Sunday, May 23, 2021

យល់ដឹងផ្នែកច្បាប់៖ ប្រាក់ប្រដាប់ក្តីក្នុងរឿងរដ្ឋប្បវេណី

(ភ្នំពេញ)៖ ជាទូទៅរឿងក្ដីរដ្ឋប្បវេណី គឺជាវិវាទរវាងបុគ្គលឯកជន ដោយប្រើប្រាស់តាមរយៈប្រព័ន្ធតុលាការរបស់រដ្ឋ ហេតុដូចនេះនៅក្នុងរឿងក្ដីរដ្ឋប្បវេណី យើងឃើញថាតុលាការតែងតែតម្រូវឱ្យដើមបណ្ដឹងធ្វើការបង់ប្រាក់ថ្លៃពន្ធ និងសោហ៊ុយចំណាយផ្សេងៗដើម្បីដំណើរការនីតិវិធីនៃរឿងក្ដីនោះ ហើយប្រាក់ដែលត្រូវបង់នេះ ហៅថាប្រាក់ប្រដាប់ក្ដី។ តើអ្វីទៅជាប្រាក់ប្រដាប់ក្ដី? តើប្រាក់ប្រដាប់ក្ដីមានប៉ុន្មានប្រភេទ? តើត្រូវបង់ប្រាក់ប្រដាប់ក្ដីយ៉ាងដូចម្ដេច? ហើយនរណាខ្លះជាអ្នកទទួលបន្ទុក? ហេតុដូចនេះ ដើម្បីឱ្យជ្រាបច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ប្រាក់ប្រដាប់ក្ដីក្នុងរឿងរដ្ឋប្បវេណី» មកធ្វើការបកស្រាយចែកជូនបងប្អូនប្រជាពលរដ្ឋ មន្រ្ដីរាជការ សិស្សនិស្សិតដូចតទៅ៖ ប្រាក់ប្រដាប់ក្ដី គឺជាពន្ធសរុប និងចំណាយផ្សេងៗ ដែលត្រូវបង់សម្រាប់ដំណើរការនៃរឿងក្ដីនីមួយៗ ដែលត្រូវបានកំណត់ដោយតុលាការ ដោយការគណនាតាមកំណត់ច្បាប់។ យោងតាមច្បាប់កម្ពុជា ប្រាក់ប្រដាប់ក្ដីចំពោះរឿងក្ដីព្រហ្មទណ្ឌពុំមានឡើយ គឺមានតែប្រាក់ប្រដាប់ក្ដីក្នុងរឿងក្ដីរដ្ឋប្បវេណីតែប៉ុណ្ណោះ។ ជាទូទៅទំហំចំនួននៃប្រាក់ប្រដាប់ក្ដីរដ្ឋប្បវេណី និងបុគ្គលដែលត្រូវទទួលបន្ទុកនៃប្រាក់ប្រដាប់ក្ដីរដ្ឋប្បវេណី គឺប្រែប្រួលទៅតាមប្រភេទនៃបណ្ដឹង តម្លៃកម្មវត្ថុនៃការទាមទារជាក់ស្ដែងនៅក្នុងបណ្ដឹង និងស្ថានភាពផ្សេងៗនៃរឿងក្ដីរដ្ឋប្បវេណីនីមួយៗ។ យោងតាមក្រមនីតិវិធីរដ្ឋប្បវេណីប្រភេទនៃប្រាក់ប្រដាប់ក្ដីត្រូវបែងចែកជា ០៣ប្រភេទគឺ ពន្ធដាក់ពាក្យសុំ ប្រាក់ប្រដាប់ក្ដីតុលាការក្រៅពីពន្ធ និងប្រាក់ប្រដាប់ក្ដីភាគី ដែលយើងនឹងពន្យល់ដូចខាងក្រោម៖ ១៖ ពន្ធដាក់ពាក្យសុំ៖ គឺជាប្រាក់ពន្ធដែលដើមចោទត្រូវបង់នៅពេលដាក់ពាក្យបណ្ដឹង ទៅតាមចំនួនដែលគណនាតាមតម្លៃកម្មវត្ថុនៃបណ្ដឹង។ តម្លៃកម្មវត្ថុ នៃបណ្ដឹងត្រូវបានគណនា ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍ ដែលបានទាមទារក្នុងបណ្ដឹងនោះ។ ក្នុងករណីដែលការទាមទារ ច្រើនចំណុចក្នុងបណ្ដឹងតែមួយ តម្លៃសរុបនៃការទាមទារទាំងនោះ ត្រូវបានចាត់ទុកជាតម្លៃកម្មវត្ថុនៃបណ្ដឹង លើកលែងតែចំពោះការទាមទារនីមួយៗ ក្នុងករណីដែលផលប្រយោជន៍ ដែលបានទាមទារ មានលក្ខណៈដូចគ្នាចំពោះការទាមទារនីមួយៗនោះ។ ក្នុងករណីដែលការទាមទារលើផលសំណង នៃការខូចខាត ប្រាក់ធានាសងក្នុងករណីបំពានកិច្ចសន្យា ឬ សោហ៊ុយ គឺជាកម្មវត្ថុបន្ទាប់បន្សំនៃបណ្ដឹង នោះតម្លៃទាំងនោះ មិនត្រូវបូកសរុបលើការគណនាតម្លៃកម្មវត្ថុនៃបណ្ដឹងឡើយ។ ក្នុងករណីដែលមានការពិបាកក្នុងការគណនាតម្លៃដែលបានកំណត់ខាងលើនេះ តុលាការត្រូវកំណត់តម្លៃនោះ ដោយឆន្ទានុសិទ្ធិសមហេតុផល។ ប្រសិនបើតម្លៃនោះមិនអាចគណនាបានទេ នោះត្រូវចាត់ទុកថាមានចំនួន ៥.៥០០.០០០ (ប្រាំលានប្រាំសែន) រៀល។ យោងតាមក្រមនីតិវិធីរដ្ឋប្បវេណី នៅពេលដែលដាក់ពាក្យបណ្ដឹង ដើមចោទត្រូវបង់ពន្ធដែលមានចំនួនប្រាក់ដោយគណនាទៅតាមតម្លៃកម្មវត្ថុនៃបណ្ដឹង ដែលបានកំណត់ក្នុងចំណុចនីមួយៗខាងក្រោមនេះទៅតុលាការ៖ ក៖ ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្ដឹងដល់ ១០.០០០.០០០ (ដប់លាន) រៀល ក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ១.០០០ (មួយពាន់) រៀល។ ខ៖ ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្ដឹងដែលលើស ១០.០០០.០០០ (ដប់លាន) រៀលដល់ ១០០.០០០.០០០ (មួយរយលាន) រៀល ក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ៧០០ (ប្រាំពីររយ) រៀល។ គ៖ ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្ដឹងដែលលើស ១០០.០០០.០០០ (មួយរយលាន) រៀលដល់ ១.០០០.០០០.០០០ (មួយពាន់លាន) រៀល ក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់៣០០ (បីរយ) រៀល។ ឃ៖ ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្ដឹងដែលលើស ១.០០០.០០០.០០០ (មួយពាន់លាន) រៀល ក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ១០០ (មួយរយ) រៀល។ ដោយឡែក ចំពោះពន្ធដាក់ពាក្យសុំក្នុងការដាក់ពាក្យបណ្ដឹងឧបាស្រ័យត្រូវកំណត់ ការដាក់បណ្ដឹងឧទ្ធរណ៍ត្រូវបង់ពន្ធ ១,៥ ដង (មួយក្បៀសប្រាំដង) នៃពន្ធដែលបានបង់នៅសាលាដំបូង, បណ្ដឹងសាទុក្ខត្រូវបង់ពន្ធ ២ ដង (ពីរដង) និងការដាក់បណ្ដឹងជំនុំជម្រះសាជាថ្មី ត្រូវបង់ ១០.០០០ (មួយម៉ឺន) រៀល។ បន្ថែមពីនោះ ចំពោះការដាក់ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន ត្រូវបង់ពន្ធដែលមានចំនួន ១ ភាគ ២ (មួយភាគពីរ) និងករណីដាក់ពាក្យសុំទៅតុលាការ ឱ្យសម្រេចសេចក្ដីផ្សេងៗត្រូវបង់ពន្ធចំនួន ៥.