Sunday, October 24, 2021

ប្រមុខការទូត៖ តថភាពប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀង ក្រុងប៉ារីសសម្រេចទៅបាន អាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដ របស់មហារដ្ឋបុរសមួយអង្គ និងមួយរូប (Video inside)

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ បានថ្លែងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបាន គឺអាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដ របស់មហារដ្ឋបុរសមួយអង្គ និងមួយរូប គឺព្រះបរមរតនៈកោដ្ឋព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនេះគឺជាតថភាពប្រវត្តិសាស្ត្រ។ ប្រមុខការទូតកម្ពុជា ថ្លែងបែបនេះនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន ប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជាហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅវិមានសន្តិភាព។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបន្តថា ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖ មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះជម្លោះនៅកម្ពុជា។ មានតែការចរចា និងដំណោះស្រាយនយោបាយ រវាងខ្មែរ និងខ្មែរ ប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ គឺក្នុងស្មារតីនេះហើយ ដែលសម្តេចតេជោបានដាក់ចេញនាខែតុលា ឆ្នាំ១៩៨៧ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជា។ សេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជា នោះគឺ៖ (១)៖ រៀបចំជំនួប សីហនុ-ហ៊ុន សែន, (២)៖ ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និង ការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ, (៣)៖ ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និង មិនចូលបក្ខសម្ព័ន្ធ, (៤)៖ ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និង រៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន, (៥)៖ រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀងដែលនឹងសំរេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។ សម្តេច ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេក្នុងការជួបជាមួយ សម្តេច សីហនុ ហើយគោលនយោបាយខាងលើនេះហើយ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចាស្វែងរកសន្តិភាព។ «ដូចយើងបានដឹងទាំងអស់គ្នា ជំនួបលើកដំបូងដែលយើងហៅថា ជំនួបសីហនុ-ហ៊ុន សែន បានកើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនេះបានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដ ឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលមានអាយុ៣០ឆ្នាំគត់ នៅថ្ងៃនេះ»។ នេះបើតាមការបញ្ជាក់បន្ថែម ពីលោក ប្រាក់ សុខុន។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កាលពីថ្ងៃច័ន្ទមុននេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយនូវក្រដាសប្រាក់ថ្មីមានតម្លៃ ៣០ ០០០រៀល។ នៅលើក្រដាសប្រាក់នេះ ដែលត្រូវបានលើកគំរោងតាំងពីឆ្នាំទៅមិញម្ល៉េះ មានសរសេរថា «អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១-២០២១)» ព្រមទាំងបង្ហាញរូបព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងសម្តេចតេជោ ហ៊ុន សែន នាឱកាសនៃការយាងនិវត្តន៍របស់ព្រះករុណា មកកាន់មាតុភូមិវិញ នៅឆ្នាំ១៩៩១។ តាមរយៈការបោះពុម្ពផ្សាយក្រដាសប្រាក់នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេច ហ៊ុន សែន ស្ថាបត្យករទីមួយ និងសំខាន់បំផុតនៃកិច្ចព្រមព្រៀងក្រុងប៉ារីស បញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃសមិទ្ធិផលជាប្រវត្តិសាស្ត្រ និងរំលឹកប្រជាពលរដ្ឋទាំងអស់ អំពីគុណបំណាច់នៃកិច្ចព្រមព្រៀង និងអ្នកដែលបានរួមគ្នាសំរេចកិច្ចព្រមព្រៀងនោះ ចំពោះសន្តិភាព និងការបង្រួបបង្រួមជាតិ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...