Wednesday, January 22, 2020

ទីបំផុតប្រទេសក្រិកមានប្រធានាធិបតី ជាស្ត្រីដំបូងនៅក្នុងប្រវត្តិសាស្ត្រ!

(ប៉េកាំង)៖ ទីបំផុតលោកស្រី អេកាទែរីនី សាឃែលឡារួផួលួ (Ekaterini Sakellaropoulou) ត្រូវបានសភាប្រទេសក្រិកបោះឆ្នោតគាំទ្រ ឲ្យក្លាយជាស្ត្រីដំបូងដែលឡើងកាន់តំណែងប្រធានាធិបតី នៅក្នុងប្រវត្តិសាស្ត្រប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។ ប្រធានសភាក្រិកលោក ខូស្តាស៍ ថាសួឡាស (Costas Tassoulas) បានប្រកាសនៅថ្ងៃពុធនេះថា លោកស្រី អេកាទែរីនី សាឃែលឡារួផួលួ អាយុ ៦៣ឆ្នាំ ត្រូវបានសមាជិកភា ២៦៣រូបក្នុងចំណោម ៣០០រូបបោះឆ្នោតគាំទ្រ ដូច្នេះចាប់ពីពេលនេះតទៅ លោកស្រីនឹងក្លាយជាប្រធានាធិបតីថ្មីរបស់សាធារណរដ្ឋក្រិក ខណៈការស្បថឡើងកាន់តំណែងជាផ្លូវការនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ លោកស្រី Sakellaropoulou គឺជាកូនស្រីបង្កើតរបស់ ចៅក្រមមួយរូបនៃតុលាការកំពូលប្រទេសក្រិក ដោយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យស័របុងណេ (Sorbonne) នៃទីក្រុងប៉ារីស ប្រទេសបារាំង។ លោកស្រីក៏ធ្លាប់បានក្លាយជាស្ត្រីដំបូងរបស់ក្រិក ដែលបានកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋផងដែរ។ គួរបញ្ជាក់ថា សម្រាប់តំណែងប្រធានាធិបតីនៅក្នុងប្រទេសក្រិក គឺត្រូវដើរតួនាទីក្នុងនាមជាប្រមុខរដ្ឋ ហើយភាគច្រើនគឺបំពេញការងារពាក់ព័ន្ធនឹងពិធីការថ្នាក់ជាតិ ខណៈអំណាចប្រតិបត្តិវិញ គឺស្ថិតនៅលើប្រមុខរដ្ឋាភិបាលដែលមានលោក ឃីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) ជានាយករដ្ឋមន្ត្រី៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...