Friday, September 17, 2021

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអតីតមេបក្សប្រឆាំង «ស្បថឱ្យស្លាប់មួយពូជ» បើថាសម្តេចបបួលធ្វើច្បាប់លើកលែងទោសដល់អតីតប្រធានស្ថាប័នអំណាចទាំង៣ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានទាមទារឱ្យអ្នកនយោបាយមួយរូប ដែលសម្តេចមិនបញ្ចេញឈ្មោះ ឱ្យ «ស្បថឱ្យស្លាប់មួយពូជ» បើសិនជាសម្តេចបានបបួលរូបគេ ដើម្បីរៀបចំច្បាប់ផ្តល់អភ័យឯកសិទ្ធិលើកលែងទោសដល់ អតីតប្រធានស្ថាប័នអំណាចទាំង៣ រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីមែននោះ។ ទោះបីជាមិនបានបញ្ចេញឈ្មោះ អ្នកនយោបាយរូបនោះ ក៏ប៉ុន្តែសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ទំនងជាចង់សំដៅដល់ លោក សម រង្ស៉ី អតីតមេដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស គ្រាដែលគណបក្សនេះទទួលបានអសនៈចំនួន៥៥ នៅក្នុងរដ្ឋសភា ហើយភាគីទាំងពីរគឺជាអតីតដៃគូសន្ទនា ត្រឹមមួយរយៈពេលខ្លី។ ដោយរំលឹកអំពីការចាញ់នយោបាយក្រោមស្នាដៃរបស់សម្តេចជាច្រើនលើកច្រើនសារ ហើយជឿជាក់ថា ចាញ់មួយជីវិត សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ នៅវិមានសន្តិភាព បានទាមទារឱ្យអតីតមេបក្សប្រឆាំងស្បថ រឿងដើរឃោសនាថា សម្តេចជាអ្នកបបួលឱ្យធ្វើច្បាប់ផ្តល់អភ័យឯកសិទ្ធិ និងលើកលែងទោសនានា ដល់ប្រធានស្ថាប័នអំណាចទាំង៣ រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «គេថា ហ៊ុន សែន ត្រូវការ រហូតដល់មួលបង្កាច់ខ្ញុំថាខ្ញុំទៅបបួលគេឲ្យធ្វើច្បាប់លើកលែងទោស បើហ្អែងហ៊ានស្បថណា ហ្អែងស្បថឱ្យងាប់ទាំងពូជ បើថាអញធ្លាប់បានបបួល ហ្អែងហ៊ានស្បថឬអត់? អញប្រកាសចេញពីហ្នឹងទៅតែម្ដង។ គេថា ហ៊ុន សែន ចង់ធ្វើច្បាប់លើកលែងទោសដល់មនុស្សបីនាក់ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ហ្អែងហ៊ានស្បថទេថាអញបបួលហ្អែងធ្វើ ហ្អែងអ្នកបបួលអញធ្វើតែអញមិនធ្វើ»។ សម្តេចបានរំលឹកថា សម្ដេចធ្លាប់បានទទួលសំណើអំពីការស្នើសុំធ្វើច្បាប់លើកលែងទោសដល់អតីតនាយករដ្ឋមន្ត្រី អតីតប្រធានព្រឹទ្ធសភា និងអតីតប្រធានរដ្ឋសភានេះ តាំងពីជំនាន់ លោក អ៉ឹង ហួត មកម្ល៉េះ ហើយសម្តេចបានបញ្ជាក់ទៀតថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ធ្លាប់បានស្នើសុំរៀបចំច្បាប់នេះដែរ ប៉ុន្តែសម្ដេចពុំបានយល់ព្រមឡើយ។ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាសហនាយករដ្ឋមន្រ្តីទី១ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ខណៈសម្តេចតេជោ ហ៊ុន សែន សហនាយករដ្ឋមន្រ្តីទី២ ក្រោយមករដ្ឋសភាបានបោះឆ្នោតជូនលោក អ៉ឹង ហួត ជំនួសតំណែងសម្តេចក្រុមព្រះ នរោត្តម រណ្ណឫទ្ធិ នៅឆ្នាំ១៩៩៧ បន្ទាប់ពីមានការទម្លាក់សម្តេចក្រុមព្រះចេញពីតំណែង។ សម្តេចថ្លែងថា «ប៉ុន្តែឥឡូវអ្នកឯងចង់ដឹងឬ ច្បាប់មួយរឿងអី បង្កើតមិនកើត? ប្រសិនបើខ្ញុំចង់បានមែន កុំថាឡើយច្បាប់សូម្បីតែរដ្ឋធម្មនុញ្ញក៏ CPP កែបានដែរ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ អ្នកឯងកុំចង់សាក !»