Saturday, August 31, 2019

ភ្លើងឆេះព្រៃ Amazon កើនឡើងថែមទៀត ខណៈមេដឹកនាំប្រេស៊ីលផ្ទុះជម្លោះជាមួយ​មេដឹកនាំអឺរ៉ុបកាន់ខ្លាំង

(ប្រេស៊ីឡា)៖ ភ្លើងឆេះព្រៃអាម៉ាហ្សូន (Amazon) ដូចជាគ្មានសភាពថមថយនោះឡើយ ដោយការឆេះរាលដាលបាននិងកំពុងបន្តទៅកន្លែងថ្មីៗទៀត ជាពិសេសនៅក្នុងប្រទេសបូលីវី ខណៈមេដឹកនាំប្រេស៊ីលគឺលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណារ៉ូ បានបង្ហាញការរិះគន់​កាន់តែខ្លាំងទៅលើបណ្តាមេដឹកនាំទ្វីបអឺរ៉ុប ជាពិសេសគឺប្រធានាធិបតីបារាំងតែម្តង ហើយលោកក៏បានប្រកាសជាថ្មីទៀតថា ថវិកាជាការបរិច្ចាគពីបរទេស ២២លានដុល្លារអាមេរិកនោះ ប្រេស៊ីលមិនទទួលយកជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី៣១​ ខែសីហា ឆ្នាំ២០១៩។ លោក បូលសូណារ៉ូ (Jair Bolsonaro) ក៏បានបញ្ជាក់បន្ថែមទៀតដែរថា លោកនឹងជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល ដើម្បីលើកឡើងអំពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែលបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសប្រេស៊ីល។ លោក បូលសូណារ៉ូ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អឺរ៉ុបជាគ្មានអ្វីត្រូវមកប្រដៅយើង អំពីការអភិរក្ស និងគាំពារបរិស្ថាននោះទេ ព្រោះវានឹងត្រូវធ្វើហើយពាក់ព័ន្ធនឹងព្រៃ Amazon នោះ»។ គួរបញ្ជាក់ថា កាលពីកំឡុងកិច្ចប្រជុំកំពូលនៃមហាអំណាចសេដ្ឋកិច្ច G7 នៅប្រទេសបារាំង លោក ម៉ាក្រុង ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ បានហៅមហន្តរាយភ្លើងឆេះព្រៃ Amazon នៅប្រេស៊ីល និងបូលីវីថាជា «វិបត្តិអន្តរជាតិ» ហើយលោក ម៉ាក្រុង បានចោទប្រធានាធិបតីប្រេស៊ីលថា បានកុហកលោកអំពីជំហរប្រេស៊ីល ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង​ បញ្ហាបម្រែបម្រួលអាកាសធាតុថែមទៀត។ ជុំវិញសម្តីលោក ម៉ាក្រុង ខាងលើនេះប្រធានាធិបតីប្រេស៊ីលលោក បូសូណារ៉ូ បានឆ្លើយតបវិញខ្លាំងៗ និងបានចោទមេដឹកនាំបារាំងរូបនេះថា «មានចិត្តគំនិតបែបអាណានិម»។ យ៉ាងណាក្តីសម្ពាធពីទ្វីបអឺរ៉ុបនេះ ក៏មិនមែនគ្មាន​ឥទ្ធិពលសោះទៅលើប្រេស៊ីលនោះដែរ ដោយក្រោយមកប្រេស៊ីលបានសម្រេចចេញ​ក្រឹត្យពិសេសមួយ ដែលអនុញ្ញាតឲ្យទ័ពរាប់ម៉ឺននាក់ចេញប្រតិបត្តិការជួយពន្លត់ភ្លើងឆេះព្រៃ ហើយលោក បូលសូណារ៉ូ បានប្រកាសបំរាមរយៈពេល ៦០ថ្ងៃទូទាំងប្រទេស ដោយមិនតម្រូវឲ្យមានការ​ដុតរានព្រៃយកដីនោះឡើយ កាលពីថ្ងៃទី៣០ ខែសីហាម្សិលមិញ។ គួរបញ្ជាក់ថា បើតាមតួលេខកាលពីថ្ងៃសុក្រ ភ្លើងឆេះព្រៃបានកើតមានឡើងជាង ២,៣០០ទីតាំងថ្មីៗទៀត នៅក្នុងតំបន់ព្រៃគំរបទឹកភ្លៀង Amazon ធ្វើឲ្យក្នុងឆ្នាំ២០១៩ ភ្លើងឆេះព្រៃសរុបកើនដល់ ៨៧,២៥៧ករណី ដែលអាចនិយាបានថា វាកើនឡើងលើសតួលេខឆ្នាំ២០១៨ ជិត ១០០ដងទៅហើយ។ យ៉ាងណាក៏ដោយក្រសួងការពារជាតិ​ប្រេស៊ីលបានអះអាងថា ភ្លើងឆេះព្រៃគឺស្ថិតនៅក្នុងការគ្រប់គ្រង ហើយអាជ្ញាធរប្រេស៊ីលក៏បានរិះគន់​ចំពោះសារព័ត៌មានមួយចំនួន និងអ្នកលេងបណ្តាញ​សង្គមផងដែរ ដែលបានចែកចាយរូបភាពមិនពិត និងរូបភាពភ្លើងឆេះព្រៃកាលពីឆ្នាំមុនៗ ដែលធ្វើឲ្យស្ថានការណ៍ពេលនេះ មើលទៅអាក្រក់ខុសពីការពិត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...