Tuesday, June 4, 2019

រដ្ឋមន្ត្រីការបរទេសទីម័រលេស កោតសរសើរប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះវីរភាពដឹកនាំ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Dionisio Babo Soares រដ្ឋមន្ត្រីការបរទេសនៃប្រទេសទីម័រលេស (Timor-Leste) នៅវិមានសន្តិភាព។ លោក Babo Soares បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីនៃប្រទេសទីម័រលេស គោរពជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏បានគោរពជម្រាបជូនថា រូបលោកមានការគោរពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាខ្លាំងចំពោះវីរភាពដឹកនាំ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោក Babo Soares បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសទីម័រលេសកាលពីឆ្នាំ ២០១៦ បានធ្វើឲ្យប្រទេសទីម័រលេសក៏ដូចជាប្រជាពលរដ្ឋមានអារម្មណ៍ហាក់បីដូចជាប្រទេសមួយមានសម្ព័ន្ធភាពជាមួយកម្ពុជាដូចជាប្រទេសជាបងប្អូន ហើយជាងនេះទៅទៀតលោកបានគោរពថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ចំពោះរាល់ការគាំទ្រទាំងឡាយដែលលោកបានផ្ដល់ឱ្យប្រទេសទីម័រលេស។ លោក Babo Soares បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់រូបលោកមកព្រះកម្ពុជានាពេលនេះគឺដើម្បីធ្វើនេះយ៉ាងណារឹតចំណងមិត្តភាព និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងថែមទៀត។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខហើយក៏ថ្លែងអំណរគុណផងដែរចំពោះការទទួលយកចិត្តទុក្ខដាក់នៅក្នុងដំណើរទស្សនកិច្ចរបស់លោកដែលបានធ្វើដំណើរទៅប្រទេសទីម័រលេសកាលពីឆ្នាំ ២០១៦ កន្លងទៅ។ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនោះលោកបានកត់សម្គាល់ថា ប្រទេសទីម័រលេសបានត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការចូលខ្លួនជាសមាជិកអាស៊ានទាំងការរៀបចំឲ្យមានស្ថានទូតនៅគ្រប់ប្រទេសទាំងអស់នៅក្នុងបណ្តាលប្រទេសអាស៊ានក៏ដូចជាសមត្ថភាពរបស់មន្ត្រីរាជការ រួមទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសទីម័រលេសផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់អនុសាសន៍ថាយើងគប្បីប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណាជំរុញនៅលើរាល់អ្វីដែលយើងអាចធ្វើបានដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរួមទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យវិនិយោគ ទេសចរណ៍ ក៏ដូចជាវិស័យវប្បធម៌ជាដើម។ លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវក្តីរីករាយផងដែរចំពោះ និស្សិតទីម័រលេសដែលនឹងត្រូវមកកាន់ព្រះរាជាណាចក្រកម្បុជាដើម្បីទទួលអាហារូបករណ៍សិក្សានៅប្រទេសកម្ពុជាចំនួន១០នាក់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ឲ្យកាលពីឆ្នាំ២០១៦ កន្លងមកនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...