Friday, October 29, 2021

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំនៅកម្ពុជា គ្រោងពង្រីកការផលិតទឹកដោះឱ្យបាន២ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការនាំចូលទឹកដោះស្រស់ពីក្រៅប្រទេស (Video inside)

(តាកែវ)៖ នេះគឺសកម្មភាពដែលបុគ្គលិករបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួរគ៌កំពុងមមាញឹក ក្នុងការបូមយកទឹកដោះពីគោ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប បន្ទាប់ពីគោទាំងអស់ បានងូតទឹកសម្អាតខ្លួនរយៈពេល៤៥នាទី ដើម្បីធានាថាទឹកដោះគោដែលផលិតដោយកសិដ្ឋាននេះ មានអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ២ បត់ចូលតាមផ្លូវទៅកាន់រមណីយដ្ឋានភ្នំម៉ៅ ប្រមាណមួយគីឡូម៉ែត្រ នៅខាងស្តាំដៃយើងនឹងឃើញកសិដ្ឋានដ៏ធំមួយ។ កន្លែងនេះហើយ គឺជាកន្លែងចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅកម្ពុជា មានផ្ទៃដីសរុប៣០០ហិចតា ស្ថិតនៅជ្រលងភ្នំតាម៉ៅ ស្ថិតនៅក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ កសិដ្ឋានគិរីសួរគ៌ ត្រូវបង្កើតឡើងដោយវិនិយោគិនខ្មែរសហការជាមួយជនជាតិអ៊ីស្រាអែល ដោយមានទុនវិនិយោគដំបូងជិត២០លានដុល្លារ។ កសិដ្ឋានផលិតគោទឹកដោះគិរីសួរគ៌ របស់ក្រុមហ៊ុន Khmer Fresh Milk បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១៩ ត្រូវបានគេចាត់ទុកថា ជាកសិដ្ឋានទំនើប និងធំជាងគេនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសអ៊ីស្រាអែល ទាំងការចិញ្ចឹម ការដាំស្មៅ និងការផលិតចំណី ដែលធ្វើឱ្យគោរបស់កសិដ្ឋាននេះ មានសមត្ថភាពអាចផលិតទឹកដោះគោបានច្រើន។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា កាលពីឆ្នាំ២០២០កសិដ្ឋានមួយនេះបាននាំយកគោ៥៥០ក្បាលពីប្រទេសអូស្រ្តាលីមកចិញ្ចឹម។ មកទល់ពេលនេះ កសិដ្ឋានគិរីសួរគ៌ បង្កាត់គោ ដោយប្រើស្ពែមពីប្រទេសអ៊ីស្រ្តាអែល បានជាង៨០០ក្បាលហើយ។ ផ្ទៃដីដ៏ធំល្វឹងល្វើយមានទំហំប្រមាណ២០០ហិកតា ត្រូវបានកសិករដ្ឋាននេះប្រើសម្រាប់ដាំស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) និងពោត សម្រាប់ផលិតជាចំណីគោ និងកន្លែងសម្រាប់ស្តុកទឹកសម្រាប់ប្រើប្រាស់។ ចំណែកផ្ទៃដី១០០ហិចតាទៀត ប្រើសម្រាប់ក្រោលគោ និងបម្រើឱ្យផលិតកម្មរបស់កសិដ្ឋាន។ បច្ចុប្បន្ននេះ កសិដ្ឋានគិរីសួរគ៌អាចផលិតទឹកដោះស្រស់បានបរិមាណផលិតសរុបបានប្រមាណជាង១ម៉ឺនលីត្រ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ ក្រៅមានតម្លៃសមរម្យ ទឹកគោស្រស់ គិរីសួរគ៌ ត្រូវបានផលិតឡើងតាមស្តង់ដារគុណភាពអនាម័យ និងមិនប្រើសារធាតុរក្សាទុកបានយូរនោះទេ ដោយប្រើពេលតែមួយម៉ោងប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនមកដល់ទីផ្សារ។ នៅឆ្នាំ២០២២ខាងមុខនេះកសិដ្ឋាននេះ បង្កើនគោដែលអាចយកទឹកដោះ ឱ្យបាន១០០០ក្បាល ដើម្បីឈានទៅការផលិតទឹកដោះឱ្យបាន២ម៉ឺនលីត្រក្នុងថ្ងៃ។ លោក ឈរ រិទ្ធីបាន ឱ្យដឹងថា ទឹកដោះគោគិរីសួរគ៌ បានឈានជើងចូលទីផ្សារ សាកល្បងដំបូងតាំងពីខែកញ្ញាឆ្នាំ២០២០ និងចាប់ផ្តើមដាក់លក់ជាផ្លូវនៅអំឡុងខែមីនា ឆ្នាំ២០២១ដែល ក្នុងរយៈពេល៩ខែនេះ ដណ្តើមបានចំណែកទីផ្សារប្រមាណ១០%ហើយ និងស្ថិតក្នុង Top 3 សម្រាប់ទីផ្សារទឹកដោះស្រស់ក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា គិរីសួរគ៌នឹងព្យាយាមពង្រីកការផលិតឱ្យកាន់តែធំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក រួមចំណែកកាត់បន្ថយការនាំចូលទឹកដោះគោស្រស់ពីក្រៅប្រទេស។ បន្ថែមពីការផលិតទឹកដោះស្រស់ ដាក់លក់នៅលើទីផ្សារកសិដ្ឋានមួយនេះ ក៏ផលិតយ៉ាអួរ និងប័រ ហើយនាពេលខាងមុខកសិដ្ឋាននេះ នឹងផលិតផលិតផលចេញពីទឹកដោះគោមួយចំនួនទៀតផងដែរ។ ទោះនាំបច្ចេកវិទ្យាពីប្រទេសអ៊ីស្រាអែល ប៉ុន្តែបុគ្គលិកបម្រើការក្នុងកសិដ្ឋាននេះស្ទើរតែ៩០% គឺបុគ្គលិកជនជាតិខ្មែរដែលជាប្រជាពលរដ្ឋនៅជុំវិញតំបន់ភ្នំតាម៉ៅ ដោយកសិដ្ឋាននេះ មានបំណងចង់ផ្តល់នូវចំណេះដឹង និងបច្ចេកទេសថ្មីៗ ពីការចិញ្ចឹមគោ ការច្របាច់ទឹកដោះគោ ការដាំស្មៅ និងការរក្សាចំណីសម្រាប់ឱ្យគោស៊ីតាមបែបទំនើបដល់ពលរដ្ឋខ្មែរ។ ក្នុងចំណោមបុគ្គលិកជាង១០០នាក់ ក្នុងនោះបុគ្គលិកបរទេសមានតែ៦នាក់ប៉ុណ្ណោះ។ លោកលើកទឹកចិត្តឱ្យប្រជាជនខ្មែរទាំងអស់ គួរទទួលទានទឹកដោះស្រស់ឱ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ ឆ្អឹង រឹងមាំ និងកាត់បន្ថយស្រ្តេស៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...