Sunday, May 23, 2021

យល់ដឹងសុខភាព៖ កម្រិតអាយុហានិភ័យកើតដុំសាច់មហារីកពោះវៀនធំ និងការស្វែងរករោគសញ្ញាដំណាក់កាលដំបូង

(ភ្នំពេញ)៖ តើលោកអ្នកកំពុងស្ថិតក្នុងក្រុមមនុស្ស ដែលមានអាយុហានិភ័យនៃការកើតមានដុំសាច់មហារីកពោះវៀនធំដែរឬទេ? ជាសកលគេបានកំណត់យកក្រុមមនុស្ស ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ដែលប្រឈមនឹងជំងឺខាងលើនេះ។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លី គឹមឈន់ ឯកទេសក្រពះ ពោះវៀន និងអង់ដូស្កូពី បានឲ្យដឹងថាការឆ្លុះពោះវៀនធំ គឺជាតេស្តមួយ ដែលមានសុក្រិតភាពបង្អស់ ក្នុងការស្វែងរកដុំសាច់មហារីកពោះវៀនធំ។ ក្នុងដំណាក់កាលដំបូង ពោលគឺសំដៅលើការរកមើលដុំសាច់ (Polyps) ដែលដុំសាច់នេះ វានឹងអាចវិវត្តទៅជាដុំសាច់មហារីក ប្រសិនបើយើងមិនបានធ្វើការកាត់ចេញទាន់ពេល និងតាមដានអោយបានត្រឹមត្រូវនោះទេ។ បច្ចុប្បន្នក្នុងបណ្តាប្រទេសមួយចំនួន បានបង្ហាញនូវការកើនឡើងនៃការរកឃើញជំងឺមហារីកពោះវៀនធំ ក្នុងក្រុមមនុស្សដែលមានអាយុតិចជាង៥០ឆ្នាំ ។ ចំពោះប្រទេសកម្ពុជា មានការសិក្សាបង្ហាញថា ការរកឃើញនូវជំងឺមហារីកពោះវៀនធំ ក្នុងក្រុមអាយុតិចជាង៤០ឆ្នាំ មានរហូតដល់ទៅ ២៩.៨% នៃអ្នកជំងឺដែលមានជំងឺមហារីកពោះវៀនធំទាំងអស់។ ដូចនេះការធ្វើតេស្តគួរចាប់ផ្តើមពីអាយុយ៉ាងយូរ៤០ឆ្នាំឡើងទៅ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា កាត់បន្ថយអត្រាហានិភ័យនៃជំងឺដុំសាច់មហារីកពោះវៀនធំ គឺផ្តើមចេញពីការធ្វើតេស្ត ដើម្បីស្វែងរកដុំសាច់ (Polyps) ចំពោះក្រុមមនុស្សស្ថិតក្នុងក្រុមអាយុ ដែលមានហានិភ័យកើតមានដុំសាច់(Polyps) គឺមិនមែនធ្វើឡើងសម្រាប់តែមនុស្សចាស់ ឬមនុស្សដែលមានរោគសញ្ញាពោះវៀនធំធ្ងន់ធ្ងរនោះទេ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...