Tuesday, October 26, 2021

សម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤, អាស៊ាន-ចិន ដំឡើងដៃគូសន្ទនា ដល់កម្រិតកំពូល (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៤។ ក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃនេះ មេដឹកនាំអាស៊ាន-ចិន បានឯកភាពដំឡើងកម្រិតដៃគូសន្ទនាមួយនេះ ទៅជាដៃគូសន្ទនាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំកំពូលមួយនេះ មានការអញ្ជើញចូលរួមពីលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងមេដឹកនាំអាស៊ានដទៃទៀត លើកលែងតែប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ មិនមានតំណាងចូលរួមនោះឡើយ។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងប្រជុំកំពូលនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានអនុម័តលើឯកសារចំនួន៣ និងកត់សម្គាល់ទៅលើឯកសារចំនួន២។ ឯកសារដែលបានអនុម័តរួមមាន៖ ទី១៖ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន, ទី២៖ សេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអាស៊ាន ការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ, ទី៣៖ សេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីការពង្រឹងការអនុវត្តបៃតង និងប្រកបដោយចេរភាព។ ដោយឡែកឯកសារដែលបានកត់សម្គាល់នោះរួមមាន៖ ទី១៖ របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលឆ្នាំ២០២១-២០២៥, ទី២៖ ឯកសារទស្សនទានស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ចិន ជាមួយអាស៊ាន។ លោក កៅ គឹមហួន បានឱ្យដឹងថា ក្រៅតែពីការឯកភាពគ្នាដំឡើងភាពជាដៃគូសន្ទនានេះ ពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយហើយនោះ ប្រមុខដឹកនាំអាស៊ាន-ចិន បានឯកភាពគ្នា រៀបចំកិច្ចប្រជុំដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៣០ នៃភាពជាដៃគូសន្ទនានេះនៅខែវិច្ឆិកា ឆ្នាំ២០២១នេះផងដែរ។ មេដឹកនាំអាស៊ាន បានកត់សម្គាល់ថា រយៈពេល ៣០ឆ្នាំកន្លងមកនេះ ចិន បានក្លាយជាប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយអាស៊ាន ហើយវិនិយោគ ក៏មានច្រើនជាងគេផងដែរ។ ចិន បានក្លាយជាប្រភពទី៤ នៃការវិនិយោគសម្រាប់អាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអបអរសាទរ និងចាត់ទុកឆ្នាំ២០២១នេះ ជាឆ្នាំកិច្ចសហប្រតិបត្តិការការអភិវឌ្ឍដោយចេរភាពអាស៊ាន-ចិន។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ដែលបានផ្តល់នូវការគាំទ្រជាច្រើនសម្រាប់អាស៊ាន។ ជាពិសេសវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អាស៊ាន ក៏ដូចជាផ្តល់ការគាំទ្រដល់សង្គមអាស៊ាន សមាហរណកម្មអាស៊ាន និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការជាច្រើនវិស័យផ្សេងទៀត។ លោក លី ខឺឈាង បានបង្ហាញនូវការចង់ឃើញអាស៊ាន-ចិន បន្តនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាការផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ធ្វើយ៉ាងណាកសាងសម្ព័ន្ធភាពលើវិស័យសុខាភិបាល។ លោកនាយករដ្ឋមន្ត្រីចិន ក៏ចង់ឃើញការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចរវាងចិន និងអាស៊ាន គាំទ្រទៅលើនវានិវត្តន៍អាស៊ាន-ចិន និងបន្តជំរុញកិច្ចសហការបៃតង។ ក្នុងកិច្ចប្រជុំនេះ ចិន បានបង្កើតថវិកា ១០លានដុល្លារទៀត ដល់មូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ជាពិសេសគាំទ្រដល់និស្សិតពីអាស៊ាន ទៅសិក្សានៅចិន។ បើតាមលោក កៅ គឹមហួន ក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន-ចិន បានលើកពីបញ្ហាសមុទ្រចិនខាងត្បូង ហើយសន្យាបន្តកិច្ចសហប្រតិបត្តិការ ដើម្បីចរចាដោះស្រាយនូវជម្លោះនានា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...