Thursday, September 30, 2021

មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា៖ សេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ដែលស្នើដោយតំណាងរាស្រ្តអាមេរិក២រូប មានចរិតនយោបាយ មិនឆ្លុះបញ្ចាំងស្ថានភាពពិតនៅកម្ពុជា (Video inside)

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា សេចក្តីស្នើច្បាប់ «ច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១» ឬ Cambodia Democracy Act of 2021 ដែលបានអនុម័តដោយសភាជាន់ទាបអាមេរិក កាលពីថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញ មិនឆ្លុះបញ្ចាំងស្ថានភាពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា ហើយសេចក្តីស្នើច្បាប់នេះ មានចរិតនយោបាយស្នើឡើងដោយតំណាងរាស្រ្តអាមេរិក ២ ឬ៣នាក់ប៉ុណ្ណោះ ដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងអតីតគណបក្សប្រឆាំង។ លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំសង្កេតឃើញថា ការរៀបចំសេចក្តីស្នើច្បាប់នេះ គឺមានចរិតជានយោបាយច្រើនជាង ព្រោះថាបញ្ហាសិទ្ធិមនុស្សនេះ គឺពុំមានប្រទេសណាមួយល្អឥតខ្ចោះនោះទេ គ្រាន់តែប្រទេសខ្លះមានច្រើន និងប្រទេសខ្លះមានតិច ហើយការវាយតម្លៃពីការគោរពសិទ្ធិមនុស្សក៏ត្រូវតែប្រែប្រួល ទៅតាមបរិបទសង្គម និងតំបន់នីមួយៗផងដែរ»។ អ្នកនាំពាក្យរូបនេះ បានបន្តថា «សូម្បីតែសហរដ្ឋអាមេរិកខ្លួនឯងក៏មានបញ្ហារំលោភសិទ្ធិមនុស្សនេះច្រើនគួរសមដែរ មិនតិចជាងគេប៉ុន្មាននោះទេ អញ្ចឹងការរៀបចំច្បាប់នេះ គឺវាមានចរិតជានយោបាយដែលវាស្នើឡើងដោយតំណាងរាស្ត្រ ២ ឬ៣នាក់ ដែលមានទំនាក់ទំនង ជាមួយអតីតបក្សប្រឆាំងដែលមាននិន្នការនយោបាយប្រឆាំងទៅនឹងកម្ពុជា ជាពិសេស គឺគណបក្សកាន់អំណាចតាំងពីដើមរៀងមក ដែលធ្វើឡើងមកនេះ គឺដើម្បីសម្រេចមហិច្ឆតានយោបាយ ប្រជាប្រិយភាព និងការគាំទ្រផ្នែកនយោបាយ ពីប្រជាពលរដ្ឋនៅក្នុងរដ្ឋដែលខ្លួនជាតំណាងតែប៉ុណ្ណោះ»។ លោក ជិន ម៉ាលីន បានបន្ថែមថា សេចក្តីស្នើច្បាប់នេះ ត្រូវឆ្លងការអនុម័តពីព្រឹទ្ធសភា និងការយល់ព្រមពីប្រធានាធិបតី អញ្ចឹងជាកម្រិតជាតិតែម្តង ខ្ញុំគិតថាព្រឹទ្ធសភា និងប្រធានាធិបតីអាមេរិក គេគិតពីប្រយោជន៍ជាតិរបស់អាមេរិកកាំងទាំងមូល ចៀសជាងប្រយោជន៍នយោបាយរបស់តំណាងរាស្ត្រតែប៉ុន្មាននាក់នេះ ពីព្រោះថា នៅក្នុងស្ថានភាពនយោបាយអន្តរជាតិនាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកត្រូវការកម្ពុជា ជាងពេលណាៗទាំងអស់ ដើម្បីសម្រេចនូវឥទ្ធិពលផ្នែកនយោបាយ នៅក្នុងភូមិសាស្ត្រតំបន់ ជាពិសេសតំបន់អាស៊ីអាគ្នេយ៍នេះ ដែលក្នុងពេលនេះកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ ជាពិសេសនោះគឺកម្ពុជាជាប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នាចុងខែវិច្ឆិកា ឆ្នាំ២០២១ និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ ខាងមុខនេះ អញ្ចឹងសហរដ្ឋអាមេរិក ក៏ត្រូវការប្រទេសកម្ពុជា ច្រើនគួរសមដែរ ដើម្បីសម្រេចនូវមហិច្ឆតាភូមិសាស្ត្រនយោបាយក្នុងតំបន់របស់ខ្លួន។ បន្ថែមពីនេះ លោក ជិន ម៉ាលីន បានសន្និដ្ឋានថា សម្រាប់នៅក្នុងកម្រិតជាតិសហរដ្ឋអាមេរិក នឹងគិតពីប្រយោជន៍របស់ជាតិ និងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាទំនាក់ទំនងទ្វេរភាគី