Tuesday, December 26, 2017

តោះៗ! មកតាមដាន «របកគំហើញ​វិស័យអវកាសទាំង ០៩ ដែលសម្រេច​បាននៅ​ឆ្នាំ២០១៧» ពិតជារំភើប


(បរទេស)៖ មានតាំងពី​ការរកឃើញផ្កាយ​ណឺត្រុងប៉ះទង្គិចគ្នា រួមនិងដំណើរ​ទស្សនកិច្ចជា​លើកដំបូង​របស់វត្ថុ មកពីក្រៅប្រព័ន្ធ​ព្រះ​អាទិត្យ ឆ្នាំ២០១៧នេះ គឺជាឆ្នាំដ៏​អស្ចារ្យមួយ សម្រាប់ការបង្កើត​របកគំហើញ​នៅក្នុងទីអវកាស។ ខណៈឆ្នាំនេះ មានពេលវេលា​គួរ​ឲ្យក្រៀមក្រំ​មួយចំនួន ដូចជាការបញ្ចប់​បេសកកម្មរយៈពេល ២០ឆ្នាំ នៃយាន​អវកាស Cassini ពួកយើងក៏​បានស្វែងយល់​បានយ៉ាង​ច្រើន អំពី​ចក្រវាឡដ៏​ធំល្វឹងល្វើយ ដែលយើងកំពុង​រស់នៅនេះ​ផងដែរ។

១. ការរកឃើញ​ការប៉ះទង្គិចគ្នា នៃផ្កាយណឺត្រុង៖ ព្រឹត្តិការណ៍ដ៏កម្រនេះ​ត្រូវបានរកឃើញ​កាលពីខែតុលា​កន្លងទៅ។ ផ្កាយណឺ​ត្រុង ស្ថិតក្នុងចំណោមផ្កាយ​ដ៏ចម្លែកបំផុត នៅក្នុងចក្រវាឡ។ វាត្រូវបានបង្កើត​ឡើងនៅពេលដែល​ផ្កាយដ៏ធំៗ​មហិមា ឈាន​ដល់ចុងបញ្ចប់​នៃជីវិត និងចាប់រលាយ​ខ្លួនរបស់ពួកវា។ ផ្កាយណឺត្រុង ក៏ជាពពួកផ្កាយ​ដ៏តូច និងហាប់ជាងគេផងដែរ។ រូបធាតុនៃ​ផ្កាយណឺត្រុង​តែមួយស្លាបព្រាកាហ្វេ​ប៉ុណ្ណោះ មានទម្ងន់ធ្ងន់ស្មើ​នឹងសំណង់ពីរ៉ាមីត​ដ៏អស្ចារ្យ Giza មួយឯណោះ។ ដូច្នេះនៅពេល​​ដែលផ្កាយ​ប្រភេទនេះ ០២ដួង បុកគ្នា រឿងដែលនឹកស្មាន​មិនដល់ក្នុងផ្នែកវិទ្យាសាស្រ្ត​ជាច្រើនបាន​កើតឡើង ហើយព្រឹត្តិការណ៍​នេះ អាចចាត់ទុកបាន​ថា ជារបកគំហើញអវកាស​ដ៏ធំ​បង្អស់​ប្រចាំឆ្នាំនេះ។


២. ភពស៊ូភើ Earth ត្រូវបានរកឃើញ​នៅចម្ងាយ ៤០ឆ្នាំពន្លឺពីយើង៖ ភពក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យមួយ ត្រូវបានរកឃើញ​​នៅចម្ងាយ​ ៤០ឆ្នាំពន្លឺ​ពីយើង បានបង្កភាព​រំជើបរំជួល​ជាខ្លាំងក្នុងចំណោមតារាវិទូ កាលពីខែមេសា​កន្លងទៅ ដោយសារតែវា​មានសក្តានុពល​អាចផ្តល់​ឱកាសដ៏ល្អបំផុតឲ្យយើង តាមរុករកជីវិត​ក្រៅភព (អេលៀន)។ ស៊ូភើ Earth មានឈ្មោះថា LHS-1140b មាន១.៤ដងនៃ​ភពរបស់យើង តែមានទម្ងន់​ធ្ងន់ជាង ០៧ដង។


៣. ភពដែលទំនង​ជាអាចទ្រទ្រង់ជីវិត​បាន ចំនួន ១០ភពទៀត ត្រូវបានរកឃើញ៖ កាលពីខែមិថុនា ទីភ្នាក់ងារ​អវកាស NASA បាន​ប្រកាសឲ្យដឹងពី​ការរកឃើញភពថ្មី​ចំនួន១០ ដែលទំនងអាចទ្រទ្រង់​ជីវិតបាន។


