Thursday, June 13, 2019

មេដឹកនាំកំពូលអ៊ីរ៉ង់បញ្ជាក់ប្រាប់លោក អាបេ៖ «អ៊ីរ៉ង់គ្មានជំនឿទុកចិត្តអ្វីបន្តិចឡើយចំពោះអាមេរិក ដូច្នេះនឹងពុំមានការចរចាគ្នាដាច់ខាត»

(តេហេរ៉ង់)៖ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នាថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃចុងក្រោយនៃដំណើរ បំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ បានលើកឡើងថា នឹងពុំមានកិច្ចចរចាណាមួយកើតមានឡើង ជាមួយសហរដ្ឋអាមេរិកឡើយ ជុំវិញភាពតានតឹងនៃប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។ នាឱកាសទទួលជួបពិភាក្សាជាមួយលោក អាបេ លោក Khamenei បានបញ្ជាក់ថា «អ៊ីរ៉ង់មិនទុកចិត្តអាមេរិកឡើយ។ អ៊ីរ៉ង់នឹងគ្មាន ថ្ងៃប្រព្រឹត្តកំហុសច្រំដែលនៃការសុខចិត្តចូលទៅអង្គុយចរចាជាមួយអាមេរិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ ២០១៥ ទៀតនោះទេ»។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា «ប្រទេសដែលឈ្លាសវៃនិងមានសិទ្ធិសេរីភាព គឺនឹងមិនព្រម ទៅ ចរចាក្រោមការដាក់សម្ពាធដាច់ខាត»។ គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែឧសភា ឆ្នាំ២០១៨ ហើយចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងទីក្រុងតេហេរ៉ង់។ ភាពតានតឹងប្រទេសទាំងពីរ ក៏បានកើនឡើងកម្តៅ ជាខ្លាំងកាលពីខែឧសភាកន្លងទៅនេះ នៅពេលអាមេរិកបានចល័តសព្វាវុធចម្រុះមកកាន់តំបន់មជ្ឈិមបូព៌ា ក្រោមលេសថាមានការ គំរាមកំហែងពីអ៊ីរ៉ង់នៅក្នុងតំបន់។ ទាក់ទិននឹងភាពតានតឹងខាងលើ នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ បានធ្វើដំណើរមកដល់រដ្ឋធានីតេហេរ៉ង់ នៅថ្ងៃពុធ សប្តាហ៍នេះ ជាមួយគោលដៅចង់ជួយបន្ធូរបន្ថយស្ថានការណ៍រវាងអ៊ីរ៉ង់និងអាមេរិក ខណៈវាគឺជាលើកទីមួយ ក្នុងអំឡុងពេល ប្រមាណជា០៤ទសវត្សរ៍កន្លងមកនេះ ដែលមេដឹកនាំជប៉ុនបានឈានជើងជាន់ទឹកដីប្រទេសអ៊ីរ៉ង់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...