ក្នុងបទវិភាគដ៏ល្ងង់ខ្លៅបំផុតរបស់វិទ្យុអាស៊ីសេរីថ្មីៗកន្លងទៅនេះ ត្រូវបានមជ្ឈដ្ឋាទូទៅបានចាត់ទុកថា ការផ្សព្វផ្សាយរបស់វិទ្យុឧទ្ទាមក្រៅច្បាប់មួយនេះ បានផ្សាយខុសពីការពិតនៃប្រវត្តិសាស្រ្តក្នុងចេតនាមួលបង្កាច់ និងបំភ្លៃប្រវត្តិសាស្រ្តយ៉ាងអយុត្តិធម៌ថា លោក ហ៊ុន សែន កំពុងប្រមាថប្រជាជាតិខ្មែរទាំងមូលក្នុងការណ៍ដែលលោកដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធអតីតមេដឹកបនាំវៀតណាម ឡេ ដឹកអាញ់។ លើសពីនេះទៀត លោក ហ៊ុន សែន ក៏ព្យាយាមទៅលួងលោមមេដឹកនាំវៀតណាម កុំឱ្យខឹងសម្បារកម្ពុជា រឿងងាកទៅស្និទ្ធនឹងមហាអំណាចចិនកាន់តែខ្លាំងនោះ។ ប្រជាជនកម្ពុជាទូទៅបានចាត់ទុកថា ការផ្សាយរបស់វិទ្យុអាស៊ីសេរី ពិតជាមានចេតនា មួលបង្កាច់ បំបាត់ប្រវត្តិសាស្រ្តពិត ហើយព្យាយាមញុះញង់ម្តងហើយម្តងទៀត ហើយបំផុសឱ្យមានកំហឹងមហាជន ក្នុងគោលដៅជាយុទ្ធសាស្ត្រ ដើម្បីបង្កើតឱ្យមានបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ តើហេតុអ្វីបានជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញណក្ខន្ធសព លោក ឡេ ដឹកអាញ់? ហេតុអ្វីប្រជាជនកម្ពុជាត្រូវចងចាំថ្ងៃប្រាំពីរ មករា ឆ្នាំ១៩៧៩?
ពាក្យខ្មែរតែងពោលថា ផឹកទឹក ត្រូវនឹកដល់ប្រភព ហើយការសម្តែងភាពកតញ្ញូ និងការដឹងគុណ គឺជាទង្វើប្រតិបត្តិធម្មតា តាមទំនៀមទម្លាប់ដ៏ល្អរបស់ប្រជាជនកម្ពុជា។ ការរំដោះប្រជាជនកម្ពុជាទាំងមូលចេញពីរបបកាប់សម្លាប់ បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ បានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលបាននឹឃើញនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារីដ៏ក្លាហាននៃកងកម្លាំងសាមគ្គីសង្រ្គោះជាតិកម្ពុជា ពិសេស កងទ័ពស្ម័គ្រចិត្តរបស់ប្រជាជនវៀតណាម ដែលបានជួយរំដោះប្រជាជន និងជាតិកម្ពុជាទាំងមូលឱ្យគេចផុតពីការកាប់សម្លាប់ និងទទួលបានសេរីភាពរស់នៅក្នុងភាពថ្លៃថ្នូរក្នុងនាមជាមនុស្សឡើងវិញ។
ជាការពិត នេះពិតជាសច្ចភាពប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូលមិនអាចបំភ្លេចបានឡើយ ចំពោះគុណនៃថ្ងៃរំដោះ៧ មករា ១៩៧៩ ហើយដែលបានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលទទួលអ្វីៗទាំងអស់ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ហើយបានចងចាំ នឹកឃើញនូវគុណូបការៈ បានរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍឡើងវិញរហូតមកដល់សព្វថ្ងៃ។ សមិទ្ធផលជាប្រវត្តិសាស្រ្តទាំងនេះ ជាការពិតបានកើតចេញពីការតស៊ូ និងការលះបង់បូជាអាយុជីវិត ក្នុងបុព្វហេតុ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលក្នុងពេលកំពុងតស៊ូត្រូវបានលោក ឡេដឹក អាញ់ បានជួយឧត្ថមជ្រោមជ្រែងយ៉ាងខ្លាំង ហើយដែលពេលនោះ លោក ឡេដឹក អាញ់ ជាមេបញ្ជាការយោធាភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតណាស់ ជានិច្ចជាកាលតែងតែក្រើនរម្លឹកឱ្យបានដឹង និងចងចាំថា ¬ផឹកទឹកត្រូវនឹកដល់ប្រភពទឹក។ ក្នុងន័យនេះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ថា ក្នុងគ្រាដ៏លំបាក និងមហាគ្រោះថ្នាក់បំផុតប្រជាជន និងប្រជាជាតិកម្ពុជា ដែលពួកគាត់ម្នាក់ៗ ក្នុងគ្រានោះតែងតែបានបួងសួងសុំឱ្យមានការរំដោះពីការកាប់សម្លាប់របស់របបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបប្រល័យពូជសាសន៍ដ៏ឃោឃៅបំផុត។
គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោក ឡេដឹក អាញ់ ក្នុងកិច្ចជូនដំណើរជាលើកចុងក្រោយនៃវិញ្ញាណក្ខន្ធរបស់លោក គឺពិតបានបង្ហាញឱ្យ ឃើញនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជាចំពោះលោក ឡេដឹក អាញ់ និងកងទ័ពស្ម័គចិត្តវៀតណាមដែលបានបូជាលះបង់ជីវិតដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយដែលបានរួមចំណែកជួយទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបដ៏ឃោឃៅមួយនេះ។ ជាការពិត ប្រសិនគ្មានការរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នាពេលនោះទេ ប្រាកដណាស់ប្រជាជនកម្ពុជានឹងអាចទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ។
វាជាភ័ព្វសំណាងដែលប្រជាជនកម្ពុជាទាំងមូលទទួលបានសុខសន្តិភាព កសាងប្រជាជាតិមួយ ជារដ្ឋឯករាជ្យ អធិបតេយ្យ ក្នុងដែនបូរណភាពទឹកដីរបស់ខ្លួនដ៏រឹងមាំ។ ហើយប្រទេសកម្ពុជាពិតណាស់បានអនុវត្តគោលនយោបាយការបរទេសសន្តិសហវិជ្ជមាន បង្កើនមិត្ត មិនបង្កើនសត្រូវ គឺកម្ពុជារួមរស់ក្នុងកិច្ចសហប្រត្តិបតិការលើគ្រប់វិស័យជាមួយបណ្តាប្រទេសនានាក្នុងសកលលោក។
ដូច្នេះ ការផ្សាយរបស់វិទ្យុអាស៊ីសេរីមិនបានឆ្លុះបញ្ចាំងឱ្យឃើញនូវការពិតក្នុងប្រវត្តិសាស្រ្ត ដែលប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូលត្រូវបានរំដោះក្នុងថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ឡើយ។ ហើយការផ្សាយរបស់វិទ្យុគាំទ្រពួកឧទ្ទាមក្រៅច្បាប់នេះ ពិតជាមានចេតនាដ៏ទុច្ចរិតបំផុត ដើម្បីមួលបង្កាច់ការពិតក្នុងប្រវត្តិសាស្រ្តក្នុងគោលបំណងដើម្បីបង្កើតឱ្យមានរបកគំហឹងក្នុងយុទ្ធសាស្រ្តនាំឆ្ពោះទៅផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ផ្ទុយទៅវិញ ការអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធសពលោក ឡេដឹក អាញ់ គឺពិតជាបានបង្ហាញនូវភាពកត្តញ្ញូ និងការដឹងគុណរបស់ប្រជាជនកម្ពុជាចំពោះលោក ឡេដឹក អាញ់ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពាក្យខ្មែរយើងតែងពោលថា ផឹកទឹកត្រូវនឹកដល់ប្រភព ពោលគឺប្រជាជនកម្ពុជាត្រូវចងចាំ នឹកឃើញជានិច្ចនូវគុណនៃថ្ងៃរំដោះនេះតែម្តង។ ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃ៧ មករា ជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវភាពកត្តញ្ញូ និងការដឹងគុណនៃថ្ងៃរំដោះនេះជាដរាប៕
ដោយ៖ ឡុង បូរិតា
0 comments