Monday, May 20, 2019

ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានចាក់ឫសយ៉ាងជ្រៅ ក្នុងទំនៀមទម្លាប់ខ្មែរ បើតាមប្រវត្តិសាស្ត្រ និងចម្លាក់នានា

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការប្រកាសប្រាប់កសិករនៅក្នុងប្រទេសថា រដូវធ្វើស្រែចម្ការ មកដល់ហើយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៤ រោច ខែពិសាខ កម្ពុជា តែងតែប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាប្រពៃណី ទំនៀមទម្លាប់មួយ និងដើម្បី ជាសារប្រកាសប្រាប់បណ្តាប្រជាកសិករខ្មែរ ឱ្យដឹងអំពីរដូវកាលនៃការធ្វើស្រែវស្សា និងដំណាំ ដាំដុះផ្សេងៗ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានចាក់ឫសយ៉ាងជ្រៅ ក្នុងទំនៀមទម្លាប់ខ្មែរ បើតាមប្រវត្តិសាស្ត្រ និងចម្លាក់នានា។ បើទោះបីជាមិនមានឯកសារណាបញ្ជាក់ច្បាស់ពីប្រវត្តិ នៃព្រះរាជពិធីច្រត់ ព្រះនង្គ័លនេះក្តី ក៏ប្រភពមួយចំនួនបង្ហាញថាព្រះរាជពិធីនេះ មានលក្ខណៈព្រហ្មញ្ញសាសនា ផង និងពុទ្ធសាសនាផង។ ចូលមកដល់សម័យសង្គមរាស្ត្រនិយម ពិធីមួយនេះបានប្រារព្ធឡើងជា ប្រចាំប៉ុន្តែត្រូវអាក់ ខានទៅវិញ នៅសម័យសាធារណរដ្ឋខ្មែរ រហូតដល់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ព្រះអង្គបានរៀបចំ ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ឲ្យមានវត្តមានជាថ្មីនៅ ឆ្នាំ ១៩៩៤ និងបន្តរហូតមកដល់សព្វថ្ងៃនេះ។ ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការពញ្ញាក់សា្មរតីពួកគេ ឱ្យត្រៀមស្រូវពូជ និងគ្រាប់ពូជដំណាំផ្សេងៗ គោ ក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់ ប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថាវស្សារដូវចូលមកដល់ហើយ។ កសិករមួយរូប ដែលរស់នៅព្រែកជ្រូក ស្រុកពារាំង ខេត្តព្រៃវែង លោក ហួត ចន្ថា បានឱ្យដឹងថា៖ « ព្រះរាជពិធីច្រត់ព្រះនង្គ័ល ពិតជាបានឱ្យយើងជាកសិករដឹងថា ការចាប់ផ្តើមធ្វើស្រែចម្ការមកដល់ហើយ ដូចនេះឱ្យតែចំពេលនេះ យើងតែងត្រៀម ទុកដាក់ ឱ្យរួចរាល់ នូវគ្រាប់ពូជស្រូវ គោក្របី សម្រាប់ដាស់ដីធ្វើស្រែ ចៀសវាងការខាតបង់ប្រាក់កាសដែលយើងមិនដឹងជាមុននោះ »។ ទោះបីជាសព្វថ្ងៃវិទ្យាសាស្រ្តមានភាពជឿនលឿន ហើយប្រទេសកម្ពុជាក៏ជឿនលឿន តាមគោលការណ៍ទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុន បង្កើតជារោងចក្រ សហគ្រាស ទាំងតូច មធ្យម គ្រប់ប្រភេទ ក៏ពិតមែនប៉ុន្តែវិស័យ កសិកម្មនៅតែជាវិស័យអាទិភាពមួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះបានបន្តរួមចំណែក ប្រមាណជា ៤០% នៃផលិតផលនៅក្នុងស្រុកសរុប។ លោក ហួត ចន្ថា បាននិយាយបន្តថា ទោះបីជាសព្វថ្ងៃយើងដឹងអំពីអាកាសធាតុតាមរយៈការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម តាមទូរទស្សន៍ និងកាសែតនានា ជាពិសេសបរិមាណទឹកភ្លៀង ក្នុងការធ្វើស្រែតែយ៉ាងណាក៏ដោយ ក៏យើងនៅតែ តាមដានការផ្សងតាមរយៈ ការបរិភោគអាហារទាំងប្រាំពីរមុខ របស់គោឧសភរាជដើម្បីយើងធ្វើការដាំដុះដំណាំ ទៅតាមអ្វីដែល គោឧសភរាជបានបរិភោគ។ លោកបានបញ្ជាក់ថា វិទ្យាស្រាស្តរីកចម្រើន ហើយឧត្តុនិយមក៏ព្យាករណ៍កាន់តែសុក្រឹត តែលោកក៏នៅតែមានជំនឿលើពិធីនេះ ហើយតែងតែអនុវត្តការងារស្រែចម្ការរបស់លោកតាមទំនាយនៅក្នុងពិធីនេះជាដរាបមក។ កំពុងអង្គុយអុំស្រូវ ក្នុងផ្ទះដែលស្ថិតនៅក្នុងភូមិជ្រោយជ្រែ ស្រុកពារាំង ខេត្តព្រៃវែង ដដែល កសិករម្នាក់ទៀត លោក ចិត្ត លាក់ បាននិយាយថា៖ «ខ្ញុំអាចដឹងថារដូវវស្សាមកដល់នៅពេល ដែលគេប្រារព្ធព្រះរាជពិធីច្រត់ព្រះន័ង្គល។ បន្ទាប់ពីពិធីនេះទៅ ខ្ញុំនឹងចាប់ផ្តើមទឹមគោដាស់ដីដើម្បីធ្វើស្រែវស្សាហើយ ព្រោះភ្លៀងនឹងធ្លាក់មកជាមិនខាន »។ កសិករវ័យជាង ២០ឆ្នាំ រូបនេះ បន្តថា តាមចំណាំឱ្យតែដល់ពេលគេប្រារព្ធពិធីច្រត់ព្រះនង្គ័ល នោះ គឺភ្លៀងនឹងធ្លាក់មកដែរ នោះយើងជាអ្នកស្រែចម្ការនឹងទឹមគោ ក្របី ហើយឥឡូវនេះវាទំនើប គឺកាន់តែគោយន្តទៅកាន់វាលស្រែដើម្បីដាស់ដី ធ្វើស្រែវស្សាបានហើយ ។ « បើតាមខ្ញុំចំណាំបាន តៗពីម្តាយឪពុកមក គឺបើកាលណាគេច្រត់ព្រះន័ង្គលហើយ យើងទៅភ្ជួរស្រែ ដាស់ដី បាចជី សម្រាប់ធ្វើស្រែវស្សាភ្លាម ព្រោះរំលងប្រហែលពីមួយទៅពីរ អាទិត្យ មេឃនឹងធ្លាក់ភ្លៀងជាបន្តបន្ទាប់ហើយ ដូច្នេះសំណាបនឹងដុះល្អ » នេះបើតាមលោក ចិត្ត លាក់ បានបញ្ជាក់បន្ថែម។ អ្នកស្រី ចិត្ត ភត្រ្ត កសិករមានវ័យជាង ៤០ឆ្នាំ បាននិយាយថា មុននឹងលោកស្រី និងគ្រួសារធ្វើស្រែ ជាទូទៅ លោកស្រីច្រើន តាមដានទៅលើការផ្សងក្នុងពិធីច្រត់ព្រះនង្គ័ល។ លោកស្រីបានបញ្ជាក់ថា « បើគោ (គោឧសភរាជ) ស៊ីស្រូវ នោះយើងធ្វើស្រែច្បាស់ជាបានផលច្រើនជាមិនខាន បើតាមជំនឿតៗ ពីដូនតាមកគាត់ឱ្យយើងមើលលើគោស៊ីអ្វី និងផឹកអ្វីច្រើន។ បើយើងដឹងច្បាស់ យើងធ្វើស្រែចុះ មិនខុសទេក្នុងឆ្នាំហ្នឹង » ។ នៅក្នុង រឿង រាមកេរ្តិ៍ នៅក្នុងព្រហ្មញ្ញសាសនា ត្រង់ឈុតមួយ ដែលនិយាយ ពីព្រះរាជពិធី ច្រត់ព្រះនង្គ័លគឺ ត្រង់ព្រះរាមទៅច្រត់ព្រះនង្គ័ល រកនាងសេដា ដែលគេផ្ញើនឹងព្រះធរណី នៅ ក្នុងដី។ ចំណែកនៅក្នុងព្រះពុទ្ធសាសនាវិញ គឺត្រង់កន្លែងមួយព្រះពុទ្ធអង្គប្រសូត មកមាន ពិធី ច្រត់នង្គ័លគេយកព្រះអង្គទៅចូលរួមដែរ ហើយពេលនោះព្រះអង្គពិចារណារឿងគោ ដែល ហត់នឿយក្នុងការភ្ជួរស្រែ។តាមការកត់ត្រាកន្លងមក បានឲ្យដឹងថា អត្ថន័យពិតប្រាកដក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គលគឺមាន០៤ចំណុចសំខាន់ៗ ដែល នៅក្នុងនោះទី ១. ប្រាប់ កសិករថា ដល់ រដូវ ធ្វើស្រែហើយ ទី២. ផ្សងការបរិភោគរបស់ គោឧសភរាជ និងការបួងសួងសុំទឹកភ្លៀង និងទិន្នផលដំណាំ ទី៣. ការដឹងគុណ សំដៅដល់ការដឹងគុណ របស់ប្រជានុរាស្ត្រ ចំពោះអាទិទេពក៏ដូចជាមេឃ ដែល បានបង្អុរភ្លៀង និងទី ៤. គេជឿជាក់ថា ស្ដេចមេឃ គឺជាមនុស្ស ដែលមានឥទ្ធិពល លើការ គ្រប់គ្រង ឬបញ្ជាធរណី និងមេឃបាន ។ សម្រាប់ឆ្នាំនេះ តាមការគ្រោងទុក ព្រះរាជពិធីនេះ នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...