Tuesday, June 4, 2019

លិខិតមិត្តអ្នកអាន៖ តើ សម រង្ស៊ី ពិតជា«ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» មែនឬទេ?

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានដាក់រហស្សនាមថ្មីមួយទៀតឲ្យ សម រង្ស៊ី គឺ «ឆ្កែមួយក្បាល» និង «កូនអាក្បត់ជាតិ»។ រហស្សនាមនេះត្រូវបានលោកនាយករដ្ឋមន្ត្រីប្រកាសតាំងពីទីក្រុងតូក្យូក្នុងសន្និសីទអន្តរជាតិស្តីពីអនាគតអាស៊ីម្ល៉េះ ដើម្បីជាការឆ្លើយតបទៅនឹងសំណួរអ្នករៀបចំកម្មវិធីពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា។ ពាក្យនេះពិតជាធ្ងន់ធ្ងរសម្រាប់ការហៅមនុស្ស។ ប៉ុន្តែ បើយើងសង្កេតមើលសកម្មភាព និងឥរិយាបថរបស់ សម រង្ស៊ី ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ពាក្យថា «ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» គឺមិនធ្ងន់ឡើយសម្រាប់ហៅ សម រង្ស៊ី តែជាពាក្យមួយសមរម្យបំផុតហើយ។ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ? ចូរយើងក្រឡេកថយក្រោយ ទៅមើលតាំងពីការចាប់ផ្តើមបង្កើតបក្សនយោបាយរបស់ សម រង្ស៊ី នៅឆ្នាំ២០០៥ ឈ្មោះថា គណបក្សជាតិខ្មែរ ហើយដែលក្រោយមកបែរមកដាក់ឈ្មោះខ្លួនឯងថា គណបក្សសមរង្ស៊ី និងរហូតមកទល់បច្ចុប្បន្ន សកម្មភាពរបស់ សម រង្ស៊ី គ្មានអ្វីប្រែប្រួលសូម្បីបន្តិច។ ខ្ញុំអាចសង្ខេបត្រួសៗនូវចំណុចសំខាន់ៗដែលអាចចាត់ទុកជាលក្ខណៈសម្គាល់ ឬជាអត្តសញ្ញាណរបស់ សម រង្ស៊ី ដូចខាងក្រោម៖ ១- សម រង្ស៊ី ជាអ្នកនយោបាយដែលប្រើគំនុំសងសឹកជាខ្សែបន្ទាត់កំណត់ទិសដៅនយោបាយរបស់ខ្លួន។ ការចាក ចេញពីហ្វ៊ុនស៊ិនប៉ិច ទៅបង្កើតគណបក្សផ្ទាល់ខ្លួន គឺដើម្បីសងសឹកចំពោះហ្វ៊ុនស៊ិនប៉ិច និងបន្ទាប់មកបានធ្វើឲ្យគណបក្សរាជានិយមមួយនេះរលាយដោយ សម រង្ស៊ី សុខចិត្តឲ្យលោក ហ៊ុន សែន ខ្ចីដៃប្រើតាមចិត្តឲ្យតែបាន បំផ្លាញគណបក្សរាជានិយមចោល។ បំផ្លាញបក្សរាជនិយមមិនមែនត្រឹមតែជាគុំនុំសងសឹកជាមួយសម្តេចក្រុមព្រះឡើយ តែជាការស្រាយគំនុំរបស់ឪពុកខ្លួន ដែលត្រូវបានសម្តេចព្រះនរោត្តម សីហនុ ចាត់ទុកជាជនក្បត់ជាតិ។ និយាយជារួម សម រង្ស៊ី ជាអ្នកក្បត់រាជានិយមតែម្តង។ នយោបាយគំនុំសងសឹកដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី បន្តរហូតដល់បច្ចុប្បន្ន។ ២- ចរិតនយោបាយរបស់ សម រង្ស៊ី គឺការដុតកំហឹង ញុះញង់និងឆ្គិះឆ្គៀលចាក់រុកឲ្យខ្មែរស្អប់ខ្មែរ ឲ្យខ្មែរចេះលាបពណ៌គ្នាក្លាយជាយួន ជាចិន ។ល។ ពោលគឺធ្វើយ៉ាងណាឲ្យខ្មែរបែកបាក់។ នយោបាយបែបនេះត្រូវបានអនុវត្តតាំងពីចាប់ផ្តើមជីវិតនយោបាយមកម្ល៉េះ។ មន្ត្រីបក្សខ្លួនណាហ៊ានរិះគន់ ឬនិយាយជំទាស់ជាមួយលោកប្រធាននឹងត្រូវជាប់ឈ្មោះជាអាយ៉ងយួន, លក់ក្បាល និងក្បត់បក្ស។ ពាក្យនេះត្រូវបានប្រើយ៉ាងពេញនិយមកាលពីក្នុងសម័យ ប៉ុល ពត។ រយៈពេលជាងពីរទសវត្សរ៍មកនេះ សង្គមខ្មែរដិតដាមដោយការលាបពណ៌ ការបែកបាក់ និងការរើសអើងពូជសាសន៍ ដែលជាស្នាដៃឯករបស់ សម រង្ស៊ី។ ៣- សម រង្ស៊ី ជាអ្នកនយោបាយដែលមើលស្រាលប្រជាជាតិខ្លួនឯង និងយកបរទេសជ ចៅហ្វាយនាយ។ ចាប់តាំងពីផ្តើមធ្វើនយោបាយកាលណាមក សម រង្ស៊ី ម៉ាត់ណាក៏យកមហាអំណាចបរទេសមកធ្វើជាត្រីមុខដែរ។ បុគ្គលនេះមិនដែលផ្តល់តម្លៃសូម្បីបន្តិចដល់ជាតិសាសន៍ខ្លួនឯង តែងប់ងល់និងបម្រើប្រយោជន៍បរទេសរហូតដល់បើកដៃឲ្យបរទេសប្រើប្រាស់ជាកូនអុកដើម្បីផលប្រយោជន៍របស់គេ។ តាំងពីដើមរហូតដល់បច្ចុប្បន្ន គោលបន្ទាត់នយោបាយរបស់ សម រង្ស៊ី គឺលុតក្រាបចំពោះមុខជនបរទេស ហើយបំផ្លាញប្រយោជន៍ជាតិខ្លួនឯង។ ជាក់ស្តែង ការអុជអាលឲ្យបរទេសដាក់ទណ្ឌកម្មមកលើជាតិ និងប្រជាជនខ្លួនឯង គឺជាសក្ខីភាពដែលមិនអាចប្រកែកបាន។ ហេតុនេះហើយបានជាមានអ្នកខ្លះហៅ សម រង្ស៊ី ថា ជា«ឆ្កែបម្រើបរទេស»។ ៤- សម រង្ស៊ី ជាអ្នកនយោបាយដែលយកប្រជាពលរដ្ឋជាឈ្នាន់។ ជាធម្មតា អ្នកនយោបាយគឺជាអ្នកដែលហ៊ានលះបង់ ហ៊ានយកអាយុជីវិត យកទ្រូងទៅពាំងការពារប្រយោជន៍ជាតិ និងប្រជាជន។ ប៉ុន្តែ អកុសលអីមានតែ សម រង្ស៊ីទេដែលយកពលរដ្ឋទៅពាំងការពារផលប្រយោជន៍ខ្លួនឯងវិញ។ តើមានពលរដ្ឋខ្មែរអ្នកគាំទ្រ សម រង្ស៊ី ប៉ុន្មាននាក់ហើយ ដែលបានស្លាប់ ជាប់គុក និងរងរបួស ឬត្រូវទទួលទោសទណ្ឌផ្សេងៗ ដោយសារតែ សម រង្ស៊ី បោកបញ្ឆោតឲ្យចេញមុខពាំងជំនួសខ្លួននៅពេលមានបញ្ហាធំៗកើតឡើង? តើ សម រង្ស៊ី ដែលហ៊ានជាប់គុកជំនួសពលរដ្ឋទេ? តើមានម្តងណាទេដែល សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋស្ងប់ស្ងៀម និងអហិង្សា? ពិតជាគ្មានឡើយ គឺមានតែញុះញង់ឲ្យពលរដ្ឋងើបបះបោរ បង្កភាពវឹកវរ រហូតឈានដល់អំពើហិង្សា ចលាចលក្នុងសង្គម។ ហើយចំណែកឯ សម រង្ស៊ី ខ្លួនឯងវិញ គឺចាំតែកេងចំណេញនយោបាយ ហើយបើមានបញ្ហាក៏រត់ទៅសម្ងំសុខនៅឯបរទេសយ៉ាងរំភើយ។ ៥- សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ៖ បុគ្គលរូបនេះតាំងខ្លួនជាអ្នកប្រជាធិបតេយ្យឆ្អិនឆ្អៅមកពីស្រុកបារាំង។ ប៉ុន្តែ ធាតុពិតចរិតលក្ខណៈ និងការដឹកនាំក្នុងបក្សគ្មានធាតុប្រជាធិបតេយ្យ សូម្បីបន្តិច។ ជាក់ស្តែង ការដឹកនាំពោរពេញដោយបក្សពួក គ្រួសារនិយម និងការសម្រេចចិត្តដោយអត្តនោម័ត។ បើអ្នកណាហ៊ានមានមតិផ្ទុយពីលោកប្រធាន និងប្រពន្ធ អ្នកនោះនឹងត្រូវគេចោទថា លក់ក្បាលឲ្យហ៊ុន សែន ជាមិនខាន។ មានមន្ត្រីអតីតអ្នកស្មោះស័្មគ្រជាមួយ សម រង្ស៊ី ច្រើនណាស់ដែលទទួលរងគ្រោះដោយការចោទប្រកាន់ទាំងបំពាន ពីព្រោះតែពួកគេមានមតិយោបល់ចង់កែលម្អការដឹកនាំផ្ទៃក្នុងបក្ស ហើយក្រោយមកពួកគេសុខចិត្តដើរចេញពី សម រង្ស៊ី ទាំងឈឺចាប់។ នយោបាយបែបនេះនៅបន្តរហូតដល់បច្ចុប្បន្ន ដោយគ្មានការប្រែប្រួលសូម្បីតែបន្តិចឡើយ។៦- សម រង្ស៊ី ជាមនុស្សស្រឡាញ់តំណែង មុខមាត់ និងលុយកាក់ ខុសស្រឡះពីមាត់និយាយ។ ដោយចាប់បានចំណុចខ្សោយនេះ ទើបលោក ហ៊ុន សែន បោះនុយហើយអាចប្រើ សម រង្ស៊ី បានយ៉ាងងាយ។ ជាក់ស្តែង ការកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ ៣ មក ៥០% បូក១ កាលពីឆ្នាំ២០០៦ គឺជាកំហុសឆ្គងដ៏ធំធេងបំផុតមួយរបស់ សម រង្ស៊ី ដែលផ្តល់ប្រយោជន៍ធំមហិមារដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការវ៉ៃក្បិនចូលសភា កាលពីឆ្នាំ២០១៤ ដោយក្បត់ពាក្យសម្តីរបស់ខ្លួនទាំងស្រុង គឺជាឧទាហរណ៍មួយទៀតដែល លោក សម រង្ស៊ី លោតចូលអន្ទាក់លោក ហ៊ុន សែន ដោយ សារតែចង់បានតំណែងជាប្រធានក្រុមមតិភាគតិចក្នុងសភា «ឋានៈស្មើនាយករដ្ឋមន្ត្រី»។ នេះហើយជាហេតុផលដែលលោក ហ៊ុន សែន តែងនិយាយថា សម រង្ស៊ី ជា«ឆ្កែមួយក្បាលដែលស្រួលប្រើ»។ ៧- សម រង្ស៊ី ជាអ្នក នយោបាយ «ស្នេហាព័ត៌មានក្លែងក្លាយ»៖ ការបំភ្លៃព័ត៌មានកាត់តរូបភាព និងប្រឌិតព័ត៌មានដែលមិនពិតយកមកផ្សាយ គឺជាស្នាដៃដ៏ធំធេងមួយទៀតរបស់ សម រង្ស៊ី។ កាលពីមុន គាត់ជាមេក្លោងបង្រៀនកូនចៅឲ្យប្រើប្រាស់វិធីទុច្ចរិតនេះ។ ប៉ុន្តែ ចុងក្រោយនេះ សម រង្ស៊ី ខ្លួនឯងបានចេញមុខជាចំហបង្ហោះព័ត៌មានក្លែងក្លាយនិងមួលបង្កាច់ដ៏សាហាវនៅតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួនតែម្តងដោយឥតអៀនខ្មាស។ ៨- សម រង្ស៊ី មានឈាមជ័រជាជនក្បត់ជាតិបន្តពីឪពុក។ ពាក្យនេះបើស្តាប់មួយភ្លែតហាក់មានន័យគ្រាន់តែជាការជេរប្រមាថ ឬលាបពណ៌។ ប៉ុន្តែ បើសិក្សាឲ្យស៊ីជម្រៅគេនឹងយល់ថា សម រង្ស៊ី ពិតជាមាន «ហ្សែន» តំណរពូជក្បត់ជាតិពីឳពុករបស់ខ្លួនមែនហើយ។ ជាក់ស្តែង ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលគិតពីការកសាង ឬជួយជីវភាពប្រជាពលរដ្ឋឡើយ ប៉ុន្តែ ជំនាញរបស់គាត់គឺធ្វើយ៉ាងណាឲ្យជីវភាពពលរដ្ឋដុនដាប ឲ្យជាតិខ្មែរអាប់ឱនដើម្បីខ្លួនអាចកេងចំណេញនយោបាយ។ រយៈពេលជាងពីរទសវត្សរ៍មកនេះ គេមិនដែលឃើញ សម រង្ស៊ី សង់សាលារៀនមួយខ្នង, ជីកអណ្តូងទឹកមួយ ឬសាងសង់បង្គន់អនាម័យមួយជូនពលរដ្ឋឡើយ ពោលគឺមានតែញុះញង់ឲ្យពលរដ្ឋបំផ្លាញសមិទ្ធផលរបស់រដ្ឋាភិបាលដែលខំកសាង។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបាន។ ៩- សម រង្ស៊ី ជាជនក្បត់ជាតិ តាមរយៈការចុះហត្ថលេខាជាមួយជនជាតិយួនដេហ្គាឈ្មោះ កុក ស កាលពីឆ្នាំ2013 ដោយសុខចិត្តប្រគល់ខេត្ត4 នៅប៉ែកឥសាន្ត ប្រទេសឲ្យទៅយួនគ្រប់គ្រងឲ្យតែខ្លួនឈ្នះឆ្នោត។ នេះជាភស្តុតាងនៃអំពើក្បត់ជាតិដ៏ធំផុតមួយក្នុងប្រវត្តិសាស្ត្រ។ សរុបមកវិញ ការផ្តល់រហស្សនាមថា «ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» ពិតជាស័ក្តិសមណាស់ចំពោះអ្នកនយោបាយដូច សម រង្ស៊ី។ គឺជារហស្សនាមដែលកើតចេញពីអំពើជ្រុលនិយម ហួសហេតុ ហួសពីនិស្ស័យមនុស្សរបស់ សម រង្ស៊ី។ វាជារឿងអកុលណាស់សម្រាប់ប្រទេសកម្ពុជាដែលមានអ្នកនយោបាយធុន សម រង្ស៊ី នេះ ពីព្រោះវាធ្វើឲ្យខ្មែរយើងបាត់បង់ពេលវេលាយ៉ាងច្រើនណាស់ ដោយសារតែការបង្កព្យុះភ្លៀងរបស់អ្នកនយោបាយដែលជា «ឆ្កែបម្រើបរទេស» រូបនេះ។ ដូច្នេះ ដើម្បីមានពេលកសាងជាតិ កសាងសេដ្ឋកិច្ច និងបង្កើនជីវភាពគ្រួសារឲ្យបានរុងរឿង ដល់ពេលហើយដែលខ្មែរត្រូវនាំគ្នាកម្ចាត់ជនចង្រៃប្រភេទនេះកុំឲ្យមានឱកាសធ្វើព្យុះភ្លៀងតទៅទៀត។ យើងជាពលរដ្ឋខ្មែរត្រូវឈរយ៉ាងរឹងមាំជាមួយរដ្ឋាភិបាលដើម្បីចាត់វិធានការចាំបាច់ប្រឆាំងនឹង «ឆ្កែមួយក្បាល កូនអាក្បត់ជាតិ» នេះឲ្យវិនាសដើម្បីថែរក្សាកាពារសុខសន្តិភាពនិងភាពថ្គុងថ្កើងរុងរឿងរបស់ជាតិនិងប្រជាជន យើងតរៀងទៅ៕ ដោយ៖ សាស្រ្តាចារវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...