នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ម្ចាស់ក្រុមហ៊ុន សប្បុរសជននានា ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ សាខាកាកបាទ ក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកធ្វើយ៉ាងណាជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានឧបទ្ទវហេតុ ឬគ្រោះមហន្តរាយផ្សេងៗ និងជួយកាត់បន្ថយការលំបាកភាពងាយរងគ្រោះទាំងឡាយនៅគ្រប់ច្រកល្ហកទាំងនៅតំបន់ជិត ឬ តំបន់ឆ្ងាយដាច់ស្រយាលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានកើតឡើងនាពេលកន្លងមកនៅតាមបណ្តាលខេត្តនានា។
ទន្ទឹមនឹងនេះ លោកស្រីប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម សហពន័្ធអន្តរជាតិ និងសមាគមជាតិជាដៃគូសហប្រតិបត្តិការទាំងអស់ដែលតែងតែផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស សម្ភារៈ ថវិកា និងពង្រឹងភាពជាដៃគូជាទីពេញចិត្ត រួមជាមួយនឹងស្ថានីយ៍ទូរទស្សន៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលតែងតែចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយរាល់សកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា នារយៈពេលន្លងមក ជាពិសេសការលើកកម្ពស់ការយល់ដឹងពីសកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ហើយបានចូលរួមចំណែកយ៉ាងសកម្មធ្វើអោយកម្លាំងមនុស្សធម៌ដែលជាវប្បធម៍ចែករំលែកនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត៕


0 comments