ភ្នំពេញ ៖ ក្រុមប្រតិបត្តិករទេសចរណ៍នានា បានលើកឡើងថា ការរំលាយគណបក្សសង្គ្រោះជាតិ មិនបានប៉ះពាល់ដល់លំហូរទេសចរណ៍អន្តរជាតិ មកទស្សនាកម្ពុជានោះទេ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៤ វិច្ឆិកានេះថា ស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ននេះ មិនបានធ្វើឲ្យប៉ះពាល់ដល់លំហូរទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជានោះទេ និងមិនមានការលុបកញ្ចប់ទស្សនកិច្ចណាមួយនោះដែរ។លោកស្រី បន្តថា បើសិនជាស្ថានភាពនយោបាយ មានភាពស្ងប់ស្ងាត់ មិនមានអំពើហិង្សា ឬ បាតុកម្មបែបនេះ គឺមិនមានអ្វីធ្វើឲ្យភ្ញៀវទេសចរ បារម្ភនោះទេ ប៉ុន្តែបើស្ថានការណ៍វិវត្តន៍ទៅមានអំពើ ហិង្សា វានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យនេះ។
លោកស្រី បន្តថា “រដ្ឋាភិបាលគ្រប់គ្រងស្ថានភាពបានល្អ មានភាពស្ងប់ស្ងាត់ ដូច្នេះវាមិនមានអ្វីគួរឲ្យបារម្ភដល់ភ្ញៀវទេ ប៉ុន្តែសម្រាប់ឆ្នាំ២០១៨ ការកក់កញ្ចប់ទេសចរ ហាក់នៅទ្រឹង ដោយសារជាឆ្នាំបោះឆ្នោត ដែលភ្ញៀវអាចមានការបារម្ភ”។
លោក ធួន ស៊ីណាន ប្រធានសហព័ន្ធ ទេសចរណ៍កម្ពុជា បានលើកឡើងថា សម្រាប់ស្ថានភាពរហូតមកទល់ពេលនេះ មិនមានអ្វីគួរឲ្យបារម្ភនោះទេ ហើយលំហូរភ្ញៀវទេសចរណ៍នៅតែមានសភាពធម្មតា ប៉ុន្តែសម្រាប់ឆ្នាំ២០១៨ខាងមុខ លោកមិនអាចទស្សន៍ទាយបាននៅឡើយទេ។លោក បន្តថា ចាប់ពីដើមឆ្នាំ នេះ រហូតមកទល់ពេលនេះ មិនមានការលុបកញ្ចប់ទស្សនកិច្ចពីភ្ញៀវអន្តរជាតិណាមួយនោះទេ។
លោក ឡៅ ហេង អគ្គនាយកសណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងផងដែរថា កំឡុងពេលនេះភ្ញៀវទេសចរណ៍មកពីតំបន់អាស៊ី បានមកទស្សនានៅកម្ពុជា ជាធម្មតា ប៉ុន្តែយើងឃើញនិន្នាការនៃភ្ញៀវទេសចរណ៍មកពីអាមេរិក អឺរ៉ុបហាក់ មានភាពស្ងប់ស្ងាត់បន្តិច មិនដឹងដោយសារមូលហេតុអ្វីឡើយ ប៉ុន្តែស្ថានភាពមិនមានអ្វីធ្ងន់ធ្ងរនោះទេ។លោក បន្តថា ភ្ញៀវទេសចរចិន និងមកពីតំបន់អាស៊ី មិនសូវចាយប្រាក់ច្រើនដូចភ្ញៀវមកពីអឺរ៉ុប និងអាមេរិកនោះទេ។
<p>យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជិត៤លាននាក់ កើនឡើង១១,៥ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕










0 comments