០០០ (ប្រាំពាន់) រៀលទៅតុលាការ។ ការបង់ពន្ធដាក់ពាក្យសុំនេះ ត្រូវធ្វើដោយការបង់ជាប្រាក់នៅកន្លែងទទួលពាក្យនៃតុលាការ។ ពាក្យបណ្ដឹង ឬពាក្យសុំដែលមិនបានបង់ពន្ធនៅពេលដាក់ទេ ត្រូវចាត់ទុកថាជាពាក្យបណ្ដឹង ឬពាក្យសុំមិនស្របច្បាប់។ នៅក្នុងករណីដែលបង់ពន្ធលើស តុលាការនឹងសងពន្ធដែលបានបង់លើសមកវិញ។ មួយវិញទៀត តុលាការនឹងសងពន្ធពាក់តែកណ្តាល កាលបើភាគីផ្សះផ្សាបានលទ្ធផលមុនពេលធ្វើការទាញហេតុផលដោយផ្ទាល់មាត់ ឬដកពាក្យបណ្តឹងមុនពេលចប់កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់លើកដំបូង ឬករណីមានសេចក្តីសម្រេចលើកចោលពាក្យបណ្តឹងដោយមិនឆ្លងកាត់ការទាញហេតុផលផ្ទាល់មាត់ចូលជាស្ថាពរ។ ២៖ ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ៖ គឺជាពន្ធដែលភាគី ឬបុគ្គលដែលពាក់ព័ន្ធនឹងរឿងក្តីត្រូវបង់ឱ្យតុលាការដោយចំនួនទឹកប្រាក់ជាក់លាក់ ត្រូវបានកំណត់ដោយតុលាការ ទាក់ទងនឹងសកម្មភាពរបស់តុលាការជាអាទិ៍៖ * សម្រាប់ការត្រួតពិនិត្យភស្ដុតាង ការបញ្ជូនឯកសារ ឬសកម្មភាពផ្សេងៗទៀត តាមនីតិវិធីនៅក្នុងបណ្ដឹងរដ្ឋប្បវេណី។ ឧទាហរណ៍ សោហ៊ុយថ្លៃបញ្ជូនដីកាកោះទៅដើមចោទ ឬចុងចម្លើយ។ * សោហ៊ុយធ្វើដំណើរ ស្នាក់នៅសម្រាប់ចៅក្រម និងក្រឡាបញ្ជី ដើម្បីធ្វើការពិនិត្យភស្តុតាង ស្រាវជ្រាវអង្គហេតុ ឬសកម្មភាពផ្សេងទៀតនៅខាងក្រៅតុលាការ។ ឧទាហរណ៍ ការសាកសួរសាក្សីនៅមន្ទីរពេទ្យ (តម្លៃនៃការបង់អាស្រ័យទៅលើភាពជាក់ស្តែង)។ នៅក្នុងការអនុវត្តជាក់ស្តែងប្រាក់ប្រដាប់ក្ដីតុលាការក្រៅពីពន្ធ ចៅក្រមខ្លះកំណត់តម្លៃ ១០០.០០០ (មួយរយពាន់) រៀល រីឯចៅក្រមខ្លះទៀតកំណត់តម្លៃ ២០០.០០០ (ពីររយពាន់) រៀល។ ការកំណត់តម្លៃខុសៗគ្នានេះ ដោយសារតែគ្មានការកំណត់តម្លៃឱ្យមានលក្ខណៈជាស្តង់ដារនៅឡើយនៅកម្ពុជា ប៉ុន្តែករណីនៅប្រទេសជប៉ុនគេបានកំណត់ជាស្តង់ដារតែម្តង។ ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ តម្រូវឱ្យភាគីធ្វើការបង់ជាមុនដើម្បីឱ្យតុលាការធ្វើសកម្មភាពណាមួយ ប៉ុន្តែករណីដែលភាគីមិនបានបង់ទេ នោះតុលាការនឹងមិនធ្វើនូវសកម្មភាពដែលតម្រូវឱ្យបង់ប្រាក់ប្រដាប់ក្តីនោះឡើយ។ ៣៖ ប្រាក់ប្រដាប់ក្តីភាគី៖ គឺជាប្រាក់ដែលភាគីត្រូវបង់ទៅតុលាការតាមការកំណត់របស់តុលាការទាក់ទងនឹងសកម្មភាពជាអាទិ៍៖ * សោហ៊ុយធ្វើលិខិតពាក្យបណ្តឹង លិខិតពាក្យសុំផ្សេងៗ ឬឯកសារផ្សេងៗដូចជា ឯកសារត្រៀម និងថ្លៃដាក់ឯកសារទៅតុលាការ។ * សោហ៊ុយធ្វើដំណើរ ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃស្នាក់នៅសម្រាប់ភាគី