Thursday, December 5, 2019

News Update: ករណីបាញ់ប្រហារក្នុងមូលដ្ឋានទ័ពអាមេរិក Pearl Harbor លើកោះហាវ៉ៃ៖ «មនុស្ស៣នាក់រងរបួស, ខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង»

(ហូណូលូលូ)៖ ក្រុមមន្ត្រីអាមេរិកប្រចាំមូលដ្ឋានទ័ពជើងទឹកអាមេរិក ភាលហាប៊ឺ (Pearl Harbor) នៃកោះហាវ៉ៃបានឱ្យដឹងថា មនុស្សយ៉ាងហោច 0៣នាក់បានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈខ្មាន់កាំភ្លើងបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។ មុនដំបូងឡើយយោធាអាមេរិកបានអះអាងថា ខ្លួនកំពុងតែធ្វើការត្រួតពិនិត្យ ក្រោយពីមានសេចក្តីរាយការណ៍អំពីការបាញ់បោះ នៅក្នុងកំពង់ផែនាមូលដ្ឋានទ័ពជើងទឹក ភាលហាប៊ឺ (Pearl Harbor) កាលពីវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃពុធ (ម៉ោងនៅកោះហាវ៉ៃកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក)។ ជុំវិញបញ្ហានេះកាពីទែនក្រុមពន្លត់អគ្គីភ័យប្រចាំទីក្រុងហូណូលូលូ លោក ស្កុក សេហ្គីរ៉េនត៍ (Scot Seguirant) បានបញ្ជាក់ថា ក្រុមពន្លត់អគ្គីភ័យក៏ត្រូវបានបញ្ជូនឲ្យទៅកាន់មូលដ្ឋានខាងលើនេះ ដើម្បីគ្រប់គ្រងស្ថានការណ៍ផងដែរ។ រហូតទល់នឹងពេលនេះ នៅតែមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់ថា តើការបាញ់បោះនោះមានគោលបំណងអ្វីឱ្យប្រាកដនោះទេ រីឯអត្តសញ្ញាណខ្មាន់កាំភ្លើង ក៏មិនទាន់ត្រូវបានបញ្ជាក់នៅឡើយដែរ។ ប៉ុន្តែសាក្សីមិនបញ្ជាក់បញ្ចេញឈ្មោះម្នាក់បានអះអាងថា បុរសជាខ្មាន់កាំភ្លើង ស្លៀកសម្លៀកបំពាក់ឯកសណ្ឋាននាវិកនៃកងនាវាអាមេរិក បានបាញ់ត្រង់ក្បាលសម្លាប់ខ្លួនឯង ក្រោយពីបានបាញ់មនុស្សបីនាក់ឱ្យរបួស។ គួរបញ្ជាក់ថា មូលដ្ឋានទ័ព Pearl Harbor គឺជាទីតាំងឈរជើងដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកប្រចាំ មហាសមុទ្រប៉ាស៊ីហ្វិក ហើយនៅថ្ងៃសុក្រសប្តាហ៍នេះ គឺត្រូវនឹងខួបឆ្នាំទី ៧៨ ដែលមូលដ្ឋានបានរងការវាយប្រហារពីកងទ័ពអាកាសជប៉ុន ដែលកាលណោះត្រូវបានគេដឹងថា ជាការអូសអាមេរិកចូលសង្គ្រាមលោកលើកទី ២៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...