខ្លួនឯងបង្កបញ្ហា ធ្វើនយោបាយបម្រើបរទេសក្បត់ប្រយោជន៍ជាតិ ដល់ពេលមានចំណាត់ការផ្លូវច្បាប់ក៏តាំងដើរឡាំប៉ានៅក្រៅប្រទេស ដើរតួកំសត់ សម្តែងល្ខោនបោកប្រាស់ដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ល្ខោនរបស់ក្រុមប្រឆាំងក្រៅ ច្សាប់ទៀតសោតក៍ជាសាច់រឿងដដែលៗគឺ ចោទរដ្ឋាភិបាលភ្នំពេញថា ប្រើអំណាចផ្តាច់ការ ធ្វើទុក្ខបុកម្នេញបក្សប្រឆាំង និងធ្វើឲ្យប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សធ្លាក់ចុះ។ ប៉ុន្តែ បើគេចោទសួរត្រឡប់ទៅវិញ តើអតីតបក្សប្រឆាំងបានធ្វើអ្វីខ្លះជាប្រយោជន៍ដល់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា? តើបក្សប្រឆាំងបានចូលរួមចំណែកអ្វីខ្លះដល់សន្តិភាព ស្ថេរ ភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា? ចម្លើយគឺសូន្យឈឹង។
បើមិនបានចូលរួមក៏ហីទៅចុះ តែសូមកុំតែបំផ្លាញក៏ល្អណាស់ទៅហើយ។ សមិទ្ធផលដែលកម្ពុជាមានសព្វថ្ងៃ គឺ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍគ្រប់វិស័យ គឺជាស្នាដៃគណបក្ស កាន់អំណាចដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សមិទ្ធផលទាំងនេះបានមកដោយលំបាកលំបិន បានមកក្រោមកិច្ចខិតខំប្រឹងប្រែងដោយបាតដៃខ្លួនឯងចេញពីគំនរផេះផង់ និងក្រោមការដាក់ទណ្ឌកម្មជុំទិសពីសហគមន៍អន្តរជាតិ។ អង្គការសហប្រជាជាតិបានគាំទ្រខ្មែរក្រហមដែលសម្លាប់ខ្មែរជិតពីរលាននាក់ឲ្យអង្គុយកៅអីតំណាងកម្ពុជាយ៉ាងគ្រហើរៗ ខណៈដែលអ្នកដែលបានជួយរំដោះប្រទេសឲ្យរួចពីរបបខ្មែរក្រហម រំដោះពលរដ្ឋខ្មែរឲ្យរស់ជីវិត បែរជាត្រូវបានគេដាក់ទណ្ឌកម្ម។ កាលសម័យខ្មែរក្រហម សម រង្ស៊ី រត់យកប្រាស់អាយុទៅ សម្ងំរស់យ៉ាងសប្បាយហ៊ឺហារនៅក្រៅប្រទេសដោយមិនដែលបានចេញមុខតតាំង ថ្កោលទោសរបបខ្មែរក្រហមឡើយ។ ដល់ពេលប្រទេសជាតិត្រូវបានរំដោះ ទើបលេចមុខអ្នកនយោបាយគង់ហ៊ានរូបនេះមកស្រែកឡូឡាថាខ្លួនជាអ្នកប្រជាធិបតេយ្យមកពីលោកខាងលិច ចង់នាំប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកមកម្ពុជា។
ប៉ុន្តែជាង២០ឆ្នាំនៃវត្តមានអតីតបក្សប្រឆាំងដឹកនាំដោយសម រង្ស៊ី វប្បធម៌ជេរប្រមាថ និងនយោបាយមួលបង្កាច់ដុតកំហឹងបំបែកបំបាក់ជាតិបានរីកដុះដាលពាសពេញសង្គមគឺដូចអ្វីដែលលោក Raoul- Marc- Jennar បានលើកឡើងទាំងស្រុង។ និយាយដោយខ្លី ពួកប្រឆាំងដែលស្ថិតក្នុងចង្កោមជាមួយ សម រង្ស៊ី មិនបានរៀនសូត្រអ្វីសោះពីបទពិសោធន៍អតីតកាល ហើយធ្វើនយោបាយដដែលៗគឺនយោបាយបំផ្លាញជាតិដើម្បីអំណាចតែមួយមុខ។ នយោបាយបែបនេះត្រូវបានសាធារណៈមតិជាតិ និងអន្តរជាតិ មើលឃើញយ៉ាងទូលំទូលាយហើយវាកំពុងឈានដល់ទីអវសាន្តហើយ។ បក្សសង្គ្រោះជាតិរលាយ រីឯជីវិតអ្នកនយោបាយពួកប្រឆាំងក្រោមក្លៀកសម រង្ស៊ី ក៏ត្រូវរលាយសាបសូន្យពីទឹកដីកម្ពុជាដែរ។ សម្រែកដែលពួកគេខំស្រែកខ្វើយៗពីក្រៅប្រទេសនៅពេលនេះប្រៀបបាននឹងសំឡេងខ្លងខែកដង្ហែសពទៅបូជាតែប៉ុណ្ណោះ៕
0 comments