ភ្នំពេញៈ តុលាការកំពូលនឹងបើកសវនាការរំលាយគណបក្សសង្រ្គោះជាតិ (CNRP) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ ខណៈនេះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសដោយខ្លួនឯងថា លោកបានចូលជាសមាជិកក្នុងគណបក្សនេះវិញហើយ ក្រោយពីបានលាលែងពីសមាជិកភាពគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ១១ កុម្ភៈ ២០១៧។
លោក សម រង្ស៊ី បញ្ជាក់ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ថ្ងៃនេះ ត្រូវជាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខ្ញុំសូមប្រកាសថា ខ្ញុំ សម រង្ស៊ី ចូលជាសមាជិកគណបក្សសង្គ្រោះជាតិវិញហើយ ចាប់ពីថ្ងៃនេះទៅ ទោះជាគេរំលាយ ឬក៏មិនរំលាយគណបក្សសង្គ្រោះជាតិយ៉ាងណាក៏ដោយ។
លោកបន្តថា ពេលដែលលាលែងនោះ ដើម្បីកុំឲ្យគេយកលេសរំលាយគណបក្សសង្គ្រោះជាតិតាមច្បាប់នយោបាយ ដែលសំដៅមករូបលោក ក្នុងគោលបំណងកុំឲ្យគណបក្សសង្គ្រោះជាតិពាក់ព័ន្ធជាមួយទៀត។
លោកថា ពេលនេះ គេនៅតែរំលាយគណបក្សសង្គ្រោះជាតិដដែលដោយមិនអាស្រ័យលើសមាជិកភាពរបស់លោកឡើយ ដូច្នេះត្រូវតែចូលធ្វើជាសមាជិកគណបក្សសង្គ្រោះជាតិវិញ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន ធ្លាប់បានថ្លែងថា ការប្រកាស វិលចូលជាសមាជិក គណបក្សសង្រ្គោះជាតិវិញ របស់លោក សម រង្ស៊ី មិនមានប្រសិទ្ធភាពសោះឡើយ ព្រោះធ្វើជាសមាជិករបស់គណបក្សខ្មោច៕



0 comments