(ភ្នំពេញ)៖ តារាចម្រៀងសំនៀងមានទឹកដមប្រចាំផលិតកម្មថោន គឺលោក ពេជ្រ ថាណា ថ្មីៗនេះបានធ្វើការបញ្ចេញមតិរិះគន់ចំៗ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនទៅលើបញ្ហានានា ដែលលោកកំពុងជួបប្រទះនៅមន្ទីពេទ្យរុស្ស៊ី ដោយបងប្អូនលោកខកខានមិនបានព្យាបាលជំងឺជាច្រើនលើកច្រើនសារ ព្រោះតែណាត់ជាមួយពេទ្យ ដើម្បីវះកាត់៣ដងហើយ តែមិនបានសម្រេច ដោយចេះតែពន្យារពេលរហូត។
ក្រៅពីបង្ហោះសារបង្ហាញទុកកង្វល់ ព្រមទាំងចេញមុខមករិះគន់ចំៗ លើមន្ទីពេទ្យរុស្ស៊ី លោកពេជ្រ ថាណា បានថ្លែងប្រាប់តាមរយៈទូរស័ព្ទថា បងប្អូនលោកកើតបូសធំៗចំកពីរប្រហែលប៉ុនកដៃ និងត្រូវធ្វើការវះកាត់ ខណៈខាងមន្ទីពេទ្យក៏ពិនិត្យ រៀបចំឯកសារគ្រប់សព្វបែបយ៉ាងរួចរាល់ហើយ នៅតែវះកាត់ប៉ុណ្ណោះ ប៉ុន្តែបើគិតមកទល់នឹងពេលនេះគឺ២ថ្ងៃហើយ នៅតែមិនទាន់វះកាត់ ខណៈអ្នកជំងឺស្រែកឈឺចាប់មិនរហូត។ លោកថា ទោះទៅពេទ្យឯកជនក៏បងប្អូនលោក ត្រូវគេរុញមកចូលមន្ទីពេទ្យរុស្ស៊ីដដែល ព្រោះតែស្ថានីភាពបូស គឺធ្ងន់ធ្ងរត្រូវតែវះកាត់។
ទាក់ទងនឹងបញ្ហានេះ លោក ពេជ្រ ថាណា បានសំណូមពរដល់ថ្នាក់ដឹកនាំក្នុងវិស័យសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យគ្រប់រូប ឲ្យយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់រូប ជាពិសេសកុំពន្យារពេលព្យាបាលអ្នកជំងឺ និងនិយាយស្តីឲ្យបានសមរម្យ ដើម្បីជួយលើកកម្ពស់វិស័យសុខាភិបាល និងបង្កើនគុណភាព ធ្វើឲ្យប្រជាជនមានទំនុកចិត្ត ដោយការទំនួលខុសត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យជាដើម។
យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែលមន្ទីពេទ្យរុស្ស៊ី ត្រូវបានមហាជនធ្វើការរិះគន់បែបនេះ ប៉ុន្តែច្រើនលើកច្រើនសារហើយ។ ដោយឡែកចំពោះបញ្ហា ដែលតារាចម្រៀងប្រុស ពេជ្រ ថាណា បានលើកឡើងខាងលើ ហាក់ធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ និងនាំគ្នាព្រួយបារម្ភ ពីសេវាព្យាបាលនៅមន្ទីពេទ្យស្រុកខ្មែរ ព្រោះប្រសិនបើមានបញ្ហាដូចពេជ្រ ថាណា លើកឡើងចេះតែបន្ត នឹងជាសញ្ញាមួយបង្ហាញថាប្រជាជនគ្មានទំនុកចិត្តលើពេទ្យខ្មែរទៀតទេ។ អ្វីដែលសំខាន់វាប្រៀបបាននឹងបញ្ហាប្រឈម សម្រាប់ប្រជាជនក្រីក្រតែម្តង ព្រោះបច្ចុប្បន្នសង្កេតឃើញថា អ្នកមានភាគច្រើន បានចេញទៅព្យាបាល ឬពិនិត្យជំងឺនៅប្រទេសជិតខាងជាដើម៕

0 comments