Thursday, November 29, 2018

នៅឆ្នាំក្រោយនេះ ប្រទេសនេប៉ាល់នឹងបើកព្រលានយន្តហោះថ្មីមួយដែលអាចធ្វើការហោះហើរត្រង់មកកាន់កម្ពុជា

នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ លោក ប្រាឌីព គូម៉ា ហ្គែវ៉ាលី (Pradeep Kumar Gyawali) រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេប៉ាល់។ លោករដ្ឋមន្ត្រីការបរទេសនេប៉ាល់ បានសម្តែងនូវការរីក រាយពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា មានជួបបញ្ហាប្រឈមប្រហាក់ប្រហែល គ្នា ហើយមានមិត្តភាពជិតស្និទ្ធជាមួយគ្នា។ ទន្ទឹមនឹងនោះដែរ លោក Pradeep Kumar Gyawali បានអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទទួលជ័យ ជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកន្លងមកនេះ ព្រមទាំងបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។ លោក Pradeep Kumar Gyawali ក៏បានថ្លែង​អំណរគុណផងដែរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទទួលយកការអញ្ជើញក្នុងជំនួបនាទីក្រុងញូវយ៉កជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ មកបំពេញទស្សនកិច្ចនៅនេប៉ាល់នាពេលនេះ។ លោករដ្ឋមន្រ្តី បានរៀបរាប់ជម្រាបផងដែរអំពីដំណើរការបោះឆ្នោត និងការកសាងប្រទេសនេប៉ាល់ ហើយព្រមទាំងបានកោត​សរ​សើរចំពោះប្រទេសកម្ពុជា ដែលបានកសាងប្រទេសឡើងវិញដោយបានឆ្លងកាត់ឧបសគ្គជាច្រើន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការអញ្ជើញរូបលោកមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ហើយក៏សូមអរគុណផងដែរចំពោះការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្ស​ប្រជា​ជនកម្ពុជា ដែលអាចឲ្យលោកបន្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំកម្ពុជាបន្តទៀត។ លោក ក៏បានមានប្រសាសន៍អំពីប្រវត្តិកម្ពុជា និងនេប៉ាល់ ដែលមានភាពស្មុគស្មាញ និងមានស្ថានភាពពុំដូចគ្នាទេ ប៉ុន្តែបានឆ្លងកាត់ការលំបាកនានាស្ទើរតែដូចគ្នា។ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលប្រទេសនេប៉ាល់បានសម្រេចក្នុងការបង្រួបបង្រួមជាតិ។ កម្ពុជាបានឆ្លងកាត់នូវបទពិ​សោធន៍ជាច្រើនពីប្រទេសដែលមានការបែកបាក់ហែកហួរគ្នា មកជាប្រទេសដែលរួបរួមគ្នាជាធ្លុងមួយ ពីប្រទេសដែលមានបក្សពួកច្រើន មានការបែងចែកទឹកដី ហើយប្រយុទ្ធគ្នាឯងនៅលើទឹកដីរបស់ខ្លួន ដែលបានឆ្លងកាត់ការលំ​បាកសព្វបែបយ៉ាង។ ឥឡូវនេះ កម្ពុជាបានបង្រួប​បង្រួមជាតិឲ្យទៅជាប្រទេសមួយ មានរដ្ឋធម្មនុញ្ញមួយ មានកងទ័ពមួយ ហើយកំពុងជំរុញការអភិវឌ្ឍប្រទេសទាំង អស់គ្នា។ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានជម្រាបផងដែរថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រហែល ៧,៧% ក្នុងមួយឆ្នាំអស់រយៈពេល២០ឆ្នាំមកនេះ ហើយក៏កំពុងប្រែក្លាយពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានលើកឡើងថា ពីកម្ពុជាមកនេប៉ាល់ ពីនេប៉ាល់ទៅកម្ពុជា ក៏មិនឆ្ងាយទេ ដែលគួរតែពង្រីកកិច្ចសហប្រតិបត្តិការទៅលើអ្វីដែលជាសក្តានុពលដែលប្រទេសទាំងពីរមាន។ លោក បានបញ្ជាក់ថា ដោយសារនេប៉ាល់ មានឯកអគ្គរដ្ឋទូតនៅប្រទេសវៀតណាម ហើយថ្វាយសារតាំងនៅរាជធានីភ្នំពេញ ហើយលោកមានបំណងបញ្ជូនឯកអគ្គរដ្ឋទូតកម្ពុជា ដែលមាននិវេសនដ្ឋាននៅញូវដេលី ប្រទេសឥណ្ឌា មកកាន់នេប៉ាល់ផងដែរ។ នៅពេលមានយើងមានហិរញ្ញវត្ថុគ្រប់គ្រាន់ កម្ពុជានឹងបើកស្ថានទូតផ្លូវការនៅនេប៉ាល់តែម្តង។ លោក ក៏បានកោតសរសើរនេប៉ាល់ ដែលបានរៀបចំឲ្យមានកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨នេះ ហើយលោកនឹងចូលរួមវិភាគទានដើម្បីជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។ លោករដ្ឋមន្ត្រីការបរទេសនេប៉ាល់ ជាថ្មីម្តងទៀតបានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា និងប្រជា​ពលរដ្ឋកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសឲ្យមានការជឿនលឿន ហើយនេប៉ាល់នឹងខិតខំរិះរកវិស័យផ្សេងៗ ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដូចជា វិស័យទេសចរណ៍ ពាណិជ្ជកម្ម ដែលយើងមានសក្តានុពលច្រើនហើយដែលអាចធ្វើទៅបាន។ នៅឆ្នាំក្រោយនេះ ប្រទេសនេប៉ាល់នឹងបើកព្រលានយន្តហោះថ្មីមួយ ដែលអាចធ្វើការហោះហើរត្រង់មកកាន់កម្ពុជា ហើយពេលនោះប្រជាជននេប៉ាល់ក៏អាចធ្វើដំ​ណើរ​ទៅទស្សនកិច្ចអង្គរវត្ត រីឯពលរដ្ឋកម្ពុជាវិញក៏អាចធ្វើដំណើរមកទស្សនាកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ ប្រសូត្រនៅនេប៉ាល់ផងដែរ។ កម្ពុជា និងនេប៉ាល់ នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួនដើម្បីជំរុញកិច្ចសហ​ប្រតិបត្តិការជាច្រើនទៀតតាមដែលអាចធ្វើបាន មានដូចជាវិស័យវប្បធម៌ សាសនា ជំនឿ ហើយសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ២០១៨ នឹងបានផ្លាស់ប្តូរទស្សនៈគ្នា រួមគ្នាដោះស្រាយបញ្ហាប្រឈមនានាមានដូចជា ការប្រែប្រួលអាកាសធាតុ ភេរវកម្ម និងអំពើហិង្សាជាដើម៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...