Sunday, December 16, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែងថា ត្រូវរក្សាឱ្យបានសមុទ្របៃតង និងកិត្តិនាមជាតារារះនៅភាគនិរតី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីបុណ្យសមុទ្រ បានបញ្ជាឲ្យឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដោយមិនត្រូវឲ្យមានការបង្ហូរទឹកកខ្វក់ ចូលក្នុងសមុទ្រជាដាច់ខាត និងខិតខំការពារឆ្នេរ ការពារព្រៃ ការពារបរិស្ថានធម្មជាតិ និងពន្លឿនការកសាងកន្លែង ចម្រោះទឹកកខ្វក់ ដោយមុនដំបូងគឺត្រូវខិតខំពន្លឿននៅខេត្តព្រះសីហនុ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនោះ ក្នុងឱកាសដែលលោក និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដែលប្រព្រឹត្តទៅនៅក្នុងខេត្តកោះកុង។ លោកនាយករដ្ឋមន្ដ្រី បានបន្ដថា «ខ្ញុំបានទទួលរបាយការណ៍ពីលោក ជា សុផារ៉ា ហើយអំពីទុននានាបន្ថែមដើម្បីធ្វើលូបង្ហូរទឹកនៅឯខេត្តព្រះសីហនុ ត្រូវខិតខំជំរុញការអនុវត្តគម្រោងនេះ ក៏ប៉ុន្ដែគម្រោង​​បែបនេះ គ្រាន់តែជាបណ្ដោះ​អាសន្នទេ តែយើងត្រូវធ្វើគម្រោងធំជាងនេះ ដើម្បីធានាថាទឹកកខ្វក់ទាំងអស់ មិនត្រូវបានបង្ហូរចូលទៅក្នុងសមុទ្រនៅពេល​អនាគត»។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ដ្រី ក៏បានសង្កត់ធ្ងន់ថា ត្រូវរក្សាឲ្យបានសមុទ្របៃតង និងកិត្តិនាមជាតារារះនៅភាគនិរតី និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍ បែបអេកូទេសចរណ៍ដូចតារាសាគរ ដោយមិនមានការកាប់បំផ្លាញព្រៃឈើ ហើយអេកូទេសចរណ៍មិនតម្រូវឲ្យមានការកាប់បំផ្លាញព្រៃឈើនោះទេ តែវាបានទទួលប្រយោជន៍ពីវិស័យទេសចរណ៍នេះ ច្រើនជាងវិស័យកសិកម្ម និងការពារព្រៃបានថែមទៀតផង។ សូមជម្រាបថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤កន្លែង នឹងសាងសង់ឡើងនៅតាមឆ្នេរក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ចៀសការបង្ហូរទឹកកខ្វក់ ទៅក្នុងសមុទ្រ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤ទីតាំង ដោយទី១៖ នៅឆ្នេរឯករាជ្យ, ទី២៖ នៅអូរចន្លោះក្រុមហ៊ុនសុខា, ទី៣៖ នៅអូរសំអាត និងទី៤៖ នៅឆ្នេរអូរឈើទាល ព្រមទាំងការរៀបចំបណ្តាញលូប្រវែង៩១៩ម៉ែត្រ។ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចុះសិក្សា និងវិភាគទីតាំងផ្ទាល់ ដោយបានដោះស្រាយផលប៉ះពាល់ជាមួយអ្នកពាក់ព័ន្ធ និងបានរៀបចំប្លង់ស្ថានីយ ប្លង់បណ្តាញប្រព័ន្ធទុយោបូមទឹកកខ្វក់ និងលូបេតុងមុខកាត់១ម៉ែត្រ ព្រមទាំងបានរៀបចំឯកសារបច្ចេកទេសលម្អិត ដើម្បីធានាការអនុវត្តឲ្យបានត្រឹមត្រូវ និងរលូន។ ជាមួយការសម្រេចសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ម្ចាស់សណ្ឋាគារ និងសំណង់ខ្នាតធំ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរួមចំណែកជាថវិកាសរុប ចំនួន៣,១០០,០០០(បីលានមួយរយពាន់) ដុល្លារសហរដ្ឋអាមេរិកផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...