កូនស្រីទាំង២នាក់របស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានសម្តែងនូវការឈឺចាប់ចំពោះបុគ្គលតិរច្ឆានដែលព្យាបាទឪពុករបស់ខ្លួន នេះបើយោងតាម Facebook ផ្លូវការរបស់កញ្ញា កឹម មនោវិទ្យា និង កឹម សម្មាធីតា ស្របពេលដែលសមាជិកអតីតគណបក្សប្រឆាំងនេះ បានរៀបចំសន្និសីទនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដែលគេសង្ស័យថា បង្កើតរចនាសម្ព័ន្ធក្រុមប្រឆាំងថ្មី ឬបំបែកបំបាក់ក្រុមអតីតគណបក្សសង្រ្គោះជាតិ។
កញ្ញា កឹម សម្មាធីតា កូនស្រីពៅរបស់ លោក កឹម សុខា បានសរសេរនៅលើទំព័រ Facebook របស់នាង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ថា «ប្រវត្តិសាស្រ្តនឹងកត់ត្រាទុកឈ្មោះ អ្នកដែលចូលរួមបំផ្លាញកម្លាំងតស៊ូរបស់អ្នកស្នេហាជាតិ»។ ជាមួយគ្នានេះកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា ក៏បានចែករំលែកនូវសាររបស់ប្អូននាង ហើយសរសេរថា «មិនមែនជាលើកទី១ទេ ដែលបុគ្គលតិរច្ឆាននេះព្យាបាទ លោក កឹម សុខា តែគេនឹងបន្តបរាជ័យទៀត»។ ទោះបីជាសរសេរដៀមដាមមិនចំឈ្មោះ ប៉ុន្តែសារកូនស្រីទាំងពីររបស់ លោក កឹម សុខា នេះ បានធ្វើឱ្យមហាជនជាច្រើនជឿជាក់ថា គឺជាការរិះគន់យ៉ាងចាស់ដៃទៅលើ លោក សម រង្ស៉ី និងបក្ខពួក ដែលកំពុងរៀបចំសន្និសីទនៅឯទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដើម្បីបំបែកក្រុមអតីតគណបក្សប្រឆាំង។ ប៉ុន្តែទោះជាយ៉ាងណាសន្និសីទនេះ ពុំមានការចូលរួមពីមនុស្សជំនិតរបស់លោក កឹម សុខា នោះឡើយ។
សូមបញ្ជាក់ថា លោក កឹម សុខា តាមរយៈលោក ចាន់ ចេន មេធាវី របស់លោកក៏បានប្រកាសមិនគាំទ្រ និងមិនទទួលស្គាល់ចំពោះសន្និសីទ ដែលដឹកនាំដោយលោក សម រង្ស៉ី នៅសហរដ្ឋអាមេរិកនោះទេ។ លោក ចាន់ ចេន បានបញ្ជាក់ថា «ក្រោយពីទទួលបានព័ត៌មានថា មានការរៀបចំសន្និសីទនៅសហរដ្ឋអាមេរិកហ្នឹង ហើយចំពេលដែលខ្ញុំបានចូលសួរសុខទុក្ខគាត់ (លោក កឹម សុខា) នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី២៧វិច្ឆិកា ខ្ញុំក៏បានជម្រាបគាត់អំពីរឿងនេះ។ ខ្ញុំបានសួរគាត់ថា មានបានដឹងទេ? ហើយកូនក្តីរបស់ខ្ញុំក៏បានជម្រាបប្រាប់មកវិញ គាត់អត់បានដឹងឮអ្វីទាំងអស់ ហើយក៏អត់គាំទ្រសកម្មភាពហ្នឹងដែរ»៕
ប្រភព៖ Fresh News


0 comments