(សេអ៊ូល)៖ នៅថ្ងៃទី២៧ ខែមិថុនានេះ អ្នកតំណាងផ្នែកច្បាប់របស់តារាសម្ដែងប្រុស Song Joong Ki បានបង្ហាញលិខិតផ្លូវការមួយទៅកាន់អ្នកសារព័ត៌មានថា «នៅថ្ងៃទី២៦ ពួកយើងបានស្នើសុំលែងលះជំនួសឲ្យ Song Joong Ki ទៅកាន់តុលាការគ្រួសាររបស់ទីក្រុងសេអ៊ូល»។
បន្ថែមពីនេះទៀត Song Joong Ki ក៏បានផ្ញើរពាក្យតាមរយៈអ្នកតំណាងផ្នែកច្បាប់របស់ខ្លួនថា «ជាលើកដំបូង ខ្ញុំចង់ផ្ញើពាក្យសុំទោសទៅកាន់អ្នកគ្រប់គ្នា ហើយដោយក្ដីស្រឡាញ់ពីខ្ញុំ សម្រាប់ព័ត៌មានដ៏អាក្រក់មួយនេះ។ ខ្ញុំបានសម្រេចចិត្តឈានទៅដល់ការលែងលះជាមួយ Song Hye Kyo។ ជាជាងការអូសបន្លាយដំណើរ ដោយគិតពិចារណាវែងឆ្ងាយពីកំហុសរៀងខ្លួន និងចំអកមើកងាយគ្នាទៅវិញទៅមក ខ្ញុំសង្ឃឹមថានឹងបញ្ចប់ការលែងលះនេះដោយមេត្រីភាព។ ខ្ញុំសុំការយោគយល់ពីអ្នកទាំងអស់គ្នា ថាវាគឺជាការលំបាក ក្នុងការទម្លាយរឿងលម្អិតពីជិវិតផ្ទាល់ខ្លួនរបស់ពួកយើង ហើយខ្ញុំសន្យាថា នឹងប្រឈមមុខចំពោះបញ្ហានេះ និងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អក្នុងនាមជាតារាសម្ដែងម្នាក់»។
បន្ទាប់ពីមានការប្រកាសរបស់ Song Joong Ki ពីការលែងលះ ភ្លាមៗនោះផងដែរលោកស្រី Song Hye Kyo ដែលជាភរិយាក៏បានចេញមុខពន្យល់ពីមូលហេតុមួយចំនួន តាមរយៈផលិតកម្ម United Artists Agency ដែលធ្វើឲ្យខ្លួនសម្រេចចិត្តឈានដល់ការលែងលះជាមួយ Song Joong Ki។ អ្នកតំណាងរបស់ផលិតកម្ម United Artists Agency បានឲ្យដឹងថា «ពួកយើងយល់ថា វាជារឿងអកុសលមួយជាមួយដំណឹងទុក្ខសោកមួយនេះ។ បន្ទាប់ពីការពិចារណាដោយម៉ត់ចត់ តារាសម្ដែង Song Hye Kyo និងស្វាមី បានបោះជំហានឈានដល់ការលែងលះ»។
ទីភ្នាក់ងារដដែលបានបន្តថា «ហេតុផលសម្រាប់ការលែងលះគ្នាដោយសារភាពខុសគ្នានៅក្នុងបុគ្គលិកលក្ខណៈ ហើយដោយសារតែមនុស្ស ០២នាក់ មិនអាចដោះស្រាយនឹងភាពខុសគ្នារបស់ពួកគេបាន ត្រូវបង្ខំឲ្យធ្វើការសម្រេចចិត្តបែបនេះ។ យើងខ្ញុំសូមឲ្យមានការយោគយល់ពីទាំងអស់គ្នា ហើយពួកយើងសុំមិនពន្យល់វែងឆ្ងាយពីព័ត៌មានលម្អិតបន្ថែមទៀតនោះទេ ដោយសារតែយើងគោរពពីជីវិតឯកជនរបស់តារាសម្ដែងទាំងពីរ។ ជារួមពួកយើងសុំឲ្យអ្នកទាំងអស់គ្នា កុំបង្កើតរឿងអាស្រូវ និងបញ្ចេញមតិដោយការស្មាន»។
គួរបញ្ជាក់ថា ប្ដីប្រពន្ធត្រកូល Song បានរៀបការជាមួយគ្នាកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ ពោលគឺក្រោយពេលដែលអ្នកទាំងពីរបានចូលរួមសម្ដែងរឿងមួយរួមគ្នា ដែលមានចំណងជើងថា «ម្ចាស់ព្រះអាទិត្យ» ឬ «Descendants of the Sun»៕

0 comments