៤. ការមើលឃើញ​យ៉ាងកៀកនៃ​ព្យុះក្រហម The Great Red Spot ដ៏ល្បីនៅលើភពព្រហស្បតិ៍ (Jupiter)៖ កាលពី​ខែកក្កដា រូប​ភាពថតបានពីយាន​អវកាស Juno របស់ NASA បានបង្ហាញ​ឲ្យឃើញពីភាពលម្អិត​ក្នុងកម្រិត​ដ៏ថ្មីសន្លាង នៃចំណុច The Great Red Spot។


៥. វត្តមានទឹកនៅលើ​ឋានព្រះច័ន្ទ៖ យោងតាមការសិក្សា​ស្រាវជ្រាវ ដែលចេញផ្សាយ​កាលពីខែកក្កដា ឋានព្រះច័ន្ទ​​អាចមានស្តុក​​ធនធានទឹក​នៅផ្ទៃខាងក្នុងរបស់វា​ក្នុងបរិមាណ ច្រើនជាងការគិត​របស់យើង។


៦. ទីបញ្ចប់នៃ​បេសកកម្ម Cassini៖ រយៈពេលជិត២០ឆ្នាំ​ក្រោយមក គិតចាប់តាំងតែ​ពីអង្គការ NASA បានចាប់ផ្តើម​បេសកកម្ម Cassini យានអវកាសនេះ បានទម្លាក់ខ្លួន​កម្ទេចចោល​ នៅក្នុងបរិយាកាស​របស់​ភពសៅរ៍ (Saturn) កាលពី​ខែកញ្ញាកន្លងទៅ បន្ទាប់ពីបាន​ជួយលាតត្រដាង​អាថ៌កំបាំង​សំខាន់ៗ​ជាច្រើន ស្តីពីភពសៅរ៍ ព្រមទាំង​ព្រះច័ន្ទនានា​របស់វា។


៧. ផ្កាយមួយចំនួន​ដែលធ្វើដំណើរ ក្នុងល្បឿនយ៉ាងលឿន នៅចុងកាឡាក់ស៊ី​របស់យើង៖ នៅតំបន់ខាងចុង​នៃកាឡាក់ស៊ីរបស់​យើង ផ្កាយមួយចំនួន​កំពុងធ្វើដំណើរក្នុង​ល្បឿន​យ៉ាងលឿន ហើយ​កាឡាក់ស៊ី​របស់យើង ប្រហែលជាពុំ​មែនជាកាឡាក់ស៊ី​ដំបូង​ ដែលផ្កាយ​ទាំងនេះ បានរត់​គេចចេញពី​នោះឡើយ។ កាលពីមុន​ក្រុមអ្នកវិទ្យាសាស្រ្ត​បានគិតថា ផ្កាយល្បឿន​លឿន​ទាំងនេះ ត្រូវបានជំរុញល្បឿន​ដោយ​ប្រហោងខ្មៅ​ដ៏ធំមហិមា ដែលស្ថិតនៅ​ចំកណ្តាលនៃកាឡាក់ស៊ី​របស់យើង។ ប៉ុន្តែការសិក្សា​មួយ​កាល ចេញផ្សាយ​កាលពី​ខែកក្កដា បានបង្ហាញ​ថា ផ្កាយទាំង​អស់នេះ​នៅចុងកាឡាក់ស៊ី Milky Way ត្រូវបានរុញច្រាន​មកទីនេះ ពីកាឡាក់ស៊ីដែល​នៅក្បែរខាងមួយ​ផ្សេងទៀត។


៨. ភពទី ៩៖ កាលពីដើមឆ្នាំ២០១៦ ការសិក្សាមួយ បានទស្សន៍ទាយពីវត្តមាននៃភពដ៏មួយទៀត ដែលស្ថិតនៅហួស​ពី​ភព​ណិប​ទូន ដែលជា​ភពចុងក្រោយ​នៃប្រព័ន្ធព្រះអាទិត្យ​របស់យើង ពោលគឺនៅតំបន់ចុងដាច់​ស្រយាលនៃប្រព័ន្ធសូឡា។ ដោយឡែក​​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ ក្រុមការងារ​នៃការសិក្សាដដែលនេះ បានបញ្ជាក់បន្ថែមថា តាមការយល់ដឹងថ្មីរ​បស់ពួកគេវត្ត​មាន​នៃ​ភពទី​ ៩​ ដ៏​អាថ៌​កំបាំង​​នេះ កាន់តែជិតក្លាយ​ជាការពិតមែនទែន​ហើយ។


៩. ដំណើរទស្សនកិច្ច​លើកដំបូងបង្អស់ នៃវត្ថុនៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ៖ កាលពី​ខែវិច្ឆិកា វត្ថុម៉្យាងដូចជា​អាចម៍ផ្កាយ ដែលធ្វើ​ដំណើរចូលមកក្នុងប្រព័ន្ធព្រះអាទិត្យ​របស់យើង ត្រូវបាន​រកឃើញ៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...