នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នៅសល់តែ៧ ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់។ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយមួយចំនួនបានធ្វើដំណើរដោយទឹកមុខរីករាយឆ្ពោះទៅកាន់ស្រុកកំណើតជាបណ្តើរៗហើយដើម្បីជួបជុំក្រុមគ្រួសារត្រៀមចូលឆ្នាំថ្មី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ ជាពិសេ សនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមម្ចាស់រថយន្តតាក់ស៊ី កុំតម្លើងថ្លៃជិះរថយន្ត និងម្ចាស់សណ្ឋាគារ ផ្ទះ សំណាក់ សូមកុំតម្លើងថ្លៃស្នាក់នៅ ដើម្បីបងប្អូនមាន ឱកាសបានធ្វើដំណើរងាយស្រួលនិងសន្សំបានថវិកាខ្លះៗសម្រាប់ចាយវាយនិងធ្វើបុណ្យនៅក្នុងឱកាសថ្ងៃចូលឆ្នំាថ្មី ហើយយើងក៏បានសប្បាយរីករាយទាំងអស់គ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ១២ -១៨ មេសា សាលាក្រុងភ្នំពេញនឹងរៀបចំឡានក្រុង ១២០ គ្រឿងផ្តល់សេវាដឹកជញ្ជូនបងប្អូន និងកូនក្មួយដោយមិនគិតថ្លៃជិះឡើយ។ សូមទាក់ទងលេខ 081-817-474, 078-817-474, 098-555-581 ដើម្បីដឹងពីព័ត៌មានសេវារថយន្តក្រុង - ជិះ FREE។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រៀបចំពង្រឹងសណ្តាបធ្នាប់ការ ពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអោយបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ សូមបើកបរដោយប្រុងប្រយ័ត្ន និងយោគយល់ អធ្យាស្រ័យអោយគ្នា ទៅវិញទៅមកគោរពច្បាប់ដើម្បីសុវត្ថិភាពទាំងអស់គ្នាផងដែរ៕
0 comments