នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានអញ្ជើញចូលរួមអបអរសាទរពិធីឆ្លងឆ្នាំសកល ២០១៨ ចូល២០១៩ នៅវិមាន ឈ្នះ ឈ្នះ ។ ពិធីអបអរសាទរ ចូលឆ្នាំសកលនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើឡើង នៅវិមាន អនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី ដែលបានបង្ហាញពីអារម្មណ៍រីករាយគ្រប់ៗគ្នា។ ពិតណាស់សម្រាប់ឆ្នាំនេះ គឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជា ដែលបានរៀបចំពិធីបុណ្យរំលឹកខួប២០ នៃនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងរយៈពេល២០ កន្លងមកនេះ។
កម្ពុជាទទួលបាននូវសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋល្អប្រសើរ កំណើនសេដ្ឋកិច្ចរីកលូតលាស់ ដែលបានប្រែក្លាយពីប្រទេសដែលមានប្រាក់ចំណូលទាបមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងនៅឆ្នាំ២០៣០ ខាងមុខនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនិងមានទិសដៅក្លាយទៅជាប្រទេសដែលមានប្រាក់ ចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅក្នុងរាត្រីនៃពិធីឆ្លងឆ្នាំសកលនេះផងដែរ គឺមានកម្មវិធីសំខាន់ៗ ជាច្រើនដូចជា ការទទួល ទានអាហារសាមគ្គី ការបង្ហាញឈុតឆាកសិល្បៈទាក់ទងទៅនឹងប្រវត្តិនៃនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានចម្រៀង និងការសម្តែងរបស់សិល្បៈករល្បីៗ។
ជាមួយគ្នានោះ នៅក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ នេះផងដែរ ក៏មានការតាំងបង្ហាញពីស្តង់ពីព័រណ៌ ទំនិញផលិតផល និងម្ហូបអាហារផ្សេងៗច្រើន ក្នុងនោះក៏មានការតាំងបង្ហាញនូវសមិទ្ធផលរីកចម្រើនក្នុងរយៈ២០ របស់ក្រសួងស្ថាប័នផ្សេងៗនៃរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស នៅក្នុងព្រឹត្តការណ៍ដ៏ធំនេះផងដែរ ក៏មានការបាញ់កាំជ្រួចដ៏អស្ចារ្យមិនធ្លាប់មានក្នុងរយៈពេល១ម៉ោង ក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខរបរ និងមានលាភសំណាងគ្រប់ៗគ្នានៅក្នុងឱកាសឆ្នាំថ្មី ២០១៩ នេះ៕


0 comments