ជាមួយកម្ពុជាច្រើនជាងប្រយោជន៍នយោបាយរបស់ក្រុមតំណាងរាស្ត្រប៉ុន្មាននាក់នេះ ដូច្នេះ បើគិតជាកម្រិតជាតិរបស់អាមេរិក សេចក្តីស្នើច្បាប់ស្នើស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ នឹងពិបាកចេញរួច។ អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ថា បើទោះបីជាមានច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ឬក៏មិនមានក៏ដោយក៏កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាត្រូវប្រកាន់គោលជំហរនយោបាយការទូត និងនយោបាយអន្តរជាតិ ដោយមានភាពបត់បែន ជាពិសេសប្រកាន់ភ្ជាប់នូវគោលការណ៍សន្តិសហវិជ្ជមាន គឺសហការ និងចងមិត្តជាមួយគ្រប់បណ្តាប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេសធំនោះ មាន ឬក្រ ឬប្រទេសលទ្ធិប្រជាធិបតេយ្យ ឬមិនប្រជាធិបតេយ្យនោះទេ ដើម្បីផលប្រយោជន៍ជាតិរបស់កម្ពុជាទាំងមូល។ ទន្ទឹមនឹងនេះដែរ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់កម្ពុជារូបនេះ បានគូសបញ្ជាក់ថា ដូច្នេះ ដោយផ្អែកទៅលើគោលការណ៍សន្តិសហវិជ្ជមាននេះ បើប្រទេសណាសហការជាមួយកម្ពុជា កម្ពុជានឹងសហការជាមួយប្រទេសនោះវិញ ព្រមទាំងចូលរួមគ្រប់វេទិកាតំបន់ និងវេទិកាអន្តរជាតិសំខាន់ៗទាំងអស់ ហើយការអនុវត្តន៍គោលនយោបាយសន្តិសហវិជ្ជមាននេះ គឺផ្អែកលើគោលការណ៍អន្តរជាតិធំៗមួយចំនួន ជាពិសេសគឺការគោរពគ្នាទៅវិញទៅមក ការគោរពនូវអធិបតេយ្យភាពគ្នាទៅវិញ ទៅមក និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាជាដើម។ បើតាមលោកលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, រអនុម័តច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ឬ Cambodia Democracy Act of 2021 ដែលឆ្លងកាត់សភាសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជានោះ វាគ្រាន់តែជាជ្រុងតូចមួយនៃនយោបាយរបស់អតីតគណបក្សប្រឆាំង ដែលបញ្ចុះបញ្ចូលនៅក្រៅប្រទេសសម្រាប់អ្នកដែលប្រកាន់និយមតែប៉ុណ្ណោះ ប៉ុន្តែច្បាប់នេះនឹងមិនទទួលជោគជ័យនោះទេ។ ជាមួយគ្នានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការសោកស្តាយ ចំពោះការរៀបចំសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដោយតំណាងរាស្រ្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោកជឿជាក់ថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ សូមជម្រាបថា សេចក្តីស្នើច្បាប់ស្នើស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ដែលសភាជាន់ទាបអាមេរិកអនុម័ត ត្រូវបានស្នើឡើងដោយ លោក Steve Chabot អ្នកតំណាងរាស្ត្រ នៃបក្សសាធារណរដ្ឋប្រចាំនៅ រដ្ឋ Ohio និង លោកAlan Lowenthal អ្នកតំណាងរាស្ត្រ នៃគណបក្សប្រជាធិបតេយ្យប្រចាំនៅរដ្ឋ California ដែលអ្នកតំណាងរាស្រ្តទាំង២រូបនេះ តែងចេញមុខវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់នាពេលកន្លងទៅ។ ចេតនានៃការរៀបចំសេចក្តីស្នើច្បាប់នេះ គឺដើម្បីដាក់សម្ពាធមកលើប្រទេសកម្ពុជា។ បន្ទាប់ពីសភាជាន់ទាបអាមេរិកអនុម័ត សេចក្តីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាអនុម័តថែមទៀត មុននឹងបញ្ជូនទៅកាន់ប្រធានាធិបតី៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...