និងអ្នកតំណាង ដើម្បីបង្ហាញខ្លួនតាមកាលបរិច្ឆេទដែលបានកំណត់។ * សោហ៊ុយផ្សេងទៀត ដែលតុលាការទទួលស្គាល់ថាជាសោហ៊ុយចាំបាច់សម្រាប់អនុវត្តនីតិវិធីបណ្តឹង ជាអាទិ៍។ ឧទាហរណ៍ នីតិវិធីតម្រូវឱ្យមានការវាស់វែងដី ឬសោហ៊ុយស្រង់ព័ត៌មានសុរិយោដី។ យោងតាមច្បាប់ ប្រាក់ប្រដាប់ក្ដី គឺជាបន្ទុករបស់ភាគីចាញ់ក្ដី ក្នុងករណីដែលបានចាញ់ក្ដីតែមួយភាគទេ តុលាការត្រូវសម្រេច នូវបន្ទុកដែលភាគីម្នាក់ៗត្រូវទទួលដោយឆន្ទានុសិទ្ធិរបស់ខ្លួន។ ក៏ប៉ុន្ដែ តុលាការអាចសម្រេចតាមកាលៈទេសៈឱ្យភាគីឈ្នះក្ដីទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្ដីទាំងអស់ ឬមួយភាគបាន ក្នុងករណីដែលភាគីឈ្នះក្ដីនោះ បានប្រព្រឹត្ដសកម្មភាពបណ្ដឹងណាមួយ ដែលមិនចាំបាច់ក្នុងការតទល់ ឬការការពារខ្លួន ឬបានធ្វើនីតិវិធីនៃបណ្ដឹងឱ្យមានការយឺតយ៉ាវ។ ដោយឡែក ចំពោះអ្នកដែលធ្វើសហបណ្ដឹងត្រូវទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្ដីស្មើៗគ្នា។ ប៉ុន្ដែ តុលាការអាចសម្រេចតាមកាលៈទេសៈឱ្យភាគីដែលធ្វើសហបណ្ដឹងទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្ដី ដោយសាមគ្គីភាពបាន ឬអាចសម្រេចឱ្យភាគីណាមួយដែលបានប្រព្រឹត្ដសកម្មភាពបណ្ដឹងណា ដែលមិនចាំបាច់ក្នុងការតទល់ ឬការការពារខ្លួន ទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្ដីច្រើនជាងភាគីដែលធ្វើសហបណ្ដឹងផ្សេងទៀតបាន។ ក្នុងករណីដែលអ្នកតំណាងដែលច្បាប់បានកំណត់ អ្នកតំណាងដោយអាណត្ដិ ឬ ក្រឡាបញ្ជី បានធ្វើឱ្យចំនួនទឹកប្រាក់ប្រដាប់ក្ដីដែលគ្មានប្រយោជន៍កើតឡើង ដោយចេតនា ឬ ដោយមានកំហុសធ្ងន់ធ្ងររបស់ខ្លួន តុលាការដែលបានទទួលពាក្យបណ្ដឹង អាចបង្គាប់ឱ្យអ្នកនោះសងនូវចំនួននៃប្រាក់ប្រដាប់ក្ដីនោះវិញបាន ដោយដីកាសម្រេចតាមពាក្យសុំ ឬដោយឆន្ទានុសិទ្ធិរបស់ខ្លួន ដែលដីកាសម្រេចនេះអាចប្ដឹងជំទាស់បាន។ សរុបមក ប្រាក់ប្រដាប់ក្ដី គឺជាពន្ធ និងសោហ៊ុយចំណាយផ្សេងៗដែលចាំបាច់សម្រាប់ដំណើការនៃរឿងក្ដីរដ្ឋប្បវេណីដែលត្រូវបង់ និងទទួលបន្ទុកដោយភាគីនៃរឿងក្ដីផ្ទាល់ ព្រោះតែតុលាការដ្ឋប្បវេណី គឺជាតុលាការអកម្ម ហើយរឿងក្ដីរដ្ឋប្បវេណី គឺជាការប្រើប្រាស់នូវប្រព័ន្ធតុលាការដើម្បីការពារនូវផលប្រយោជន៍របស់បុគ្គលឯកជនតែប៉ុណ្ណោះ៕ រៀបរៀងដោយ៖ លោក ប៊ុន វិទូ ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...