លោក ហ៊ុន ម៉ាណែតថ្លែង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលារៀនអន្តរជាតិ អាល់រ៉ូសម៉ាន ចំនួន១ខ្នង មាន២ជាន់ ១០បន្ទប់ ស្ថិតនៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី១៤ តុលា ២០១៨នេះ បានលើកឡើងដោយជឿជាក់ថា ខ្មែររួមគ្នានៅក្រោមដំបូល សុខសន្តិភាព ចង់ប្រទេសណាផ្សេងធ្វើអី ទៅមិនរួចទេ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្មែររួមគ្នានៅក្រោមដំបូលសុខសន្តិភាព ចង់ប្រទេសណាផ្សេងធ្វើអី ទៅមិនរួចទេ។ សំខាន់ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានមានប្រសាសន៍ហើយ យើងត្រូវរួមគ្នាឈរឡើងដើម្បីការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យភាពរបស់ខ្មែរយើង មិនអោនក្បាលចំពោះនរណាទាំងអស់ ហ្នឹងហើយខ្មែរយើង។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្តថា “គោលនយោបាយទាំងអស់ដែលយើងមាននៅថ្ងៃនេះគឺបានមកពីការចូលរួមប្រទេសជាមិត្ត ជាដៃគូរ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺយើងជាខ្មែរ យើងរួមគ្នាធ្វើក្រោមដំបូលសុខសន្តិភាពតែមួយ។ យើងបានបញ្ចប់សង្រ្គាមនិងកសាងប្រទេសដោយខ្មែរតែមួយ។ នេះជាស្មារតីជាតិនិយមរបស់យើង ខ្មែរដើម្បីខ្មែរទាំងអស់គ្នា។ នៅពេលដែលយើងមានសុខសន្តិភាព ស្ថេរភាពដំណើរការអភិវឌ្ឍចេះតែទៅមុខ។ ជាក់ស្ដែងតំបន់នេះ ពីមុនយើងគ្មានអីសោះ ប៉ុន្តែថ្ងៃនេះ យើងមានសមទ្ធិផលហើយ២០ទៅ៣០ ឆ្នាំទៅមុខទៀតយើងមានសមិទ្ធផលច្រើនទៀតសម្រាប់កូនចៅជំនាន់ក្រោយ ប៉ុន្តែទាល់តែយើងរួមគ្នាកសាងទៅមុខ។ ដូច្នេះយើងរួមគ្នាបន្តទៀតដើម្បីថែរក្សាសុខសន្តិភាព រួមគ្នាកសាងប្រទេសយើង ក្នុងនាមជាខ្មែរយើង រួមគ្នាការពារខ្មែរយើង”។
បើតាមលោក ហ៊ុន ម៉ាណែត “យើងបានកសាងមកដល់ថ្ងៃនេះ មិនមានន័យថាយើងមិនស្វាគមន៍មិត្តភាពជាមួយបណ្តាប្រទេសនោះទេ យើងស្វាគមន៍មិត្តទាំងអស់ដែលជាមិត្តពិតប្រាកដមិនមែនជាមិត្តក្លែងក្លាយនោះទេ។ មិត្តដែលពិតប្រាកដគឺជួយដោយចិត្តស្មោះដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ យើងទទួលដើម្បីឲ្យប្រជាពលរដ្ឋយើងមានបាន។ នេះហើយគឺជាគោលគំនិតរបស់យើង។ បើអ្នកជាមិត្តពិតប្រាកដរបស់កម្ពុជាត្រូវអោយច្បាស់ជាមួយគ្នា កុំនិយាយតែមិត្តតាពាក្យពេចន៍ នៅពីក្រោយមានរូបភាពបំផ្លាញយើង បំផ្លាញសន្តិភាព យើងអត់ទទួលទេ។ មិត្តដ៏ល្អមួយទៀតគឺជាមិត្តដែលគោរពគ្នាទៅវិញទៅមក មិត្តខ្លះអាងតែប្រទេសធំមើលងាយយើងណាស់។ វាមិនសំខាន់ថាអ្នកមានប៉ុន្មាននោះទេសំខាន់យើងធ្វើការជាមួយគ្នាត្រូវគោរពគ្នាទៅវិញទៅមក ព្រោះយើងក៏ជាប្រទេសជាតិមួយដូចគ្នា។ ខ្មែរបានកសាងប្រទេសមកដល់ថ្ងៃនេះដោយសារយើងរួមគ្នាធ្វើ។ ខ្មែរយើងសម្រេចជោគវាសនាដោយខ្លួនឯង មិនអាចឲ្យគេបង្គាប់បញ្ជាបាននោះទេ។ ប្រជាពលរដ្ឋជាង ៨០ភាគរយបានបោះឆ្នោតគាំទ្រសម្ដេចតេជោ ដឹកនាំប្រទេស។ ដូច្នេះយើងស្រាប់ប្រជាពលរដ្ឋខ្មែរយើងមិនស្តាប់បរទេសនោះទេ”។
លោក បានបន្ថែមថា “យើងជាខ្មែរ យើងចង់បានជាតិខ្មែរយើងថ្កុំថ្កើង បរទេសទទួលស្គាល់និងគោរពយើងទៅវិញទៅមក។ ដូច្នេះសម្តេចតេជោ ត្រូវដឹកនាំប្រទេសមួយដែលមានអធិបតេយ្យភាព ឯករាជ្យជាតិ កិត្តិយសជាតិមិនលល់តួជាមួយបរទេសណាមួយទេ។ យើងធ្វើយើងរួមគ្នាធ្វើ។ ខ្ញុំនិយាយនេះគឺជាមោទនភាពជាតិខ្មែររួមគ្នានៅថ្ងៃនេះ ហើយចង់ផ្ញើសារទៅអ្នកនយោបាយមួយចំនួនដែលមានសញ្ជាតិពីររស់នៅក្រៅប្រទេសដែលរត់ទៅពឹងបរទេសមកធ្វើបាបខ្មែរ ចង់ឲ្យរដ្ឋាភិបាលខ្មែរយើងលុតជង្គង់តាមគេប្រាប់ថាឆ្វេង ឆ្វេង ស្ដាំ ស្ដាំ ទៅមិនរួចទេ កុំសង្ឃឹមឲ្យសោះ។ ថ្នាក់ដឹកនាំខ្មែរដែលមានគំនិតជាតិនិយមបម្រើប្រជាពលរដ្ឋខ្មែរ អត់ បម្រើឲ្យបរទេសណានោះទេ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនសម្តេចតេជោ គឺមិនខុសទេគឺយើងធ្វើតាំងពីប្រទេសយើងនៅទន់ខ្សោយ ឥឡូវយើងរឹងមាំ ពេលចេញទៅណាគេទទួលស្គាល់ជាជាតិមួយដែលមានកិត្តិយសនិងមោទនភាព”៕



0 comments