Tuesday, February 19, 2019

ទស្សនវិភាគ៖ តើលោក អារិន ឆ្វាតចេស ថ្លែងក្នុងនាមទូតនៅភ្នំពេញឬក្នុងនាមរដ្ឋបាលអាមេរិកាំង?

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក អារិន ឆ្វាតចេស (Arend Zwartjes) ប្រាប់ឱ្យអាស៊ីសេរីដឹងកាលថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អំពីសេចក្ដីប្រកាសរបស់ស្ថានទូតដែលមានពីរចំណុចជាសំខាន់ ដែលជំរុញឱ្យសហរដ្ឋអាមេរិកលូកដៃអន្តរាគមន៍ក្នុងរឿងរកយុត្តិធម៌ដល់លោក កឹម សុខា។ ទី១ មកពីអាមេរិកជាប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទី២ មកពីកម្ពុជាខ្លួនឯងដែលជាអ្នកទាញភ្ជាប់ករណីលោក កឹម សុខា ទៅនឹងសហរដ្ឋអាមេរិក។ ទីបំផុត ការព្យាយាមរបស់មន្រ្តីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីភ្ជាប់ខ្លួនទៅនឹងករណីរបស់លោក កឹម សុខា ក្នុងរឿងរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជាក្នុងអំឡុងឆ្នាំ២០១៣ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិកពិតជាឳរបស់ កឹម សុខា យ៉ាងប្រាកដ។ ប្រសិនបើដូច្នេះ តើលោក អារិន ឆ្វាតចេស បានថ្លែងក្នុងនាមទូត ឬ ក្នុងនាមរដ្ឋាភិបាលអាមេរិកកាំង? ក្នុងទំនាក់ទំនងការទូត កម្ពុជាបង្កើនមិត្ត មិនបង្កើនសត្រូវ ហើយកម្ពុជាបានអនុវត្តគោលនយោបាយអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធឡើយ។ ការលើកហេតុផលរបស់លោក អារិន ឆ្វាតចេស ដើម្បីភ្ជាប់អាមេរិកទៅនឹងករណីរបស់លោក កឹម សុខា គឺជាការយល់ខុសទាំងស្រុង ហើយក៏ជាទង្វើផ្ទុយនឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស១៩៩១ ដែលបានតម្រូវឱ្យភាគីចុះហត្ថលេខីទាំងអស់ត្រូវគោរពឯករាជ្យ អធិបតេយ្យ និងបូរណៈភាពទឹកដីកម្ពុជាដាច់ខាត។ វាមានការមន្ទិលសង្ស័យច្រើនជុំវិញការលើកឡើងរបស់លោក អារិន ឆ្វាតចេស តើលោក អារិន ឆ្វាតចេស ពិតជាបានបំពេញវិជ្ជាជីវៈខាងការងារទូតបានត្រឹមត្រូវតាមអនុសញ្ញាស្តីពីទំនាក់ទំនងការទូតទីក្រុងវីយ៉េនឆ្នាំ១៩៦១ ឬដែរទេ? ពិភពលោកមិនមែនជាពិភពលោកឯកប៉ូលនោះទេ ក៏ប៉ុន្តែវាបានវិវត្តមកជាពិភពលោកពហុប៉ូល។ ក្នុងបរិបទនេះ ប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់នូវនយោបាយការបរទេសរបស់ខ្លួន គឺអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមាន កម្ពុជាបានធ្វើមិត្តជាមួយបណ្តាប្រទេសទាំងអស់ក្នុងសកលលោក មិនយកប្រទេសណាមួយធ្វើជាសត្រូវឡើយ។ ទំនាក់ទំនងរបស់កម្ពុជាមួយបណ្តាប្រទេសទាំងអស់ ត្រូវឈរលើគោលការណ៍ស្មើភាព និងស្មើសិទ្ធិនៅក្នុងស្មារតីឯករាជ្យភាព និងអធិបតេយ្យជាតិរបស់ខ្លួន។ ដូច្នេះ លោក អារិន ឆ្វាតចេស ត្រូវអនុវត្តវិជ្ជាជីវៈខាងការងារទូតឱ្យបានត្រឹមត្រូវដូចមានចែងក្នុងអនុសញ្ញាទីក្រុងវីយ៉េនឆ្នាំ១៩៦១ ហើយក៏ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ផងដែរ ដែលបានតម្រូវឱ្យប្រទេសហត្ថលេខីទាំងអស់ ត្រូវគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ផ្ទុយទៅវិញ ក្នុងរយៈពេលថ្មីៗនេះ ទង្វើរបស់មន្រ្តីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជារូបនេះ បានបង្ហាញនូវចរិតក្រអឺតក្រទម តាំងខ្លួនជាចៅហ្វាយនាយកម្ពុជា រំលោភទាំងកម្រោលលើគោលការណ៍ការទូត បង្គាប់បញ្ជាមកលើកម្ពុជា អំពីករណីរបស់លោក កឹម សុខា ដោយបានធ្វើបូរេវិនិច្ឆ័យអំពីទោសឬគ្មានទោសរបស់លោក កឹម សុខា ដែលជាករណីកំពុងស្ថិតក្នុងកិច្ចដំណើការនៃនីតិវិធីរបស់តុលាការដែលជាស្ថាប័នឯករាជ្យរបស់កម្ពុជា ជារដ្ឋអធិបតេយ្យ។ តាមរយៈសារដ៏ក្រអឺតក្រទមរបស់លោក អារិន ឆ្វាតចេស កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពិតជាបានបង្ហាញនូវការទូតដ៏អាក្រក់ ក្នុងភាពគ្មានវិជ្ជាជីវៈការទូត ផ្ទុយទៅនឹងអនុសញ្ញាទីក្រុងវីយ៉េន ឆ្នាំ១៩៦១ ដែលហាមប្រាមការជ្រៀជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យដែលខ្លួនកំពុងភ្ជាប់ទំនាក់ទំនងការទូត។ ក្នុងន័យនេះ ការបញ្ជេញសាររបស់លោក អារិន ឆ្វាតចេស ពិតជា មានចេតអាក្រក់ក្នុងការងារទូតដ៏គឃ្លើនចំពោះកម្ពុជាដែលជារដ្ឋអធិបតេយ្យយ៉ាងប្រាកដ។ តើអាមេរិកពិតជាឪរបស់លោក កឹម សុខាឬទេ? តើលោក អារិន ឆ្វាតចេស អាចបញ្ជាក់បានឬទេអំពីភាពត្រឹមត្រូវទាំងឡាយដែលលោក កឹម សុខា ខ្លួនឯងបានឆ្លើយដាក់អាមេរិក ដូចដែលវីឌីអូខ្លីបមួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយដោយ CBN របស់អូស្រ្តាលីក្នុងឆ្នាំ២០១៣ កន្លងទៅដែលបានបញ្ជាក់ច្បាស់ថា អាមេរិកជាគ្រូរៀបចំយុទ្ធសាស្រ្តឱ្យលោក កឹម សុខា និងទណ្ឌិត សម រង្ស៊ី ដូចដែលលោក កឹម សុខាបានលើកឡើងយ៉ាងច្បាស់ថា អាមេរិកនៅពីក្រោយ កឹម សុខា និង សម រង្ស៊ី ក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា? នៅឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលី កឹម សុខា បានថ្លែងថា «តាំងពីឆ្នាំ១៩៩៣ ដែលខ្ញុំជាប់ជាតំណាងរាស្ត្រដំបូង អាមេរិកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ក្នុងនាមអ្នកនយោបាយខ្មែរក្នុងប្រទេស ដើម្បីឱ្យយល់ពីដំណើរការប្រជាធិបតេយ្យ គេហៅខ្ញុំមួយឆ្នាំម្តងៗ ឱ្យខ្ញុំទៅអាមេរិកតាំងពីឆ្នាំ១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថាដើម្បីឱ្យកម្ពុជាមានការផ្លាស់ប្តូរនោះ គេត្រូវឱ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយដំណាក់សិន ខ្ញុំក៏បានលាឈប់ពីនយោបាយ ពីគណបក្សនយោបាយដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ តើគេឱ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរថ្នាក់ដឹកនាំ យើងមិនអាចទៅជល់ខាងលើបានទេ មុននឹងប្តូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្ររបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ។ ហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះ គេឱ្យខ្ញុំយកម៉ូឌែលតាមប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិចបាននោះ មីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបាន ដោយសារតែគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ហ្នឹងមកឱ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មាននរណាដឹងទេ។ ខ្ញុំអត់មានបានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាដែលអាមេរិកាំងគេជួលមក ដើម្បីធ្វើការផ្តល់មតិឱ្យខ្ញុំរបៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំ ហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹង ហើយយុទ្ធសាស្ត្រប៉ុណ្ណឹងហើយ បើមិនជោគជ័យទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទៀតទេ»។ ហើយសកម្មភាពទាំងនេះ ក្រោយមកត្រូវបានបញ្ជាក់ដោយទណ្ឌិត សម រង្ស៊ី ដែលថាខ្លួនក៏ជាមេចលនាបដិវត្តន៍ពណ៌មួយរូបដែរ។ លើសពីនេះ ភស្តុតាងដែលលោក គង់ គាំ បានឆ្លើយប្រាប់តុលាការក្នុងនាមជាសាក្សីក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា ក៏បានបញ្ជាក់ថាអតីតគណបក្សសង្គ្រោះជាតិបានប្រើប្រាស់បដិវត្តន៍ពណ៌ ដើម្បីឡើងក្តាប់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ ប៉ុន្តែ ចៃដន្យផែនការបដិវត្តន៍ពណ៌នេះ ត្រូវបានកម្ទេចចោលដោយរដ្ឋាភិបាលយ៉ាងទាន់ពេលវេលា ហើយមេក្លោងធំអនុវត្តផែនការទុច្ចរិតនេះក៏ត្រូវបានវៃខ្នោះបញ្ចូលគុក។ ដូច្នេះ ភស្តុតាងពិតជាមានគ្រប់គ្រាន់ ទើបច្បាប់កម្ពុជាចាប់ជនក្បត់ជាតិ កឹម សុខា ទាំងកណ្តាលអាធ្រាត ពីព្រោះបើទុកបុគ្គលនេះឱ្យមានសេរីភាព នោះបុគ្គលនេះនឹងបន្តអនុវត្តផែនការតាមចៅហ្វាយនាយបរទេសរបស់ខ្លួន។ តើមន្ត្រីស្ថានទូតអាមេរិកពិតជាឈឺចាប់ណាស់ទៅឬដែលឃើញកូនជឹងរបស់ខ្លួនត្រូវបានចាប់ខ្លួន និងឃុំខ្លួន ដោយសារសំណុំរឿងឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ? ជាការពិត អាមេរិកក្នុងនាមជាម៉ែឪរបស់បក្សប្រឆាំង ជាពិសេសអាណាព្យាបាលនយោបាយរបស់ កឹម សុខា ពិតជាមិនសុខចិត្តឡើយពេលឃើញកូនជឹងខ្លួនរបស់ខ្លួនត្រូវជាប់ក្នុងឃុំ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ តើលោក អារិន ឆ្វាតចេស ថ្លែងក្នុងនាមទូតនៅភ្នំពេញ ឬក្នុងនាមរដ្ឋាភិបាលអាមេរិកាំង? ពីព្រោះ ករណីរបស់លោក កឹម សុខា គឺជាការអនុវត្តច្បាប់កម្ពុជា ហើយតុលាការកម្ពុជាកំពុងអនុវត្តតាមនីតិវិធីតុលាការកម្ពុជាដែលជាស្ថាប័នឯករាជ្យ។ ដោយ៖ ឡុង បូរិតា
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...