Saturday, October 20, 2018

កម្មវិធី “ក្តីសុបិន” រៀបចំសម្រាប់កុមារ ដើម្បីបណ្តុះឆន្ទៈ សេចក្តីប៉ងប្រាថ្នា សីលធម៌ ក្តីសង្ឃឹម និងការយកចិត្តទុកដាក់ពីគ្រប់គ្នា

កម្មវិធីក្តីសុបិន ជាព្រឹត្តិការណ៍ពិសេសរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយក្រសួងបរិស្ថាន និងដៃគូរ សប្បុរសជន វិស័យឯកជនមួយចំនួន ដើម្បីលើកទឹកចិត្តដល់កុមារចំនួនជាង៦០០នាក់មកពីមណ្ឌល/អង្គការកុមារកំព្រាចំនួន 0៨ ស្ថិតនៅរាជធានីភ្នំពេញ និង អង្គការកុមារកំព្រា ចំនួន ០១ មកពីខេត្តកណ្តាល។ កម្មវិធីក្តីសុបិន្ត ប្រព្រឹត្តិឡើងចាប់ពីម៉ោង៨:០០ ដល់ម៉ោង៥:០០ល្ងាច នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ លោកស្រី តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងថា សកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតដែលសមាជិក សមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានខិតខំយកអស់កម្លំាងកាយចិត្តក្នុងការផ្តួចផ្តើមរៀបចំសម្រាប់កុមារ ជាពិសេសកុមារកំព្រា និងកុមារខ្វះទីពឹង ដើម្បីបណ្តុះឆន្ទៈ សេចក្តីប៉ងប្រាថ្នា សីលធម៌ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម ព្រមទាំងផ្តល់ការលើកទឹកចិត្ត ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីយើងទំាងអស់គ្នា។ ក្នុងឱកាសនោះដែរ លោកស្រី ឌិត នីតា ប្រធានក្រុមការងារកម្មវិធីក្តីសុបិន បានបញ្ជាក់ថា ការយល់សប្តិជាការស្រមើសម័យសម្រាប់អនាគត ដែលកុមារត្រូវរៀនសុបិន្ត ហើយត្រូវមានសុបិន្តធំ ហើយកុមារត្រូវបំពេញសកម្មភាពថែមទៀតដើម្បីគោលដៅធំនោះក្លាយជាលទ្ធផល ជៀសវាងមិនធ្វើសកម្មភាព និងប្រព្រឹត្តខុសនឹងច្បាប់ គឺដូចជារឿងចៅចាក់ស្មុក។ លោកស្រី បានបញ្ជាក់ទៀតថា កុមារនឹងទទួលបានភាពកក់ក្តៅ នៅក្នុងកម្មវិធីនេះ ហើយបានលើកទឹកចិត្តដល់កុមារទាំងអស់មានក្តីសង្ឃឹម និងខិតខំរៀនសូត្រ នៅពេលប្រទេសជាតិ កំពុងមានសន្តិភាព និងការរីកចំរើន។ លើសពីនោះ លោកស្រី ឌិត នីតា ក៏បានថ្លែងអំណរគុណ ចំពោះដៃគូដហការរៀបចំកម្មវិធីសប្បុរសជនទំាងអស់ ដែលបានចូលរួមឧបត្ថម្ភគំាទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារកម្មវិធី ក្តីសុបិន ក្នុងការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។ សូមបញ្ជាក់ថា៖ មណ្ឌល/អង្គការកុមារកំព្រាចំនួន 0៨ ស្ថិតនៅរាជធានីភ្នំពេញ និងអង្គការកុមារកំព្រា ចំនួន ០១ មកពីខេត្តកណ្តាល សរុបប្រមាណជា ៦១៦ នាក់ បានចូលរួមកមុ្មវិធី ក្តីសុបិន្ត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ កុមារម្នាក់ៗ ទទួលបានកាតាបចំនួន០១ និងសម្ភារៈសិក្សាមួយចំនួន។ កម្មវិធីក្តីសុបិនផ្តល់ឱកាសឱ្យកុមារ ចូលរួមទស្សនាស្វែងយល់ និងកម្សាន្តជាមួយនឹងការដាក់តាំងបង្ហាញពីការសិក្សា សិល្បៈ កីឡា តន្ត្រី គំនូរ វិទ្យាសាស្ត្រពិត គំនិតច្នៃប្រឌិត បច្ចេកវិទ្យាទំនើប និងការអប់រំផ្លូវចិត្តបែបព្រះពុទ្ធសាសនា ដែលកុមារអាចជួយបង្កើតក្តីសុបិនទៅថ្ងៃខាងមុខ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...