នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក វន់ ម៉ុកលី (Won Meok Lee)សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim)ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃប្រទេសកូរ៉េ។
នៅក្នុងជំនួបនេះ លោក Won Meok Lee បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថាលោកបានធ្លាប់មកកាន់ប្រទេសកម្ពុជាម្ដងរួចមកហើយកាលពី១០ឆ្នាំមុន ហើយក៏បានជួបលោកនាយករដ្ឋមន្ត្រីផងដែរកាលពេលនោះ។ លោកបានអរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកបានថា កាលពីម្សិលមិញនេះលោកបានអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរពេទ្យព្រះអង្គឌួង ជាពិសេសនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្យាបាលជំងឺភ្នែកដែលជួយដោយប្រទេសកូរ៉េ តាមរយៈអង្គការកូយការ (KOICA)។
ក្នុងនោះលោកក៏បានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដោយសារកន្លងមកមានកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យរបស់គាត់ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា កន្លងមក លោកបានជួយដល់ការងារផ្នែកសុខាភិបាលច្រើន ជាពិសេសការយកចិត្តទុកដាក់ និងការព្យាបាលជំងឺភ្នែកតាមរយៈមជ្ឈមណ្ឌលដែលនៅមន្ទីពេទ្យព្រះអង្គឌួងនោះ ហើយលោកប្ដេជ្ញាថា នឹងខិតខំជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀតផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណដល់ប្រទេសកូរ៉េដែលកន្លងមកធ្លាប់បានជួយដល់ប្រទេសកម្ពុជាលើវិស័យផ្សេងៗជាពិសេសដល់ផ្នែកវិស័យសុខាភិបាលក៏ដូចជាវិស័យអប់រំ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកពិតជាអរគុណទៅដល់ភាគីកូរ៉េដែរបានជួយក្នុងការផ្ដល់នូវការព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា ដែលប្រជាជនកម្ពុជាជាច្រើនមានបញ្ហាជំងឺភ្នែកនេះ ហើយពួកគាត់ពិតជាត្រូវការចាំបាច់នូវសេវាព្យាបាលបញ្ហានៃជំងឺភ្នែក រួមទាំងជំងឺគថ្លង់ផងដែរ។
កន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកជួយថែទាំ និងព្យាបាលប្រជាពលរដ្ឋដែលមានជំងឺភ្នែក និងគថ្លង់ ពិការនេះជាដើម ជាពិសេសកន្លងមកនេះយើងក៏មានអង្គការគ្រួសារថ្មីដែលបានយកចិត្តទុកដាក់ក្នុងការជួយដល់កុមារពិការ និងគថ្លង់ ហើយថ្មីៗនេះអង្គការគ្រួសារថ្មីនេះត្រូវបានបញ្ចូលឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជាវិញ ដូច្នេះនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កន្លងមកនេះ រាជរដ្ឋាភិបាលយើងក៏ទទួលបានភាពជោគជ័យផងដែរ ទាក់ទងទៅនឹងការបង្ការទប់ស្កាត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូសជាដើម។ ហើយបច្ចុប្បន្ននេះកម្ពុជា កំពុងតែយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងជំងឺរបេង ជំងឺជំងឺលើសឈាម និងជំងឺគ្រុនចាញ់ជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការវិនិយោគយ៉ាងច្រើនទៅលើវិស័យសង្គមកិច្ច ជាពិសេសក្នុងការផ្ដល់នូវថវិកាជាតិទៅលើវិស័យអប់រំ វិស័យសុខាភិបាល ដើម្បីផ្ដល់នូវប្រយោជន៍ ក៏ដូចជាបម្រើនូវសេវាដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរថា នៅពេលខាងមុខនេះ គឺនៅក្នុងអំឡុងខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ២ ដែលទី១គឺកិច្ចប្រជុំអាស៊ាន-កូរ៉េ និងទី២ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលគ្រោងនឹងធ្វើនៅទីក្រុងប៊ូសាននាពេលខាងមុខនេះ។ជាការឆ្លើយតបតាមការអញ្ជើញរបស់លោកបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង លោកបានឲ្យរកពេលវេលាណាសមស្របដើម្បី អញ្ជើញទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ កន់យ៉ាង នៃប្រទេសកូរ៉េនោះ។ ហើយនៅក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ក៏មានគម្រោងជួបជាមួយពលករខ្មែរដែលបម្រើការងារនៅឯប្រទេសកូរ៉េនោះផងដែរ៕


0 comments