សៀមរាប៖ នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៩នេះ នៅស្រុកវ៉ារិន ខេត្តសៀមរាប មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងលោកគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល បិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋមកពីស្រុក អង្គរជុំ និង ស្រុកវ៉ារិន ចំនួន ៥០៧នាក់ ស្រី ១១៥នាក់ ។
វេទិកានេះ មានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានមកពីស្រុកវ៉ារិន និងស្រុកអង្គរជុំ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈម ដែលកើតកន្លងមក ហើយវេទិកានេះ នឹងផ្តល់ឱកាសក្នុងការបញ្ចេញនូវមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើមី្បសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍សម្រាប់រយៈពេល៥ឆ្នាំនៃអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងនោះគោលបំណងផ្នែកសេដ្ឋកិច្ច គឺលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត ឲ្យកាន់តែល្អប្រសើរ និងគោលបំណងផ្នែកសង្គមកិច្ច គឺធ្វើឲ្យកាន់តែប្រសើរឡើង នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ ធ្វើការថែរក្សាអភិរក្សសីលធម៌ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ស្រស់ផូរផង់របស់ខ្មែរយើងឲ្យបានគង់វង្ស និង លើកកម្ពស់គុណភាពអប់រំឲ្យកាន់តែល្អប្រសើរ។
ការប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដោយថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថានក្នុងខេត្ត កាត់បន្ថយជម្លោះដីធ្លី និងការយកចិត្តទុកដាក់ ព្រមទាំងកាត់បន្ថយផលប៉ះពាល់គ្រោះមហន្តរាយ។ គោលបំណង ផ្នែករដ្ឋបាល និង សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បទល្មើសដែលកើតមាននៅក្នុងខេត្ត និងកាត់បន្ថយអំពើហិង្សាក្នុងសង្គម និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ក្នុងនោះដែរសមាជិកនៃអង្គវេទិកា បានលើកនូវសំណួរសំណូមពរ អំពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋាន ដោយផ្តោតទៅលើបញ្ហាការងារអប់រំ (កង្វះគ្រូបង្រៀន,ខ្វះអគារសិក្សា,តុកៅអី ,សម្ភារៈពិសោធន៍) ,បញ្ហាផ្លូវថ្នល់ ,បញ្ហាព្រំប្រទល់រដ្ឋបាលខេត្ត និងខេត្ត ,(ស្រុកវ៉ារិន ខេត្ត សៀមរាប និង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមកុំលក់អណ្តូងរបស់អង្គការធ្វើឲ្យប្រើប្រាស់ជាសាធារណៈ ,បញ្ហាអគ្គិសនី ,សុំឲ្យមានការគាំទ្រផលិតផលក្នុងស្រុក , ។
ក្នុងនោះក៏មានលើកនូវសំណួរ និងសំណូមពរផ្ទាត់មាត់មានចំនួន១២ ហើយត្រូវបានវាគ្មិនឆ្លើយបំភ្លឺទាំង១២ ម្យ៉ាងទៀត សមាជិកអង្គវេទិកាក៏បានសរសេរដាក់ប្រអប់បានមាន ៣១សំណួរ និងសំណូមពរផងដែរ ។
លោក នាក់ ណេរ៉ុន បានធ្វើការថ្លែងអំណរគុណដល់សមាជិកសមាជិកានៃ អង្គវេទិការ ដែលបានលើកនូវចំណុចល្អៗដែលជាទុក្ខកង្វល់របស់បងប្អូននៅក្នុងមូលដ្ឋាន ពិតជាកម្លាំងចលករក្នុងការជម្រុញឲ្យមានការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានល្បឿនទៅមុខ និងបានចាក់ប្ញសចូលជ្រៅដល់មូលដ្ឋាន។ ក្នុងនោះលោក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមទឹកទុកនៅពេលខាងមុខ កុំបូមទឹកចេញ ដើម្បីចាប់ត្រី ព្រោះនារដូវប្រាំងខាងមុននឹងមានគ្រោះរាំងស្ងួត។
លោក អ៊ាន ឃុន ក៏បានធ្វើការបូកសរុបដោយថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួមក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩ ដែលបានធ្វើឲ្យយើងបានយល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្រុង ស្រុក និងដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ។
អង្គវេទិកាអស់រយៈពេលពេញមួយព្រឹកនេះ ជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះ កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យ ពិចារណា និង ធ្វើការឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមក្នុងឆ្នាំ២០១៩ និងគម្រោងសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ដែលជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរ។
ម៉្យាងវិញទៀត អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និងកង្វល់ទាំងនេះទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៏អក្សរដល់ម្ចាស់សំណួរបងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕



0 comments