ប៉ៃលិន៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍រំលឹកថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីគោរពវិញ្ញណក្ខន្ធ ឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត និងត្រូវរួមគ្នាទប់ស្កាត់មិនអោយរបបនេះមានលើទឹកដីកម្ពុជាលើកទី២ឡើយ។ លោកមបានថ្លែងរំលឹកបែបនេះនៅទី២០ ខែឧសភា ឆ្នាំ២០១៩នេះ នៅវត្តរតនៈសោភ័ណ ស្ថិតភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តបៃលិន មានការចូលរួមពីលោក លោកស្រី អភិបាលរង លោក លោកស្រីប្រធានអនុប្រធានមន្ទីរ អភិបាលក្រុង/ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ថ្ងៃ ២០ ឧសភា នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសប្រារព្ធទិវារំលឹកវិញ្ញណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និង ប្រជាជនកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការលះបង់ជីវិតប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងខ្លះទៀតបានបាត់បង់អាយុជីវិតដោយអយុត្តិបំផុត ក្នុងរបបប្រល័យពូជសាសន៍អាវខ្មៅ ប៉ុល ពត។
លោកក៏បានអំពាវដល់ លោក-លោកស្រី ក្នុងអង្គពិធីទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាការពារសុខសន្តិភាព កុំឲ្យជនអគតិមកញុះញង់បំផ្លាញជាដាច់ខាត ព្រោះប្រទេសកម្ពុជា ដោយសារនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍប្រទេសជាតិយើងឡើងវិញ។ លោកក៏បានស្នើសុំអង្គបោះឆ្នោតទាំងអស់នាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុង ស្រុក អាណត្តិទី៣ គឺ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក-លោកស្រីក្នុងអង្គពិធីក៏បានរៀចំពិធីសូត្រមន្តបង្សុកូលរាប់បាតព្រះសង្ឃចំនួន ៤០អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត សូមដួងវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិទាំងអស់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕


0 comments