Monday, March 18, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វៀតណាម និងថៃ ក៏ជួបបញ្ហាអគ្គិសនីដែរខណៈកម្ពុជាស្នើសុំជួយការផ្គត់ផ្គង់បន្ថែម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាបានស្នើសុំការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមពីប្រទេសវៀតណាម និងថៃ ប៉ុន្តែប្រទេសទាំងនេះក៏ជួបប្រទះបញ្ហាកង្វះខាតអគ្គិសនីដូចកម្ពុជាដែរ ហើយលោកនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ចំពោះបញ្ហានេះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនីនេះបានវាយតម្លៃខុស ដោយសារតែកំណើននៃការប្រើប្រាស់កើនហួសលើសពីការរំពឹងទុក។ ទោះបីជាយ៉ាងណាក៏ដោយ លោក បានអះអាងថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនីរហូតដល់ជាង ១ពាន់មេហ្គាវ៉ាត់ទៀតឯណោះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងផងដែរពីកង្វះខាតទឹកប្រើប្រាស់។ ក្នុងន័យនេះ លោកបានប្រាប់ឱ្យស្ថាប័ននានា ត្រូវចេះកម្រិតក្នុងការបើកម៉ាស៊ីនត្រជាក់ ព្រោះវាអាចកាត់បន្ថយនៃការប្រើប្រាស់អគ្គិសនីបានមួយកម្រិតផងដែរ។ លោកបានមានប្រសាសន៍ថា បញ្ហាកង្វះទឹកនេះ ប្រទេសថៃក៏បានធ្លាប់ជួបប្រទះផងដែរ រហូតមានការកម្រិតឱ្យមានការប្រើប្រាស់ទឹកទៀតផង។ លោក បានថ្លែងថា កង្វះទឹក កង្វះថាមពលអគ្គិសនីនេះ មិនមែនជាគ្រោះមហន្តរាយរហូតដល់គ្រប់គ្រងមិនបាននោះទេ។ សូមបញ្ជាក់ដែរថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុង ខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។ បើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹក ទុកទប់ទល់នឹងគ្រោះរាំងស្ងួត បានបញ្ជាក់ថា ឥទ្ធិពលអែលណូនីនេះក៏នឹងធ្វើឱ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ។ តាមរយៈសារាចរនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវវិធានការ សំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ រួមមាន៖ ១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។ ២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។ ៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...