នៅក្នុងជំនួបពិភាក្សានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ(កន្ទោក) រវាងឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក ក្នុងនាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានសម្តែងការស្វាគមន៏យ៉ាងរាក់ទាក់ ស្និទ្ធស្នាល និងកក់ក្តៅ ចំពោះ លោក Marek Libricky ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ក្នុងការអញ្ជើញមកបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានទស្សនកិច្ចសិក្សា ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នាយទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោកពេលនេះថា ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញភាពល្អប្រសើរឡើង នូវទំនាក់ទំនងរវាងកងទ័ព ប្រជាជនប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋឆែក បន្ទាប់ពីប្រទេសទាំងពីរបានខកខាននូវកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា អស់មួយរយៈពេលកន្លងមក។
នាឱកាសនោះដែរ លោក ប្រាក់ សុវណ្ណា បានបន្តទៀតថាកម្ពុជា និងសាធារណរដ្ឋឆែក ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជិត៦០ឆ្នាំមកហើយ គឺតាំងពីព្រះបរម្យរតនកោដ្ឋ ព្រះបាទព្រះនរោត្តម ស៊ីហនុ មកម្លេះ។ លោក ប្រាក់ សុវណ្ណា ក៏បានគូសបញ្ជាក់ជូនភ្ញៀវបានជ្រាបផងដែរថាចាប់តាំងពីប្រទេសកម្ពុជាបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានកសាងប្រទេសពីបាតដៃទទេរ និងពីគំនរផេះផង់ ក្នុងដំណើរផ្លូវវែងឆ្ងាយរហូតដល់មានអ្វីៗគ្រប់យ៉ាងលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឃន៏លើគ្រប់វិស័យ។
ជាការឆ្លើយតប លោក Marek Libricky បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប្រាក់ សុវណ្ណា និងនាយទាហានជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទពជើងគោកទាំងអស់ ដែលបានទទួលស្វាគមន៏រូបលោក និងសហការីយ៉ាងកក់ក្តៅនាពេលនេះ។ លោក Marek Libricky បានបញ្ចាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីបន្តទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យបានល្អប្រសើរបន្ទាប់ពីបានខកខានមួយរយៈ។ ឯកអគ្គរដ្ឋទូតក៏បានសម្តែងការកោតសរសើរ និងអបអរសាទរចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជា គួរឲ្យកត់សម្គាល់ ព្រមទាំងបានសន្យាខិតខំបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា សាធារណរដ្ឋឆែក រឹងមាំ និងបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឃន៏ប្រទេស ៕


0 comments