Tuesday, January 8, 2019

ថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងចុះជួបកម្មករសម្រាប់ឆ្នាំថ្មី ចំនួនជាង២ម៉ឺននាក់នៅខេត្តតាកែវ

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ស្អែកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងបើកបេសកកម្មចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសម្រាប់ឆ្នាំ២០១៩។ បេសកកម្មលើកដំបូងសម្រាប់ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញជួបកម្មករ កម្មការិនីសរុបប្រមាណជាង២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។ ជំនួបសំណេះសំណាលនៅថ្ងៃស្អែកនេះនឹងធ្វើឡើងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ជំនួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងកម្មករ កម្មាការិនីនៅថ្ងៃស្អែក ជាជំនួបលើកទី៣ហើយសម្រាប់ខេត្តតាកែវ។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា កម្មករ កម្មារិនី ដែលជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មកពីរោងចក្រ សហគ្រាស ក្នុងស្រុកចំនួន៣ រួមមាន ស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។ រោងចក្រ សហគ្រាសទាំងនោះ កំពុងដំណើរការកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន៤, ផលិតកាបូបចំនួន១, ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន១ និងផលិតសក់សិប្បនិម្មិតចំនួន១។ លោករដ្ឋមន្ត្រី បានឲ្យដឹងថា ផលិតផលទាំងនេះសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ លោករដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានលើកបង្ហាញអំពីស្ថានភាពការងារនៅក្នុងខេត្តតាកែវ នាពេលបច្ចុប្បន្នផងដែរ។ លោក អ៊ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថានការងារសរុប ១៦៤ មានកម្មករនិយោជិត ៤៨,១៦៨នាក់ ទទួលបានប្រាក់ឈ្នួលសរុប ១៦៣លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៥១ មានកម្មករ និយោជិតចំនួន ៣៩,៩៤៣នាក់ ដែលមានប្រាក់ឈ្នួលសរុបជិត ១៣៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោករដ្ឋមន្ត្រី បានចាត់ទុកស្ថានភាពដ៏ល្អប្រសើរនៃវិស័យឧស្សាហកម្មនៅក្នុងខេត្តតាកែវនេះថា ជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ វិស័យឧស្សាហកម្មជាវិស័យដ៏ចម្បងមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសបានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើន និងធ្វើឲ្យជីវភាពរបស់ពួកគេបានល្អប្រសើរផងដែរ។ ដើម្បីធ្វើឲ្យវិស័យមួយនេះមានភាពកាន់តែល្អប្រសើរនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្រេចដាក់ចេញបេសកកម្មចុះពិនិត្យតាមរោងចក្រ សហគ្រាស និងសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។ បើតាមលោក អ៊ិត សំហេង មកដល់ត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម សរុប ៦២លើក មានកម្មករ កម្មការិនីចូលរួមសរុប ៨៩៤,៧៤៧នាក់។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០១៨កន្លងទៅ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ៣៦លើក មានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៥៩៦,១១៩នាក់។ តាមរយៈដំណើរចុះជួបជាបន្តបន្ទាប់នោះ មានបញ្ហាប្រឈមត្រូវបានដោះស្រាយ ហើយអត្ថប្រយោជន៍ជាច្រើនត្រូវបានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្រេចដាក់ចេញជាគោលការណ៍ជូនដល់កម្មករ កម្មការិនី៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...