Saturday, November 25, 2017

ឯកឧត្តម សុខ ឥសាន៖ ស្នើកុំយកហ្សឹមបាវ៉េ មកប្រៀបធៀបនឹងកម្ពុជា


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា នៅលើពិភពលោក នៅប្រទេសនិមួយៗមានលក្ខណៈពិសេសដោយឡែកៗពីគ្នា មិនអាចយកសភាពការណ៍ប្រទេសមួយមកប្រដូចនឹងប្រទេសមួយទៀតបានទេ ។
នៅប្រទេសហ្សឹមបាវ៉េ លោកប្រធានាធិបតី មូហ្គាបេ មានវ័យចាស់រហូតដល់៩៣ឆ្នាំទៅហើយ ។ ធម្មតាក្នុងវ័យចាស់បែបនេះ មិនអាចមានកាយសម្បទាគ្រប់គ្រាន់ដើម្បីរ៉ាប់រងការងារបានដូចធម្មតាទេ ទោះបីមានឆន្ទៈចង់បម្រើជាតិយ៉ាងណាក៏ដោយ ។ នេះជាក្រឹត្យក្រមធម្មជាតិតម្រូវ ។ តែទោះយ៉ាងណាក្តី គេមិនអាចឆ្លៀតឱកាសដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសហ្សឹមបាវ៉េទេ ដែលផ្ទុយពីធម្មនុញ្ញ អសប។ គួរទុកឲ្យប្រជាជនប្រទេសហ្សឹមបាវ៉េសម្រេចចិត្តដោយផ្ទាល់ ។

ចំពោះកម្ពុជា មានលក្ខណៈពិសេសសម្រាប់កម្ពុជា។ មានតែប្រជាជនកម្ពុជាទេ ដែលមានសិទ្ធិសម្រេចពីជោគវាសនារបស់កម្ពុជាផ្ទាល់ ។
សម្តេច តេជោ ហ៊ុន សែន ដែលទើបមានអាយុ ៦០ឆ្នាំ នៅមានកាយសម្បទាមាំមួន សុខភាពល្អ សកម្មការងារបម្រើប្រជាជននិងប្រទេសជាតិបានយ៉ាងមានប្រសិទ្ធភាព មានគុណសម្បត្តិធំធេងសម្រាប់ប្រជាជន ហើយត្រូវបានប្រជាជនទូទាំងប្រទេសភាគច្រើនលើសលុបបន្តគាំទ្រឲ្យបន្តបេសកកម្ម បម្រើជាតិមាតុភូមិនោះ តើមានខុសអីទៅ បើនៅបន្តបម្រើប្រជាជននោះ ?
ប្រជាជនកម្ពុជា មិនគិតពីកាន់អំណាចយូរទេ ទោះបីប៉ុន្មានសិបឆ្នាំទៅមុខទៀតក៏ដោយ ឲ្យតែប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ សេចក្តីសុខក្សេមក្សាន្តសម្រាប់ជីវភាពរស់នៅសម្បូរសប្បាយ មានការអភិវឌ្ឈន៍រីកចម្រើន គឺជាការចង់បានរបស់ប្រជាជន ។ ដោយសារគុណសម្បត្តិ និងស្នាដៃស្តារ កសាង និង អភិវឌ្ឈន៍ប្រទេសរីកចម្រើននេះហើយ បានជាប្រជាជននៅតែបន្តគាំទ្រតទៅទៀតយ៉ាងដូច្នេះ ។
ហេតុនេះ គេមិនអាចយកសភាពការណ៍របស់ហ្សឹមបាវ៉េ មកប្រៀបធៀបជាមួយកម្ពុជាបានឡើយ ព្រោះមានលក្ខណៈខុសគ្នាទាំងស្រុង ។ ហើយគេក៏កាន់តែមិនអាចយក លោក មូហ្គាបេ មកប្រៀបធៀបនឹងសម្តេចតេជោ ហ៊ុន សែន បានដែរ ពីព្រោះសម្តេច ហ៊ុន សែន កាន់អំណាច និងបន្តកាន់អំណាចតាមឆន្ទៈរបស់ប្រជាជនកម្ពុជា ។ គ្មានជនណា ឬ ប្រទេសណា មានសិទ្ធិសម្រេចជំនួសប្រជាជនកម្ពុជាបានទេ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...