។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៀតថា «តើអ្នកឯងហ៊ានស្បថឲ្យធ្លាក់យន្តហោះស្លាប់ទេ»។ សម្ដេចរំលឹកថាកាលពីឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជាមានសំឡេងចំនួន ២ភាគ៣ នៃរដ្ឋសភាទាំងមូល ដែលអាចកែរដ្ឋធម្មនុញ្ញបាន ម្ដេចក៏គណបក្សប្រជាជនមិនធ្វើច្បាប់នេះ។ សម្ដេចបានបញ្ជាក់ទៀតថា សូម្បីតែឆ្នាំ២០១៣ ដែលគណបក្សប្រជាជនឈ្នះឆ្នោត ក៏មានលទ្ធភាពនៅក្នុងការរៀបចំច្បាប់ ប៉ុន្តែគណបក្សប្រជាជនមិនបានធ្វើទេច្បាប់បែបនេះទេ។ «ម៉ោងនេះហ្អែងចង់សាក? អញដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ព្រោះរដ្ឋធម្មនុញ្ញ បានចេញមួយឃ្លាហើយព្រះមហាក្សត្រមិនអាចរំលោភបំពានបាន យើងអាចចែងបន្តទៀត ប្បញត្តិណាមួយថា អតីតប្រធានព្រឹទ្ធសភា អតីតប្រធានរដ្ឋសភា អតីតនាយករដ្ឋមន្ត្រី ត្រូវមានអភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ ហើយក៏អាចបន្ថែមរបបប្រាក់ខែទៀត និងអង្គរក្សទៀតដូចប្រធានាធិបតីអាមេរិក អ្ហែងចង់សាក?»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។ នៅក្នុងឱកាសនោះ សម្ដេចតេជោបានឆ្លៀតពន្យល់ទៅអ្នកអត្ថាធិប្បាយតាម Facebook ម្នាក់ ដែលមានការភាន់ចំឡំចំពោះលទ្ធផលបោះឆ្នោតឆ្នាំ២០១៣។ សម្តេចបកស្រាយថា ឆ្នាំ២០១៣ គណបក្សប្រឆាំងមិនបានឈ្នះដូចការឃោសនានោះទេ គឺគណបក្សប្រជាជនកម្ពុជាទេជាអ្នកឈ្នះ ដោយគណបក្សប្រជាជនកម្ពុជាបានក្តាប់បានការយកប្រៀបសន្លឹកឆ្នោតរបស់ខ្លួននៅតាមបណ្តាខេត្ត។ សម្ដេចទទួលស្គាល់ថា នៅពេលនោះពិតជាមាន នៅតាមតំបន់ទីក្រុងមួយចំនួន គណបក្សប្រជាជនកម្ពុជា បានសំឡេងខ្លះមែន ប៉ុន្តែការបាត់បង់សំឡេង នោះ មិនឈ្នះតាមខេត្តដែលគណបក្សប្រជាជនកម្ពុជា មានចំនួន៩ អសនៈទៅហើយ។ សម្ដេចតេជោបានបញ្ជាក់ថា ការបាត់បង់សន្លឹកឆ្នោតនៅតំបន់ទីប្រជុំជនមួយចំនួននោះ មិនមែនមកពីប្រជាពលរដ្ឋស្រលាញ់បក្សប្រឆាំងទេ ប៉ុន្តែមកពីកំហឹងជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែពេលនេះសន្លឹកឆ្នោតដែលបាត់បង់នោះបានត្រឡប់មកវិញហើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រឿងផ្តល់អភ័យឯកសិទ្ធិ លេីកលែងទោសនេះ បើកាលណាចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយនោះ នឹងមិនងាយកែបានទេ ព្រោះត្រូវការសំឡេង២ភាគ៣ នៅក្នុងសភា ខណ:ក្នុងរដ្ឋធម្មនុញ្ញមានការកំណត់២ចំណុចដែលមិនអាចកែបានក៏ដោយទោះជាសំឡេងប៉ុន្មានក៏ដោយ នោះគឺ ការប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា បុគ្គលដែលនិយាយថា អត់ពីសម្តេចទៅ ដួលរលំនៅរបបរាជានិយមនោះគឺមានចេតនារំលាយរដ្ឋធម្មនុញ្ញ។ សម្តេចបានបញ្ជាក់ថា របបរាជានិយម នឹងនៅជាអមតៈ បើសិនជាកម្ពុជានៅតែរក្សាបាននូវរបបប្រជាធិបតេយ្យ លើកលែងតែករណីផ្ដួលរំលំ ហើយរំលាយរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ។ ជាមួយនឹងប្រតិកម្មនេះ សម្ដេចប្រកាសម្ដងទៀតថា សម្ដេចនឹងមិនចរចាជាមួយបក្សប្រឆាំងទេ ដោយកិច្ចការសំខាន់របស់សម្ដេច នៅពេលនេះ ការរៀបចំដើម្បីបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣។ ចំណែករឿងរបស់ក្រុមប្រឆាំង គឺទុកឲ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់តែម្តង ហើយគ្មានទេនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាលើកទី២៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...